ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ចៅក្រមញូវយ៉កម្នាក់កាលពីថ្ងៃចន្ទ ទី២៥ មេសាបានចោទអតីតប្រធានាធិបតីដូណាល់ ត្រាំថាមើលងាយតុលាការចំពោះការមិនព្រមបង្ហាញឯកសារនៅក្នុងការស៊ើបអង្កេតរដ្ឋប្បវេណីរបស់រដ្ឋអាជ្ញានៃរដ្ឋញូវយ៉កអំពីការប្រតិបត្តិអាជីវកម្មរបស់គាត់ ហើយបានបង្គាប់ឱ្យផាកពិន័យត្រាំជាប្រាក់ចំនួន ១០.០០០ ដុល្លារក្នុងមួយថ្ងៃរហូតដល់គាត់ធ្វើតាមបង្គាប់។
លោកត្រាំបានបាត់បង់ការប្រឹងប្រែងដើម្បីទាត់ចោលដីកាពីអគ្គរដ្ឋអាជ្ញា ឡេទីធ្យា ជែមស៍ (Letitia James) ហើយបន្ទាប់មកបានខកខានក្នុងការបង្ហាញឯកសារទាំងអស់តាមកាលបរិច្ឆេទកំណត់ដោយតុលាការនៅថ្ងៃទី ០៣ ខែមីនា ដែលក្រោយមកបានពន្យារពេលដល់ថ្ងៃទី ៣១ ខែមីនា តាមសំណើរបស់មេធាវីរបស់គាត់។
ចៅក្រម អាធឺ អេនហ្គោរ៉ុន (Arthur Engoron) បានសម្រេចថា ការរកឃើញអំពីការមើលងាយតុលាការគឺសមរម្យដោយសារតែអ្វីដែលចៅក្រមហៅថា “ខកខានម្តងហើយម្តងទៀត”ក្នុងការប្រគល់ឯកសារហើយដោយសារតែមិនមានភាពច្បាស់លាស់ថាតើត្រាំស្វះស្វែងរកឯកសារឆ្លើយតបពេញលេញឬអត់។
ចៅក្រមបាននិយាយថា “លោកត្រាំ…ខ្ញុំដឹងថាលោកយកចិត្តទុកដាក់ខ្លាំងលើអាជីវកម្មរបស់លោក ហើយខ្ញុំក៏យកចិត្តទុកដាក់ខ្លាំងលើកិច្ចការរបស់ខ្ញុំដែរ។ខ្ញុំចោទលោកពីបទមើលងាយតុលាការរដ្ឋប្បវេណី” ទោះបីជាត្រាំខ្លួនឯងមិនបានស្ថិតនៅក្នុងបន្ទប់សវនាការក៏ដោយ។
មេធាវីរបស់គាត់ គឺលោកស្រី អាលីណា ហាបបា (Alina Habba) បាននិយាយថា ត្រាំមានបំណងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចអំពីការមើលងាយតុលាការ។ លោកស្រីហាបបាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមិនយល់ស្របចំពោះការសម្រេចចិត្តរបស់តុលាការទេ”។
ប្រសិនបើត្រាំខកខានមិនបានបង់ប្រាក់ពិន័យ គាត់អាចជាប់គុក នេះបើយោងតាមលោកស្រី សារ៉ា គ្រីសសូហ្វ (Sarah Krissoff) ជាមេធាវីនៅញូវយ៉ក ដែលមិនពាក់ព័ន្ធនឹងករណីនេះប៉ុន្តែលោកស្រីនិយាយថា សេណារីយ៉ូបែបនេះមិនទំនងកើតឡើងទេ ហើយចៅក្រមអាចជ្រើសរើសមធ្យោបាយដោះស្រាយផ្សេងទៀត ដូចជាការបង្កើនចំនួនប្រាក់ផាកពិន័យ៕
ត្រាំនឹងត្រូវផាកមួយថ្ងៃ១ម៉ឺនដុល្លារបើមិនព្រមដាក់ឯកសារទៅអ្នកស៊ើបអង្កេត