ដោយៈ សុផល / ព្រះសីហនុ​: គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ សម្រេច​វឌ្ឍនភាព​ការងារ បាន ៩០,៩៥% ហើយ​គិត​ត្រឹម​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០២២ ហើយ​ត្រៀម​នឹង​បញ្ចប់​ដាក់ ឱ្យប្រើ​ប្រាស់​សាកល្បង នៅ​ខែកក្កដា ឆ្នាំ​២០២២ ខាងមុខ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ ក្នុង​ពេលវេលា​សមស្រប ក្រោម​អធិបតីភាព​ដ៏ ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នេះ​បើតាម​ការឱ្យ​ដឹង​របស់​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណ ការ និង​ដឹកជញ្ជូន ពេល​ដឹកនាំ​ក្រុមយុវជន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​និស្សិត នៃ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​សរុប​ប្រមាណ ៣០០ នាក់ ធ្វើ​ទស្សនកិច្ច​សិក្សា ស្វែងយល់​ពី​ការងារ​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ នៅ​ថ្ងៃទី​២៦ ខែមេសា នេះ ។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បន្តថាៈ ផ្លូវ​នេះ នឹងចូលរួម​ចំណែក ក្នុង​ការជំរុញឱ្យ​ប៉ូល​សេដ្ឋកិច្ច ភ្នំពេញ និង​ប៉ូល​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ មានការ​រីកចម្រើន​លឿន ជាង​ធម្មតា ដោយសារ​ការធ្វើដំណើរ​ឆាប់រហ័ស កាត់បន្ថយ​ចំណាយ កាត់បន្ថយ​ពេលវេលា និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នៅលើ​ផ្លូវជាតិ​លេខ​៤ និង​បាន​បន្ថែមថា រាជរដ្ឋាភិបាល កំពុង​សិក្សា​ធ្វើ​ផែនការមេ ដើម្បីឱ្យ​ខេត្ត​ព្រះសីហនុ ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស ពហុ​បំណង ហើយ​ផ្លូវ​ល្បឿន​លឿន​នេះ នឹងចូលរួម​បម្រើ​ផែនការ​មេនេះ ក្នុងការ​ទាក់ទាញ វិនិយោគិន​ជាតិ និង​អន្តរជាតិ បន្ថែមទៀត​។​

​សូម​ជម្រាបជូន​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ មាន​ប្រវែង ១៨៧,០៥ គីឡូម៉ែត្រ និង​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៩ ។ គិត​ត្រឹម​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២​នេះ ដំណើរការ​នៃ​ការដ្ឋាន​សាងសង់ គឺ​ស្ថិតក្នុង ដំណាក់កាល នៃ​ការសាងសង់​បញ្ចប់ ហើយនឹង​គ្រោង​បញ្ចប់ នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២៣ និង​គ្រោង​ដាក់ឱ្យ​ដំណើរការ​សាកល្បង នៅក្នុង​ខែកក្កដា ឆ្នាំ​២០២២ ខាងមុខ ដែល​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

​ផ្លូវ​នេះ អនុវត្ត​ការសាងសង់ ដោយ​ក្រុមហ៊ុន PPSHV Expressway Co., Ltd និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) និង​ត្រួតពិនិត្យ បច្ចេកទេស ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើ​រយៈពេល សាងសង់ ៤៨ ខែ គ្រោង​ចំណាយ​ថវិកា ប្រមាណ ២.០១៩ លាន​ដុល្លារ សហរដ្ឋអាមេរិក មាន​គន្លង​ផ្លូវ ចំនួន ៤ គន្លង ទទឹងផ្លូវ​សរុប ២៤,៥ ម៉ែត្រ មាន​ផ្លូវបំបែក​ទិស ៧ កន្លែង មាន​កន្លែង​ឈប់សម្រាក ចំនួន ៣ កន្លែង ចំណតរថយន្ត ១ កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ចំនួន ៤ កន្លែង ស្ពាន​ធំ និង​ស្ពាន​មធ្យម ចំនួន ៤០ កន្លែង ស្ពាន​តូច​ចំនួន ៥ កន្លែង ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ ប្រមាណ ៨ គីឡូម៉ែត្រ និង​ខេត្ត​ចំនួន ៤ បួន ក្នុងនោះ​៖ ខេត្តកណ្តាល ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង​១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ ប្រវែង ៨៩,៨៩ គីឡូម៉ែត្រ​។​

​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ គឺជា​គម្រោង​ផ្លូវ​ល្បឿន​លឿនទី​១ និង​ជា​គម្រោង​ផ្លូវ របៀង​យុទ្ធសាស្ត្រ​សំខាន់បំផុត នៅ​កម្ពុជា ជួយ​កាត់បន្ថយ​ពេលវេលា ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ផែ​សមុទ្រ​ក្រុងព្រះសីហនុ ពី​ចំនួន​ប្រាំ​ម៉ោង មក​ត្រឹមតែ ពីរ​ម៉ោង​ប៉ុណ្ណោះ និង​ជួយ​កាត់បន្ថយ​តម្លៃ​ភស្តុភា​រកម្ម​ផងដែរ​៕/V​