ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បាន​ជួប​ជាមួយនឹង​គណៈប្រតិភូ​វិនិយោគិន​ជប៉ុន ដែល​ដឹកនាំ​ដោយ លោក ហ្វូ​មី​អាគី តាកាហាស៊ី ( Fumiaki TAKAHASHI) ប្រធាន​សមាគមន៍​ជប៉ុន កម្ពុជា និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ឱកាស​បង្កើន ល្បឿន​អន្តរកាល​ថាមពល​ជាមួយ​វិស័យ​ឯកជន​ជប៉ុន​។

​នៅក្នុង​ជំនួប​នោះ ភាគី​ជប៉ុន​បាន​ស្វែងយល់​អំពី​តួនាទី​ភារកិច្ច និង​ការគ្រប់គ្រង វិស័យ​រ៉ែ ថាមពល និង​ប្រេងកាត​។ វិនិយោគិន​ជប៉ុន មាន​ចំណាប់អារម្មណ៍ អំពី​ការ​វឌ្ឍន​នៃ​វិស័យ​ថាមពល​នៅ​កម្ពុជា ជាពិសេស​គឺ​ការ​បង្កើនល្បឿន អន្តរកាល ថាមពល ដែលជា​ការអភិវឌ្ឍ​ថាមពល​ស្អាត ថាមពល​ដើរ​ដោយ ពន្លឺព្រះអាទិត្យ អាច​សន្សំសំចៃ​ថាមពល​បាន​ខ្ពស់ និង​មាន​អ​ព្យា​ក្រឹត្យ​កាបូន​។

​លោក​រដ្ឋមន្ត្រី បាន​ស្នើឱ្យ​សមាគមន៍​ជប៉ុន បន្ត​កៀគរ​អ្នកវិនិយោគ​បន្ថែម មក​កម្ពុជា ក្នុងនោះ​គួរ​ពិនិត្យ​បន្ថែម​លើ​ការវិនិយោគ​ក្នុង​ឧស្សាហកម្ម​រ៉ែ និង​ប្រេងកាត​។ ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល​ជប៉ុន ដែល​តែងតែ​គិតគូរ និង​ជួយ​ដល់​ការអភិវឌ្ឍ​វិស័យ​ក្រសួង ក្នុងនោះ​រួមមាន ការសិក្សា​ស្រាវជ្រាវ​សក្តានុពល​រ៉ែ ការផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ក្នុងការ​សាងសង់​រោង​ចក្រ​ថាមពល​អគ្គិសនី ការសាងសង់​ខ្សែបណ្តាញ​បញ្ជូន គ្រឿង​បរិក្ខា​អគ្គិសនី​ជាដើម​៕​/PC