ដោយៈ​ប​.​ខុន​/ ភ្នំពេញៈ​ទិន្នផល​ត្រី​នៅ​រដូវ​បើក​នេសាទ​ឆ្នាំ​២០២២ ឆ្នាំ​២០២៣ ខាងមុខ មន្ត្រី​ក្រសួងកសិកម្ម​រំពឹងថា​វា​នឹងមាន​ការកើនឡើង​មក​វិញ បន្ទាប់ពី​យុទ្ធនាការ​បង្ក្រាប​បទល្មើស​នេសាទ​បានធ្វើ​ឡើង​នៅ​គ្រប់​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ដោយ​ទទួលបាន​លទ្ធផល​ល្អ​និង​នៅតែ​បន្ត​បង្ក្រាប​ដូច​ភ្លៀងរលឹម​ក្រោយពី​ជិៈ​សេះ​លែងដៃ​ជាច្រើន​ឆ្នាំ​រួចមក​។​

​លោក ណៅ ធួ​ក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០២២​ថា ផល​ត្រី​បឹង ទន្លេសាប​មានការ​ថយចុះ​ខ្លាំង​ដោយសារ​កន្លងទៅរ​មាន​បទល្មើស​ច្រើន តែ​នៅក្នុង​រដូវ​បើក​នេសាទ​ឆ្នាំ​២០២២​ឆ្នាំ​២០២៣​ខាងមុខ​អាច​នឹង​កើនឡើង​មកវិញ បន្ទាប់ពី​ក្រុមចម្រុះ​នៅ​គ្រប់​ខេត្ត ជុំវិញ​បឹង​ទន្លេសាប​ចុះ​ធ្វើការ​បង្ក្រាប បទល្មើស​នេសាទ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​ហើយ​និង​នៅ​បន្តធ្វើ​ដូច​ភ្លៀងរលឹម​ព្រម​ពេល​ជាមួយគ្នា​នឹង​ទឹក​នៅ​បឹង ទន្លេសាប ក្នុង​រដូវប្រាំង​ឆ្នាំនេះ​នៅ​ខ្ពស់ជាង​ឆ្នាំមុន​ដល់​ទៅ​កន្លះ​ម៉ែត្រ អំណោយផល​ល្អ​ដល់ ជម្រក​ត្រី​ពង​កូន ។ ទោះបី​កំណើន​ត្រី​មិនអាច​វិល​ទៅរក​ភាព​ដើម​វិញ​ក្តី តែ​នៅ​ឆ្នាំ​ខាងមុខ​ទិន្នផល​ត្រី​ក្នុង​បឹង​ជង្រុក​ត្រី​នេះ​នឹងមាន​ការកើនឡើង​វិញ​។​
​លោក​ណៅ ធួ​ក បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​បែបនេះ​បន្ទាប់ពី​លោក​បាន​វិល ត្រឡប់​មកពី​សួរសុខទុក្ខ​កងកម្លាំង​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​បឹង​ទន្លេសាប ភូមិសាស្ត្រ​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២២​រួចមក​។​

​តាម​របាយការណ៍​រប​ស់​ក្រុមការងារ​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ខេត្តសៀមរាប​បង្ហាញ​ឲ្យ​ឃើញថា​នៅក្នុង​ខែមេសា​គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​២៤ នេះ​ក្រុម សមត្ថកិច្ច​ចម្រុះ​ដែលមាន​កម្លាំង​រដ្ឋបាល​ជលផល​ខេត្តសៀមរាប កងកម្លាំង​នគរបាល​និង​កង​ម្លាំ​ង​អាវុធហត្ថ​ផ្ទៃ​ប្រទេស បាន​ចុះ​ធ្វើការ​បង្ក្រាប បទល្មើស​នេសាទ​បាន​ចំនួន​៦​លើក ចាប់ខ្លួន​ជនល្មើស​បាន​៤​នាក់ បញ្ជូនទៅ​តុលាការ ដកហូត​និង​បំផ្លាញចោល​នូវ​សម្ភារ​: ប្រព្រឹត្តិ​បទល្មើស បាន​មួយចំនួនធំ​។​

​ក្នុង​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា​ទន្ទឹមនឹង​ការបង្ក្រាប ពិនិត្យឃើញ​បទល្មើស នេសាទ​មានការ​ថយចុះ ប្រជា​នេសាទ​មួយចំនួនធំ​មានការ​យល់​អំពី​ការប្រើ ប្រាស់​ឧបករណ៍​នេសាទ​ត្រឹមត្រូវ​តាមច្បាប់​៕​/PC