ប្រែសម្រួលៈបំណង(NYTIMES)៖រដ្ឋមន្ត្រីការពារជាតិអង់គ្លេសបេន វ៉ាល់ឡេស(Ben Wallace)បានប្រាប់សភាកាលពីថ្ងៃចន្ទទី២៥មេសាថាទាហានរុស្ស៊ីប្រមាណ១៥.០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលចាប់ផ្តើមសង្គ្រាមនៅអ៊ុយក្រែន។
ការប៉ាន់ស្មាននេះផ្អែកលើការវាយតំលៃរបស់ក្រសួងការពារជាតិអង់គ្លេស បន្ថែមលើការវាយតំលៃរបស់មន្ត្រីអង្គការណាតូកាលពីមួយខែមុនដែលថា រដ្ឋាភិបាលទីក្រុងមូស្គូបាត់បង់ទាហានពី៧.០០០ទៅ១៥.០០០នាក់។ទោះជាយ៉ាងណាវានៅទាបជាងឆ្ងាយពីការអះអាងរបស់រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃចន្ទដែលថា ទាហានរុស្ស៊ីប្រមាណ២១.៩០០ត្រូវបានសម្លាប់។
ក្រសួងការពារជាតិអង់គ្លេសក៏បានវាយតំលៃថា រុស្ស៊ីបានបាត់បង់រថពាសដែកជាង២.០០០គ្រឿង រួមមានរថក្រោះយ៉ាងតិច៥៣០គ្រឿង ឧទ្ធម្ភាគចក្រនិងយន្តហោះប្រយុទ្ធជាង៦០គ្រឿងចាប់តាំងពីពេលចាប់ផ្តើមសង្ក្រាមកាលពីចុងខែកុម្ភៈ។
អង់គ្លេសអះអាងថា រុស្ស៊ីបានបាត់បង់រថពាសដែលជាង២.០០០គ្រឿង រួមមានរថក្រោះយ៉ាងតិច៥៣០គ្រឿង
ការប៉ាន់ស្មានរបស់អង់គ្លេសខ្ពស់ជាងការអះអាងរបស់រុស្ស៊ីខ្លួនឯងដល់ទៅ១១ដង។រុស្ស៊ីកាលពីថ្ងៃ២៥មីនាបានរាយការណ៍ថាទាហានខ្លួនស្លាប់តែ១.៣៥១នាក់និងមិនបានធ្វើបច្ចុប្បន្នភាពតួលេខស្លាប់ចាប់តាំងពីពេលនោះមក។
លោករដ្ឋមន្ត្រីបេន វ៉ាល់ឡេសក៏បានប្រាប់សភាថា អង់គ្លេសនឹងបង្កើនជំនួយយោធាសំរាប់អ៊ុយក្រែន ដោយផ្តល់អោយនូវរថពាសដែលបំពាក់កាំជ្រួចបាញ់យន្តហោះធុនស្តមមឺ(Stormer)។
រថពាសដែកStormerទម្ងន់១៣,៥តោននេះបំពាក់កាំជ្រួចបាញ់យន្តហោះដែលអាចប្រតិបត្តិការទាំងថ្ងៃទាំងយប់និងបើក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង។វាបំពាក់កាំជ្រួចស្តាស្ត្រេក(Starstreak)ចំនួនប្រាំបីគ្រាប់ ដោយកាំជ្រួចមួយៗបំពាក់ក្បាលគ្រាប់បញ្ជានាំផ្លូវដោយឡាស៊ែរហើយបំបែកជាបី ដើម្បីកំទេចគោលដៅណាមួយអោយសុះខ្ទេច។
លោករដ្ឋមន្ត្រីបេន វ៉ាល់ឡេស បានអោយដឹងថា កាំជ្រួចStarstreakត្រូវបានកងកម្លាំងអ៊ុយក្រែនប្រើក្នុងសមរភូមិរួចហើយ ហើយការបញ្ជូនយានStormerវាកាន់តែធ្វើអោយកងកម្លាំងអ៊ុយក្រែនងាយស្រួលបាញ់កាំជ្រួចទម្លាក់យន្តហោះរុស្ស៊ីថែមទៀត៕
រថពាសដែកStormerទបំពាក់កាំជ្រួចស្តាស្ត្រេក នឹងត្រូវបញ្ជូនអោយកងកម្លាំងអ៊ុយក្រែន