​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ពេល​ខ្លះ​មាន​អារម្មណ៍​ថា​វា​ជា​ពិភពលោក​របស់អេ​ឡុន ម៉ាស ហើយ​យើង​មានតែ​ទ្រាំ​រស់នៅ​ក្នុង​នោះ​។​

​មហាសេដ្ឋី​ដែល​មានគំនិត​ច្នៃប្រឌិត​មិនចេះចប់​មិន​ចេះ​ហើយ​រូប​នេះ​បាន​សម្រេច​កិច្ចព្រមព្រៀង​ទិញយក Twitter ដោយ​ផ្តល់ឱ្យ​គាត់​នូវ​ការគ្រប់គ្រង​លើ​បណ្តាញ​សង្គម​ដែល​មនុស្ស​លើ​ពិភពលោក​​ជជែក​ពិភាក្សា​គ្នា ប្រមូលផ្តុំ និង ឈ្លោះ​គ្នា​។​

​វា​គ្រាន់តែ​ជាការ​សញ្ជ័យ​ចុងក្រោយ​បំផុត​សម្រាប់​លោក​ម៉ាស ដែល​បាន​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​រថយន្ត បញ្ជូន​រ៉ុក្កែត​ផ្ទាល់​ខ្លួន​ទៅ​កាន់​លំហ បង្កើត​ទ្រព្យសម្បត្តិ​ដ៏​ធំ​បំផុត​លើ​ពិភពលោក​និង​បង្កើត​ប្រភព​​នៃ​កំហឹង​ខាង​សីលធម៌​និង​ការ​ខ្សឹបខ្សៀវ​ល្បី​ដូច​តារា​ផ្អើល​អស់​លោកិយ៍​។​

​លោក​ម៉ាស​អាយុ ៥០ ឆ្នាំ​បាន​ក្លាយជា​អ្នកមាន​បំផុត​របស់​ពិភពលោក​កាលពី​ឆ្នាំមុន ដោយ​ដណ្តើម​តំណែង​នេះ​ពី​លោក ជេ​ហ្វ បេ​ហ្សូ​ស របស់​ក្រុមហ៊ុន Amazon​បន្ទាប់​ពី​ការឡើង​កូដ​យ៉ាងខ្លាំង​នៃ​ក្រុម​​ហ៊ុន Tesla ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី ដែល​គាត់​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៣​។​

​ការកាន់កាប់ Twitter របស់​គាត់​បាន​បិទ​បញ្ចប់​នូវ​ការប្រកាស​និង​ការប្រកាស​តបត ដែល​គាត់​បាន​ធ្វើឡើង​ដើម្បី​ចម្អក​ក្រុមហ៊ុន Twitter​យ៉ាង​រីករាយ​នៅ​លើ​វេទិកា​ផ្ទាល់​របស់​ក្រុមហ៊ុន​នេះ​។​​ហើយ​ការផ្លាស់ប្តូរ​មុខមាត់​ថ្មី​របស់​គាត់​ក្នុងនាម​ជា​ស្តេច​បណ្តាញ​សង្គម​នឹង​បញ្ឆេះ​ភាពចម្រូងចម្រាស​អំពី​ទស្សនៈ​នយោបាយ វិធីសាស្ត្រ​អាជីវកម្ម និង​បុគ្គលិកលក្ខណៈ​ខាង​ក្រៅ​របស់​គាត់​។​

​គាត់​គឺជា​មនុស្ស​សេរីនិយម ប្រឆាំង​ជំនឿ​ល្ងង់ខ្លៅ ឈ្មុស​ឈ្មុល និង​ផ្សព្វផ្សាយ​ខ្លួន​គាត់​ជា​អ្នកការពារ​សេរីភាព​បញ្ចេញមតិ​។ អ្នកខ្លះ​ហៅ​គាត់​ថា​មនុស្ស​ស្តាំនិយម ខណៈ​អ្នក​រិះគន់​ចោទ​គាត់​ថាជ​ជន​ផ្តាច់​​ការ​និង​សម្លុត​កំហែង​។​

​រឿង​ទាំងអស់នេះ​បាន​កើត​ឡើង​ក្នុង​រយៈពេល​ពេញ​មួយ​ខែ ដែល​ក្នុងនោះ​លោក​ម៉ាស​ក៏​បាន​ល្បី​ពេញ​សារព័ត៌មាន​ផងដែរ ដោយសារ​ក្រុមហ៊ុន Tesla បើក “​រោងចក្រ​ខ្នាត​យក្ស​” នៅ​រដ្ឋ​តិច​សាស់​បន្ទាប់​​ពី​ក្រុមហ៊ុន​បាន​ចាកចេញ​ពី​រដ្ឋ​កាលីហ្វ័​រញ៉ា ក្រោយ​មាន​ជម្លោះ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​គាត់​ក្នុង​ការប្រឆាំង​នឹង​ការបិទ​រោងចក្រ​របស់​គាត់​ដើម្បី​បញ្ឈប់​ការរីក​រាលដាល​កូវី​ដ​១៩​។​

​ហើយ​នៅ​មាន​ច្រើន​ទៀត គឺ ក្រុមហ៊ុន​ដឹកជញ្ជូន​អវកាស SpaceX របស់​គាត់​បច្ចុប្បន្នកំពុង​បំបែក​ព្រំដែន​មួយទៀត​ក្នុងនាម​ជា​ដៃគូ​បណ្តាក់ទុន​បី​ផ្លូវ​ដែល​បាន​បញ្ជូន​បេសកកម្ម​ឯកជន​ពេញលេញ​​លើកដំបូង​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​។​

​ប៉ុន្តែ​លោក​ម៉ាស​ក៏​ល្បី​ខាង​ព័ត៌មាន​ល្អក់កករ​ផងដែរ ៖ ក្រុមហ៊ុន Tesla បាន​ប្រឈមមុខ​នឹង​បណ្តឹង​ជា​បន្តបន្ទាប់ ដោយ​មាន​ការចោទប្រកាន់​អំពី​ការរើសអើង​និង​ការ​បៀតបៀន​ប្រឆាំង​នឹង​កម្ម​​ករ​ស្បែក​ខ្មៅ​ក៏​ដូច​ជា​ការ​បៀតបៀន​ផ្លូវភេទ​។​

​ក្រៅ​ពី​ព័ត៌មាន​អំពី​ចំណង់​ចំណូលចិត្ត​របស់​លោក​ម៉ាស់ ព័ត៌មាន​ផ្សេង​ទៀត​ក៏​ល្បី​ស្មើ​ដៃ​គ្នា​ផង​ដែរ ពោលគឺ​ការរស់នៅ​របស់​លោក​ម៉ាស​ដោយ​ផ្អែក​លើ​ច្បាប់​ផ្ទាល់ខ្លួន​របស់​គាត់​នៅក្នុង​បរិវេណ​ឯកជន​របស់​គាត់​ក៏​ធ្វើឱ្យ​ពិភពលោក​ចាប់អារម្មណ៍​ផងដែរ​។​

​ថ្មីៗ​នេះ​មាន​ការ​លេច​ធ្លាយ​ថា លោក​ម៉ាស​មាន​កូន​ទី​ពីរ​ជា​មួយ​ដៃគូ​ភ្លឹបភ្លែត​របស់គាត់​គឺ​តារាចម្រៀង គ្រី​មស៍ (Grimes)​។ កូនស្រី​នោះ​ត្រូវបាន​ដាក់ឈ្មោះថា Exa Dark SiderØl Musk ប៉ុន្តែ​ឪពុកម្តាយ​ហៅ​នាង​តែ Y ប៉ុណ្ណោះ​។​

​គាត់​ថែមទាំង​រំពឹង​បង្ហាញខ្លួន​ដោយ​ផ្ទាល់​នៅ​ឯ​សវនាការ​កាត់ក្តី​ពីបទ​បរិហារកេរ្តិ៍​របស់​តារា​ល្បី​ច​ន​នី ដេប​ប្រឆាំង​នឹង​អតីត​ភរិយា​របស់​គាត់​ឈ្មោះ អាម​បឺ ហឺដ (Amber Heard) ដែល​ពីមុន​ធ្លាប់បាន​ណាត់​ជួប​ជាមួយ​លោក​ម៉ាស​។​

​ទោះ​តាម​មធ្យោបាយ​ណា​ក៏​ដោយ ឥឡូវ​នេះ​លោក​ម៉ាស​បាន​ក្លាយ​ជា​បុគ្គល​ល្បី​បំផុត​គ្រប់​ទីកន្លែង​នៅ​សម័យកាល​បច្ចុប្បន្ន​៕

លោក​ម៉ាស​ទិញយក Twitter កាលពី​ថ្ងៃ​ចន្ទ​