​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រសួង​សុខាភិបាល​ជប៉ុន​បាន​រកឃើញ​ករណី​អាច​នៃ​ជំងឺ​រលាក​ថ្លើម​ស្រួចស្រាល់​ដ៏​អាថ៌កំបាំង​ដែល​ប៉ះពាល់​ដល់​កុមារ​នៅ​សហរដ្ឋ​អាម៉េរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចំនួន​១០​ផ្សេងទៀត ដែល​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​ថា ជំងឺ​នេះ​កំពុង​រីក​រាលដាល​នៅ​ខាងក្រៅ​អឺរ៉ុប​និង​សហរដ្ឋ​អាម៉េរិក​។​

​ការឆ្លង​ទំនង​ជា​ករណី​ដំបូង​នៅ​អាស៊ី​នេះ​ត្រូវបាន​រកឃើញ​លើ​កុមារ​តូច​ម្នាក់​។ ខណៈ​វីរុស​អាដេ​ណូ (adenovirus) ត្រូវបាន​រកឃើញ​នៅក្នុង​ករណី​ជាង ៤០ ភាគរយ​នៃ​ករណី​ទូទាំង​ពិភពលោក អ្នកជំងឺ​នៅក្នុង​ប្រទេស​ជប៉ុន​បាន​ធ្វើតេស្តិ៍​អវិជ្ជមាន នេះ​បើ​យោង​តាម​អាជ្ញាធរ​។​

​កុមារ ដែល​អាយុ​របស់គេ​មិន​ត្រូវ​បាន​បញ្ចេញ​ឱ្យដឹង មិន​ធ្លាប់​បាន​វះកាត់​ប្តូរ​ថ្លើម​ទេ​។​

​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា កុមារ​ម្នាក់​បាន​ស្លាប់​ហើយ​កុមារ​ជាង​១០​នាក់​បាន​ទទួល​ការ​វះ​ប្តូរ​ថ្លើម​ដោយសារ​ការ​ផ្ទុះឡើង​ដ៏​អាថ៌កំបាំង​នៃ​ជំងឺ​រលាក​ថ្លើម​​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺ​ណែវ​នេះ​បានឱ្យដឹងថា កុមារ​ចំនួន ១៧ នាក់ ឬ​ប្រហែល ១០ ភាគរយ​នៃ​ករណី​នេះ​គឺ​ទាមទារ​ឱ្យ​មាន​ការប្តូរ​ថ្លើម​ហើយ​យ៉ាងហោច​ណាស់​មាន​ករណី​​ស្លាប់​មួយ​ត្រូវបាន​រាយការណ៍​។​

WHO បាន​ព្រមាន​ថា​វា “​ទំនងជា​មាន​ករណី​កាន់តែ​ច្រើន​នឹង​ត្រូវ​រក​ឃើញ មុន​ពេល​មូលហេតុ​អាច​ត្រូវ​បាន​បញ្ជាក់​និង​វិធានការ​គ្រប់គ្រង​និង​បង្ការ​ជាក់លាក់​បន្ថែមទៀត​អាច​ត្រូវបាន​អនុវត្ត​”៕

ជប៉ុន​រាយការណ៍​ករណី​ជំងឺ​រលាក​ថ្លើម​អាថ៍កំបាំង​លើ​កុមារ​ម្នាក់​