​ដោយៈ គង់​ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ ក្នុង​ខេត្ត​មួយ​នេះ មក​ទទួលយក​នូវ​ការចាក់​វ៉ាក់សាំង ប្រឆាំង​ជំងឺ​កូ​វីដ ១៩ ដូ​ស​ជំរុញ ឬ​ហៅថា ដូ​ស​កាតព្វកិច្ច នៅតាម​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក​ក្នុងស្រុក​។ ការអំពាវនាវ​នេះ ធ្វើឡើង​នៅក្រោយពី​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បញ្ឈប់​កាតព្វកិច្ច ពាក់​ម៉ាស​ទូទាំងប្រទេស នៅតាម​ទីតាំង​សាធារណៈ ចាប់ពី​ថ្ងៃទី ២៦ មេសា នេះ​តទៅ​។​

​នេះ​ជាការ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន នៅក្នុង​ឱកាស​ដែល​លោក អភិបាលខេត្ត​កំពង់ចាម ជាមួយ​លោកស្រី ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញ​ចូលរួម​ប្រគល់ ទទួល សំណង់ អនាម័យ​ទឹកស្អាត របស់​កាកបាទក្រហម​កម្ពុជា ដែល​ឧបត្ថម្ភ​ដោយ កាកបាទក្រហម ប្រទេស​សិង្ហ​បុរី នៅ​សាលាបឋមសិក្សា អណ្តូង​តា​អុង ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស នៅ​ព្រឹក​ថ្ងៃទី ២៦ មេសា​នេះ​។​

​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថាៈ បុណ្យចូលឆ្នាំថ្មី​រួច មាន​សភាព​ធូរស្រាល គឺ​មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ក្នុង​សហគមន៍ ឬ​ក្នុង​កន្លែងធ្វើការ នៅ​ខេត្តកំពង់ចាម​។ អីចឹង​ចំពោះ​ការដាក់ចេញ នូវ​គោល​ការណែនាំ នា​ព្រឹក​ថ្ងៃទី ២៦ មេសា ដោយ​សម្តេច តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​លើកលែង​កាតព្វកិច្ច ពាក់​ម៉ាស់​តាម​ទី សាធារណៈ និង​តម្រូវឱ្យ​ពាក់​ម៉ាស់ នៅក្នុង​កន្លែងធ្វើការ កន្លែង​ប្រជុំ និង​កន្លែង​បិទ​ជិត គឺជា​ការវិវត្តន៍​មួយ​ជំហាន​ទៀត នៃ​ការបញ្ជាក់​ឱ្យ​កាន់តែច្បាស់​ថា ការគ្រប់គ្រង​ជំងឺ​កូ​វីដ ១៩ នៅ​ប្រទេស​កម្ពុជា​បានល្អ ធូរស្រាល​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ​។​

​លោក​បាន​បន្ថែមថាៈ ទន្ទឹមនឹងនេះ ក៏​ចាំបាច់​មាន​វិធានការ ដោយ​ចាប់ផ្តើម​ពី​បុគ្គល យើងទាំងអស់គ្នា គឺ​ការជំរុញ​ការចូលរួម​អនុវត្ត តាម​ការណែនាំ​របស់ រាជរដ្ឋាភិបាល គឺ​ទទួលយក​នូវ ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​កាតព្វកិច្ច ម្ជុល​ទី​៣ និង​ទី​៤ នេះ​ជាការ​សំខាន់​ណាស់ ដោយ​ធ្វើឱ្យមាន​ភាពស៊ាំ គឺ​ជាក់ស្តែង​ចាប់​បុណ្យចូលឆ្នាំថ្មី មកដល់ពេលនេះ មិនមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ព្រោះតែ​ប្រជាពលរដ្ឋ បានទទួល​វ៉ាក់សាំង ដូ​ស​មូលដ្ឋាន ហើយ​ដូ​ស​ជំរុញ បាន​ច្រើន​គួរសម ដែល​នេះ​ទិដ្ឋភាព​ពិត នៃ​វ៉ាក់សាំង​។​

​លោក​បាន​បន្តថាៈ អីចឹង​សូម​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម ចូលរួម​ជាមួយ​អំពាវនាវ​របស់ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ដូចជា​វិធានការ​នានា របស់​ខេត្តកំពង់ចាម បានដាក់ ចេញ គឺ​មក​ទទួល​ការចាក់​វ៉ាក់សាំង ដូ​ស​ជំរុញ​ម្ជុល​ទី​៣ ឬ​ទី​បួន តាម​ការណែនាំ​របស់ ក្រុមគ្រូពេទ្យ នៅតាម​មណ្ឌល​សុខភាព និង​តាម​មន្ទីរពេទ្យបង្អែក​ស្រុក ដែល​នៅ​ប្រចាំការ ទីនោះ​៕/V​