ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោកស្រី​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បានទទួល​ជួប​លោក​បណ្ឌិត ម៉ឹង មករា ប្រធាន​សមាគមយុវជន​ក្រុម​៨ និង​លោកស្រី ព្រមទាំង​អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និង​ក្រុមការងារ នៃ​សមាគមយុវជន​ក្រុម ៨ ជាច្រើនរូប​ទៀត​។​

​ក្នុង​ពិធី​សំណេះសំណាល និង​ប្រគល់​ទទួល​ថវិកា​សប្បុរ​ស​ធម៌ ចំនួន ១៨៨.៨៨០.០០០ រៀល ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ជាមួយ​សមាគម TYDA នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២​។​

​លោក​បណ្ឌិត ម៉ឹង មករា បាន​មានប្រសាសន៍ថាៈ សមាគមយុវជន​ក្រុម​៨ បាន​ចូលរួម ចំណែក​យ៉ាងសកម្ម ជាមួយនឹង​រាជរដ្ឋាភិបាល នៅក្នុង​វិស័យ​អប់រំ សុខាភិបាល កសិកម្ម ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង​ការងារ​ជាច្រើន​ទៀត ដើម្បី​ចូលរួម​អភិវឌ្ឍន៍ ប្រទេសជាតិ ឱ្យ​កាន់តែ​មានការ​រីកចម្រើន​។​

​លោក​បណ្ឌិត បាន​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​ដាក់ចេញ​នូវ យុទ្ធសាស្ត្រ​ដ៏​មាន ប្រសិទ្ធភាព ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​បាន​ខិតខំ​យកចិត្តទុកដាក់ ជា​អទិភាព​បំផុត ក្នុង​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​មាន​ភាព​សុំា​សហគមន៍ និង​បានធ្វើឱ្យ​ស្ថានភាព​ល្អប្រសើរ ជាង​ប្រទេស​ដទៃ គួរ​ជាទី​មោទនៈ​។

​ប្រធាន​សមាគមយុវជន​ក្រុម​៨ បានបញ្ជាក់​ថាៈ ការចូលរួម​ជា​ថវិកា នៅថ្ងៃនេះ គឺជា​ការចូលរួមចំណែក ដោយ​ទឹកចិត្ត ជាមួយនឹង​រាជរដ្ឋាភិបាល និង​សមាគម​គ្រូពេទ្យ ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ដើម្បី​បុព្វហេតុ​ការចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង ជំងឺ​កូ​វីដ​-១៩ និង​ការងារ​មនុស្សធម៌ សង្គម​ជាច្រើន​ទៀត​។​

​លោកស្រី បណ្ឌិត ពេ​ជ ចន្ទ​មុន្នី សូម​ថ្លែង​អរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ របស់​ថ្នាក់ ដឹកនាំ និង​ក្រុមការងារ​ក្រុមយុវជន​ក្រុម​៨ ដែល​បានផ្ដល់​ថវិកា ដើម្បី​ចូលរួមចំណែក យ៉ាងសំខាន់ ក្នុង​សកម្មភាព​មនុស្សធម៌ ក្នុង​បុព្វហេតុ​ប្រជាពលរដ្ឋ និង​សង្គម​។

​លោកស្រី បណ្ឌិត បានបញ្ជាក់​ថាៈ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) គឺមាន​គោលការណ៍ ៣ នៅក្នុង​ការអនុវត្ត​កិច្ចការ​មនុស្សធម៌ ដើម្បី​បុព្វហេតុ ជួយ​ដល់​ប្រជាពលរដ្ឋ​គឺៈ​
– ការផ្ដល់​ផលប្រយោជន៍​ជូន ប្រជាពលរដ្ឋ តាមរយៈ​ការព្យាបាល​ឥតគិតថ្លៃ ដើម្បី​ផ្តល់​ក្តីសង្ឃឹម ស្នាមញញឹម និង​ក្តី​សុខ​របស់ ប្រជាពលរដ្ឋ​។
-​ប្រមូលផ្ដុំ និង​ផ្តល់ឱកាស​ដល់​កម្លាំង​ស្ម័គ្រចិត្ត ដែលមាន​ជំនាញ ទឹកចិត្ត ឆន្ទៈ ចូលរួម​ធ្វើ សកម្មភាព​មនុស្សធម៌ ដើម្បី​បុព្វហេតុ​សង្គម តាមរយៈ​ការចុះពិនិត្យ និង​ព្យាបាល​ជូន ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ទូទាំងប្រទេស​។
-​ផ្ដល់​លទ្ធភាព ការបណ្ដុះបណ្ដាល សមត្ថភាព​ដល់​សមាជិក និង​ក្រុមការងារ ដើម្បី​អភិវឌ្ឍន៍​ខ្លួន ឱ្យ​កាន់តែ​រីកចម្រើន ក្នុង​ការយក​ជំនាញ​បច្ចេកទេស​ព្យាបាល ជូន​ប្រជាពលរដ្ឋ និង​ចូលរួម​អភិវឌ្ឍន៍ វិស័យ​សុខាភិបាល នៅ​កម្ពុជា​។

​លោកស្រី បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បាន​បន្ថែមទៀតថាៈ នេះ​គឺជា​ពេលវេលា​ដ៏​ល្អ និង​រីករាយ ដែល​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា មាន​ភាពល្អប្រសើរ អាចធ្វើឱ្យ​យើង មានឱកាស​ជួបជុំគ្នា និង​បានធ្វើ​ការងារ​មនុស្សធម៌ ដើម្បី​ប្រជាពលរដ្ឋ​។ យើង​ពិតជា​មានសំណាង ដែល​បាន​ជម្នះ​រាល់​ឧបសគ្គ ហើយ​ទទួលបាន​បទពិសោធន៍ និង​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ ដូច​សព្វថ្ងៃ ក្នុង​ព្រឹត្តិការណ៍ នៃ​ការឆ្លង​រីក​រាលដាល ជំងឺ​កូ​វីដ​-១៩ ដោយ​យើង​មាន​ប្រមុខ​ថ្នាក់ដឹកនាំ​ដ៏​ជាញជ័យ គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដាក់ចេញ​នូវ យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដូចជា​ការរៀបចំ​មជ្ឈមណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ ការចាក់​វ៉ាក់សាំង ការបញ្ជាទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​ការងារ​ជាច្រើន​ទៀត​។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១ កន្លងទៅនេះ លោក​បណ្ឌិត ម៉ឹង មករា ប្រធាន​សមាគមយុវជន​ក្រុម​៨ បាន​ឧបត្ថម្ភ​ថវិកា​សប្បុរសធម៌ ចំនួន ១៨៨.៨៨០.០០០ រៀល ម្ដង​រួចមកហើយ ដែល​គិត​មកដល់​ថ្ងៃនេះ គឺមាន​រយៈពេល​មួយឆ្នាំ និង ១៨ ថ្ងៃ ដែល​សមាគម​ក្រុម​៨ បាន​ចូលរួម​សកម្មភាព​មនុស្សធម៌ ជាមួយ​សមាគម​TYDA៕/V​