ដោយៈ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺៈ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ បានសម្រេច​ផ្តល់​អាគារ​សិក្សា​មួយ​ខ្នង មាន​បី​បន្ទប់ ជូន​ដល់​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ពីងពង់ ស្ថិតក្នុង​ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោយពី​អ្នកគ្រប់គ្រង​សាលា បាន​យក​បណ្ណាល័យ ឱ្យ​សិស្ស​រៀន​។​

​ការសម្រេច​ផ្តល់​អាគារ​សិក្សា​នេះ បានធ្វើ​ឡើង ក្នុង​ពិធី​ដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់ អគារ​បណ្ណាល័យ នាវា​យុវជន​អាស៊ីអាគ្នេយ៍ នា​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ ក្នុង​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ពីងពង់ ស្ថិតក្នុង​ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​ក្នុងឱកាស​នោះ លោក ហ៊ុន ម៉ា​នី បាន​សម្តែង​ការពេញចិត្ត ចំពោះ​សមិទ្ធផល​ថ្មី ដែល​បង្ហាញ​ពី​ការអភិវឌ្ឍ​វិស័យ​អប់រំ ក្នុង​ខេត្តកំពង់ស្ពឺ ហើយ​បច្ចុប្បន្ន កូនក្មួយ​មាន សំណាង បាន​កាន់​ប៊ិច កាន់​សៀវភៅ ដើរចូល​សាលា មិនចាំបាច់​ពិបាក ក្នុងការ​សាងសង់ អគារ ដោយ​ខ្លួនឯង ដូច​កាលពី​អ៊ុំ ពូ មីង នៅ​ជា​សិស្ស ដូច​ប្អូនៗ ក្មួយៗ មានសំណាង ដែល​ទទួលបាន​អគារសិក្សា​ថ្មី និង​បណ្ណាល័យ ដើម្បី​សិក្សា​រៀនសូត្រ និង​ស្វ័យ​សិក្សា​។
​ពេលនេះ បណ្ណាល័យ ត្រូវបាន​ដាក់ឱ្យ​កូនក្មួយ រៀន​បណ្តោះអាសន្ន រង់ចាំ​អាគារ​សិក្សា សាងសង់ រួចរាល់​ហើយ​កូនក្មួយ និង​វិល​ទៅ​សិក្សា នៅ​អាគារ​ថ្មី​វិញ ហើយ​បណ្តា​ល័យ នឹងត្រូវ​ក្លាយជា​ជង្រុក ផ្ទុក​ឯកសារ សម្រាប់​ក្មួយៗ ក៏​ដូច​លោកគ្រូ អ្នកគ្រូ អាច​សិក្សា ស្រាវជ្រាវ នូវ​ទ្រឹស្តី ចំណេះ​ជំនាញ​បន្ថែម​។ ជាមួយគ្នានេះ សូម ក្មួយៗ ត្រូវ​ចេះ​ថែរក្សា ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ក្មួយៗ ជំនាន់​ក្រោយៗ ទៀត អាច​សិក្សា​រៀនសូត្រ ស្រាវជ្រាវ​បន្ត បាន​ផងដែរ​។​

​លោក​បាន​កោតសរសើរ​ដល់​ក្រុមការងារ ដែល​ខិតខំ​ប្រឹងប្រែង ប្រមូល​ថវិកា ដើម្បី​សាង សង់​បណ្ណាល័យ​មួយ​ខ្នង​នេះ​ឡើង ហើយ​ភាពជោគជ័យ​ទាំងអស់នេះ គឺ​ស្ថិតក្រោម​បាតដៃ នៃ​ម្លប់​សុខសន្តិភាព របស់​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​អគារ​បណ្ណាល័យ​នាវា​យុវជន​អាស៊ីអាគ្នេយ៍ មាន​ទំហំ ៨,៥០ ម៉ែត្រ​គុណ​នឹង ១៦ ម៉ែត្រ បាន​កសាង ក្រោម​ការចូលរួម ពី​សប្បុរសជន ក្នុងស្រុក ដែល​ចំណាយ​ថវិកា​អស់ ប្រមាណ​ជាង ៣ ម៉ឺន​ដុល្លារ​អាម៉េរិក ។ អគារ​បណ្ណាល័យ​នេះដែរ សង់​ឡើង ក្នុង​គោលបំណង ផ្ទុក​សៀវភៅ ក៏ដូចជា​ឯកសារ​នានា ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ បាន​សិក្សា​ស្រាវជ្រាវ បន្ថែមទៀត និង​ជា​កន្លែង​ចងក្រង​ឯកសារ​ថ្មីៗ សម្រាប់​ទុកឱ្យ​កូនចៅ ជំនាន់​ក្រោយ បាន​សិក្សា​រៀនសូត្រ​បន្តទៀត​។ ប៉ុន្តែ​ដោយ​អគារ សិក្សា​មួយ​ខ្នង នៃ​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ ពីងពង់ មាន​ភាព​ទ្រុឌទ្រោម ធ្វើ​ឲ្យ​សិស្ស មិនអាច​រៀន​បាន អ្នកគ្រប់គ្រង​សាលា ក៏បាន​យក​បណ្ណាល័យ ដែល​សាងសង់ រួចរាល់​នេះ ឱ្យទៅ​សិស្សានុសិស្ស រៀន​បណ្តោះអាសន្ន ដោយ​ក្នុងនោះ​បណ្ណាល័យ ត្រូវបាន​ចែកជា ២ បន្ទប់ ២ ថ្នាក់​។​

​លោក​បាន​បន្ថែមទៀតថាៈ ដោយ​មើលឃើញ​ពី​ស្ថានភាព​ជាក់ស្ដែង នៃ​អគារ​ចាស់​ទ្រុឌ ទ្រោម មួយ​ខ្នង នៅក្នុង​សាលារៀន ខាងលើនេះ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​លោក ហ៊ុន​ម៉ា​នី បាន​ស្នើឱ្យ​ក្រុមការងារ​សិក្សា​លទ្ធភាព នៅក្នុង​ការសាងសង់​អគារ​ថ្មី​មួយ​ខ្នង​ទៀត មាន​ចំនួន​បី​បន្ទប់ ជំនួស​ឱ្យ​អគារ ដែល​ចាស់​ទ្រុឌទ្រោម ដើម្បី​ផ្តល់ជូន​ជា​កាដូ​បន្ថែម ទៅដល់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដំណាក់​រាំង ទាំងមូល​ផងដែរ​៕/V​