​ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងថាៈ សភាព​ពាណិជ្ជកម្ម គឺ​ផ្តោតទៅលើ​ការជួយ​ពង្រឹង​តួនាទី ភារកិច្ច បទបញ្ជាផ្ទៃក្នុង ការគ្រប់គ្រង​រដ្ឋបាល របស់​សភាពាណិជ្ជកម្ម ខេត្ត​-​ក្រុង ការពង្រឹង​ទំនាក់ ទំនង​រវាង​សភាពាណិជ្ជកម្ម ខេត្ត​និង​ខេត្ត សភាពាណិជ្ជកម្ម​ខេត្ត និង​សភាពាណិជ្ជកម្ម កម្ពុជា សភាពាណិជ្ជកម្ម​ខេត្ត និង​សហគមន៍​ធុរកិច្ច​អន្តរជាតិ សភាពាណិជ្ជកម្ម​ខេត្ត ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​កិច្ចអភិវឌ្ឍន៍ សភាពាណិជ្ជកម្ម​ខេត្ត​។​

​ការ​ថ្លែង​នេះ នាឱកាស​លោក ម៉ៅ ថូ​រ៉ា បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា ស្ដីអំពី “ ការយល់ ដឹង​ពី​ការធ្វើ​អាជីវកម្ម​របស់ ពាណិជ្ជកម្ម​កម្ពុជា ដើម្បី​កាត់បន្ថយ បញ្ហា​ប្រឈម ផ្នែក​ផ្លូវច្បាប់​” នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ នេះ ។

​ចូលរួម​ក្នុងឱកាស​នោះដែរ មាន​លោក សុក ហៃ អភិបាលរង ខេត្តកំពង់ធំ លោក សួន សុផល ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​សាធារណៈ និង​ការជំរុញ​គម្រោង​វិនិយោគឯកជន នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ផាន អូន ប្រតិភូ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង​បង្ក្រាប ការ​ក្លែងបន្លំ នៃ​ក្រសួងពាណិជ្ជកម្ម ។​

​លោក ម៉ៅ ថូ​រ៉ា បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន ពាណិជ្ជករ សហគ្រាស អាជីវករ និង ប្រជាពលរដ្ឋ លើកស្ទួយ​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​ក្នុងស្រុក និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ទាំងអស់នេះ គឺ​បង្ហាញ​ជំនឿ​មុតមាំ​ថា ក្រុមហ៊ុន​ទាំងអស់ ដែល​ចូលរួម នឹង​អាច​ធ្វើការ ផ្លាស់ប្តូរ​បទពិសោធន៍​ល្អៗ ក៏ដូចជា ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​ថ្មីៗ ដើម្បី​ពង្រីក​អាជីវកម្ម របស់ខ្លួន​ថែមទៀត​។​

​ទន្ទឹម​នោះដែរ លោក ហេង សំណាង ប្រធានសភា​ពាណិជ្ជកម្ម មណ្ឌល​ខេត្ត កំពង់ធំ​-​ព្រះវិហារ បានអោយដឹងថាៈ សិក្ខាសាលា​ស្ដីអំពី “ ការយល់ដឹង​ពី​ការធ្វើ​អាជីវកម្ម របស់ ពាណិជ្ជកម្ម​កម្ពុជា ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម ផ្នែក​ផ្លូវច្បាប់ ” នេះ គឺជា សកម្មភាព​ដោយ​សង្ខេប របស់​សភាពាណិជ្ជកម្ម មណ្ឌល​ខេត្តកំពង់ធំ​-​ព្រះវិហារ ចាប់ តាំងពី​បង្កើត​ដំបូង រហូតដល់​ថ្ងៃនេះ ហើយ​នេះ​ជា​លើក​ទី​១ ដែល​ខេត្តកំពង់ធំ​យើង បាន​ដំណើរការ បើក​សិក្ខាសាលា​នេះ ដើម្បីអោយ​ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ ក្នុង​ខេត្ត និង​ប្រជាពលរដ្ឋ ស្វែងយល់ សិក្សា​បន្ថែម​ពី​ផ្លូវច្បាប់ មុននឹង​ចាប់​បើក អាជីវកម្ម​ណាមួយ ។​

​ប្រធានសភា​ពាណិជ្ជកម្ម មណ្ឌល​ខេត្តកំពង់ធំ​-​ព្រះវិហារ បាន​បន្តថាៈ សភាពាណិជ្ជកម្ម ត្រូវបាន​បង្កើតឡើង ដោយមាន ព្រះរាជក្រឹត្យ និង​ស្ថិតនៅក្រោម​ឱវាទ​របស់ ក្រសួងពាណិជ្ជកម្ម ។ សម្រាប់​សភាពាណិជ្ជកម្ម មណ្ឌល​ខេត្តកំពង់ធំ​-​ព្រះវិហារ បង្កើតឡើង ដោយ​អនុក្រឹត្យ​របស់ រាជរដ្ឋាភិបាល ចាប់តាំងពី​ខែសីហា ឆ្នាំ​២០១២ មក​រហូតមក​ដល់ពេលនេះ មាន​រយៈពេល ១០ ឆ្នាំ​ហើយ ។ សកម្មភាព​សំខាន់ៗ ដែល​បានធ្វើ​កន្លងមក មានដូចជា ជា​តំណាង​ឲ្យ​វិស័យ​ឯកជន បាន​ចូលរួម​ដឹកនាំ​សមាជិក ចាប់​ដៃគូ​ពាណិជ្ជកម្ម ជាមួយ​បណ្តា​ប្រទេស​នៅ ក្នុង​តំបន់ និង​ពិភពលោក បាន​ចូលរួម កម្មវិធី​ធុរកិច្ច​ជាមួយ​បណ្តា ប្រទេស​ដូចជា ចូលរួម​ការតាំងពិព័រណ៍ និង​ជំនួប​ពាណិជ្ជកម្ម នៅ​ប្រទេស​ថៃ វៀតណាម ចិន ចូលរួម​កម្មវិធី​ធុរកិច្ច បណ្ដារ​ប្រទេស​នៅ​អឺរ៉ុប ដូចជា សហរដ្ឋអាមេរិក បារាំង អង់គ្លេស និង កូរ៉េ ជាដើម ។

​លោក ហេង សំណាង បាន​បន្ថែមថាៈ សិក្ខាសាលា​ថ្ងៃនេះ ពិត​ជាមាន​សារៈសំខាន់​ខ្លាំង ណាស់ ស្រប​ជាមួយនឹង​ប្រទេសជាតិ មាន​សុខសន្តិភាព មានការ​រីកចម្រើន ដូច្នេះ​ការធ្វើ ពាណិជ្ជកម្ម​របស់ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស ទាមទារ​ឲ្យ​មានការ​យល់ ដឹង​បន្ថែម ផ្នែក​ផ្លូវច្បាប់ ដែល​អាចធ្វើឱ្យ​អាជីវកម្ម មានការ​រីកចម្រើន ទៅ​មុខជា​លំដាប់ ដើម្បី​កាត់បន្ថយ​បញ្ហា​ប្រឈម​នានា ៕/V​