ដោយៈ​សុផល​/ភ្នំពេញ​៖​នៅ​ដើមឆ្នាំ​២០២២​នេះ បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ទទួលបាន​ចំនួន​សិស្ស​វិល​ត្រលប់​ចូលរៀន​ក្នុង​ថ្នាក់​ផ្ទាល់ និង​ចុះឈ្មោះ​ចូលរៀន​ឡើងវិញ​មាន​ចំនួន​កើន​ឡើងជា​លំដាប់ បន្ទាប់ពី​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ មាន​ភាព​ធូរស្រាល​ជាង​មុន ប៉ុន្តែ​គ្រឹះស្ថាន​អប់រំ​មួយ​នេះ​នៅតែ​អនុវត្ត​វិធានការណ៍​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​។

​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​និង​វាយតម្លៃ​ធុរកិច្ច កាលពី​រសៀល​ថ្ងៃទី​២៥ ខែមេសា​លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​លើកឡើងថា​ចាប់តាំងពី​ការផ្ទុះ​ឡើង​កូ​វីដ​១៩​ជាង​២​ឆ្នាំ​បាន​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ចពិភពលោកនិងប្រទេសកម្ពុជា​ហើយ​ការកើនឡើង​នៃ​វិបត្តិ​នេះ​បាន​ប៉ះពាល់​ដល់​ប្រទេស​កំពុង អភិវឌ្ឍន៍​មិន​ត្រឹមតែ​ទៅលើ​ភាពអាសន្ន​ផ្នែក​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​បំផ្លាញ​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ដល់​ប្រទេស​ទាំងនោះ​យ៉ាង​ធ្ងន់ធ្ងរ​ផងដែរ​។​

​សម្រាប់​វិស័យ​អប់រំ​វិញ លោក​បញ្ជាក់ថា​ក៏បាន​ទទួលរង​ផលប៉ះពាល់​ផល​ដែរ ដែល​សិស្ស​មិន​អាចមក​សិក្សា​ក្នុង​ថ្នាក់រៀន​ផ្ទាល់ និង​សិស្ស​ខ្លះទៀត​ត្រូវ​ព្យូ​រ​ការសិក្សា​ដោយ​សារ​កត្តា​ជីវភាព និង​មិនមាន​បច្ចេកវិទ្យា​គាំទ្រ​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​។ កត្តា​ទាំងនេះ​បាន​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​។​

​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិស្ស​នៅ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ គ្រុប លោក​បាន​លើកយក​ស្ថិតិ​សិស្ស​ក្នុង​ឆ្នាំ​២០២០ និង​២០២១​បង្ហាញថា កម្មវិធី​កុមារ​តូច​មាន​ចំនួន​បោះបង់ចោល និង​ព្យួរ​ការសិក្សា​មាន​ចំនួន​ច្រើនជាង​កម្មវិធី​ដទៃទៀត ដោយសារ​កុមារ​តូច​ពិបាក​ផ្ចង់អារម្មណ៍​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ម្យ៉ាងទៀត​ប្រាក់ចំណូល​ក្នុង​ក្រុម​គ្រួសារ​មានការ​ធ្លាក់ចុះ ឬ​បាត់បង់ ដែល​អាណាព្យាបាល​ត្រូ​បង្ខំចិត្ត​ផ្អាក​សិក្សា​មួយរយៈ​សិន​។ សម្រាប់​កម្មវិធី​ភាសា​អង់គ្លេស និង​ចំណេះ​ទូទៅ​ខ្មែរ​វិញ ដែលជា​សិស្ស​មាន​វ័យ​ធំ ពួកគាត់​អាចមាន​សមត្ថភាព​ប្រើ​បច្ចេកវិទ្យា​អប់រំ និង​អាច​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​អត្រា​សិស្ស​ព្យួរ​ការសិក្សា​មាន​ចំនួន​តិចតួច​។​

​លោក​បាន​បន្ថែមទៀតថា វិធាន​ការចាក់​ស្រោច​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​១ ទី​២ ទី​៣ និង​ទី​៤ ជូន​ដល់​ប្រជាពលរដ្ឋ រួម​នឹង​ដាក់ចេញ​វិធានការ​សុវត្ថិភាព​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ របស់​រាជរដ្ឋាភិបាល​ទាន់ពេលវេលា ពិត​ជាមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​កាត់បន្ថយ​អត្រា​ស្លាប់ និង​ជួយ​ពង្រឹង​ភាពស៊ាំ​ក្នុង​សហគមន៍​ថែម​ទៀតផង​។ កត្តា​នេះ​បាន​អំណោយផល​ដល់​សកម្មភាព​ប្រកប​អាជីវកម្ម និង​បំពេញការងារ​រ​ប្រជាពលរដ្ឋ​ជា​ប្រក្រតី​ឡើងវិញ ។​

​ទន្ទឹមនឹង​នោះដែរ លោក​ក៏បាន​បញ្ជាក់ថា​ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំនេះ សិស្ស​កម្មវិធី​កុមារ​តូច និង​កម្មវិធី​ដទៃទៀត បាន​វិល​ត្រឡប់មក​សិក្សា​ក្នុង​ថ្នាក់​ផ្ទាល់​ឡើងវិញ និង​មួយចំនួនទៀត​បានមក​ចុះឈ្មោះ​ចូលរៀន​វិញ​ជា​បន្តបន្ទាប់ដែល​នេះ​ជា​សញ្ញាណ​មួយ​ដ៏​ល្អប្រសើរ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​អប់រំនិង​និរន្តរភាព​របស់​គ្រឹះស្ថាន​អប់រំ​ផងដែរ​។ទោះជា​ស្ថានភាព​កូ​វីដ​១៩​មាន​សភាព​ថមថយ​ក៏ដោយ លោក​នៅតែ​ជំរុញ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ គ្រុប បន្ត​អនុវត្ត​វិធានការ​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល និង​តាមដាន​សុខភាព​សិស្ស​ជាប្រចាំ​។

​សូមជម្រាបថា​បណ្តាញ​គ្រឹះស្ថាន វេស​ឡាញ​នឹង​បើក​វគ្គ​សិក្សា​សម្រាប់​កម្មវិធី​ម​ត្តេ​យ្យ​ភាសា​ខ្មែរ​និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស​សម្រាប់​កុមារ និង​កម្មវិធី​ភាសា​អង់គ្លេស​ទូទៅ ចូលរៀន​ថ្ងៃទី​៣ ខែឧសភា​ខាង​មុ​នេះ​។ លើសពីនេះ នឹងមាន​ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​រហូត​១៥% សម្រាប់​ការចុះឈ្មោះ​ត្រឹម​ថ្ងៃទី​២ ខែឧសភា​៕Ph