ដោយៈបូកគោ/កំពត:ប្រជាពលរដ្ឋក្នុងខេត្តកំពតបានអបអរសាទរនិងសម្តែងក្តីសប្បាយរីករាយក្រោយពីសម្តេចប្រមុខរាជ រដ្ឋាភិបាលសម្រេចដកកាតព្វកិច្ចពាក់ម៉ាសទូទាំងប្រទេសដោយផ្អែកលើស្ថានភាពកូវីដ-១៩ហាក់សាបរលាបទៅវិញ។ នេះជាលទ្ធផលដ៏គាប់ប្រសើរដែលផ្តើមចេញពីការទទួលវ៉ាក់សាំងដោយឥតគិតថ្លៃគ្រប់ៗគ្នាចាប់តាំងពីដូសដំបូង។
លោក សៅ ភារី អ្នកបើកត្រីចក្រយានយន្តដឹកភ្ញៀវក្នុងក្រុងកំពតបានរៀបរាប់ថាលោកសូមចូលរួមអបអរសាទរជូនចំពោះ សម្តេចតេជោដែលបានសម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាសនៅទីសាធារណ:ទូទាំងកម្ពុជា។ទាំងនេះក៏ព្រោះតែការឆ្លងរាលដាលជំងឺកូវីដ១៩បានថមថយស្ទើរទាំងស្រុងបន្ទាប់ពីពលរដ្ឋគ្រប់រូបបានចាក់វ៉ាក់សាំងដោយភាគច្រើនរហូតដល់ដូសទី៤នោះ។ បុរសដដែលបានបន្តថា កន្លងមកភ្ញៀវខ្លះបានរអ៊ូរទាំពីភាពរំខានច្លះដោយការពាក់ម៉ាស ដូចជាថប់ៗដង្ហើម និយាយស្តាប់គ្នាមិនសូវបាន ខំញញឹមដាក់គេតែសាមីខ្លួនមិនបានដឹងជាដើម។ កាលណោះដាច់ខាតត្រូវតែពាក់ព្រោះជាកាតព្វកិច្ចក្នុងការបង្ការឆ្លងមេរោគកូវីដរវាងខ្លួន និងអ្នកដទៃ។
នារីលក់ម៉ាសត្រង់ចំណុចគល់ស្ពានឥន្ទធនូត្រើយខាងកើតក្នុងក្រុងកំពតបានបញ្ចេញអំពីអារម្មណ៍ផ្ទាល់ខ្លួនថាកាលអំឡុងពេលកូវីដ-១៩ឆ្លងរាលដាលខ្លាំង ការលក់ម៉ាសដាច់មែនទែនរហូតថ្ងៃខ្លះបញ្ជាទិញស្ទើរមិនទាន់ពេល។ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ទាំងម៉ាស ទាំងអាល់កុល ជែលមិនសូវមានអ្នកមកសួរទិញទេ។
ពាក់ព័ន្ធនឹងការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រី អ្នកលក់ដដែលបានរៀបរាប់ថា អ្នកនាងសូមគាំទ្រចំពោះការលុបចោលកាតព្វកិច្ចពាក់ម៉ាសដោយផ្អែកលើភាពធូរស្រាលនៃវិបត្តិកូវីដ-១៩នេះ។ ចំពោះអ្នកដែលធ្លាប់ពាក់រហូតសម្របខ្លួនបាននោះពួកគាត់អាចនឹងបន្តប្រើប្រាស់ព្រោះការពាក់ម៉ាសមិនមែនសម្រាប់តែការពារជំងឺកូវីដ-១៩ទេ។ សម្រាប់អ្នកលក់ម្ហូបអាហារនំចំណី ការពាក់ម៉ាស់បានបង្ហាញពីភាពអនាម័យសម្រាប់ទំនិញរបស់ខ្លួនដើម្បីឱ្យភ្ញៀវបរិភោគដោយចិតហតជ្រះស្រឡះ។ ការពាក់ម៉ាស់ពេលធ្វើដំណើរតាមកង់ ម៉ូតូនឹងអាចបញ្ចៀសបានពីធូលីដីហុយចូលមាត់ និងការពារសម្រស់ផ្ទៃមុខផងដែរ។ ដូច្នេះ អ្នកនាងជឿជាក់ថាការលក់ម៉ាស់នឹងនៅតែអាចដំណើរការបានដដែលទោះជំងឺកូវីដ-១៩ផុតរលត់ទៅវិញក៏ដោយ។
បញ្ជាក់ឱ្យដឹងកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិតហេង ចាន់ថា ប្រធានការិយាល័យបច្ចេកទេសមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពតបានប្រាប់ឱ្យដឹងថា បច្ចុប្បន្នស្ថានភាពកូវីដ-១៩ក្នុងខេត្តកំពតមានលក្ខណ:ល្អប្រសើរ។ អំឡុងពេលមួយសប្តាហ៍ចុងក្រោយនេះ ទូទាំងខេត្តមិនមានករណីវិជ្ជមានជំងឺកូវីដ-១៩កើតឡើងទេ៕សរន