ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ លោក ម៉ម ប៊ុននាង ប្រធាន​គណៈកម្មការ​ទី​១០ នៃ​ព្រឹទ្ធសភា បាន​អញ្ជើញ​ជួបប្រជុំ​ពិភាក្សា ជាមួយនឹង​ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ ដឹកនាំ​ដោយ​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ ធំ នៅ​សាលប្រជុំ​សាលា ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ ដើម្បី​ឈ្វេង យល់​អំពី ការអនុវត្ត​ច្បាប់ ប្រឆាំង​អំពើពុករលួយ នៅ​ខេត្តកំពង់ធំ ។​

​លោក ងួន រតនៈ បាន​ថ្លែង​នូវ​ការស្វាគមន៍ ចំពោះ​គណៈកម្មការ​ទី​១០ នៃ​ព្រឹទ្ធសភា ដែល​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម ក្នុង​ទឹកដី​ខេត្តកំពង់ធំ​។ លោក​អភិបាលខេត្ត បាន​ជម្រាបជូន គណៈប្រតិភូ អំពី​ទីតាំង​ភូមិសាស្ត្រ ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់​សេវាសាធារណៈ ការងារ​សង្គម និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខេត្ត​។ ចំពោះ​ការធ្វើកំណែទម្រង់ ក្នុង​ការផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ ប្រកបដោយ តម្លាភាព គណ​នេ​ភាព និង​បរិ​យា​ប័ន្ន ជាពិសេស​ភាពងាយស្រួល មិន​សាំញ៉ាំ ឆាប់រហ័ស តាមរយៈ​យន្តការ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ពិតជា​កំណែទម្រង់ ដ៏​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថាៈ ទោះបី​មាន​កិច្ចខិតខំ​ប្រឹងប្រែង យ៉ាងនេះ​ក្តី ក៏​ខេត្ត នៅ​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គ្រប់លំដាប់​ថ្នាក់ សហការគ្នា ជួយ​ដោះស្រាយ​ថែមទៀត​។​

​ទន្ទឹម​នោះដែរ លោក ម៉ម ប៊ុននាង បាន​មានប្រសាសន៍ថាៈ ព្រឹទ្ធសភា ជា​អង្គ​ការដែល មានអំណាច​នីតិប្បញ្ញត្តិ ហើយ​មាន​មុខងារ​ស្នូល ចំនួន​៣ គឺ​មុខងារ​នីតិកម្ម មុខងារ​តាម ដាន​ការអនុវត្ត​ច្បាប់ និង​មុខងារ​តំណាង មុខងារ​នីមួយៗ អនុវត្ត​ក្នុង​ពេលវេលា​ខុសៗ​គ្នា ។

​ប្រធាន​គណៈកម្មការ​ទី​១០ នៃ​ព្រឹទ្ធសភា បាន​បន្តថាៈ ពេលនេះ គឺ​ស្ថិតក្នុង​ចន្លោះ សម័យប្រជុំ​ព្រឹទ្ធសភា ហេតុនេះ គណៈកម្មការ​ទាំង ១០ នៃ​ព្រឹទ្ធសភា បាននិងកំពុង​បំពេញ មុខងារ​តាមដាន​ការអនុវត្ត​ច្បាប់ តាមរយៈ​ការចុះ​ជួបពិភាក្សា​ការងារ ជាមួយ​ក្រសួង ស្ថាប័ន​តាម​វិស័យ ជា​សមត្ថកិច្ច និង​ចុះ​តាម​បណ្តា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់ ដើម្បី​ឈ្វេងយល់ អំពី​វឌ្ឍនភាព​ការងារ និង​បញ្ហា​នានា ទាក់ទង​នឹង​វិស័យ​ជា សមត្ថកិច្ច​របស់ខ្លួន ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច ក្នុង​ក្របខណ្ឌ​នៃ ការអនុវត្ត​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​លទ្ធផល​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព និង​ការអភិវឌ្ឍ​មូលដ្ឋាន ។​

​លោក ម៉ម ប៊ុននាង បានផ្តល់​អនុសាសន៍ ឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ ត្រូវ​ចាត់វិធានការ ឱ្យបាន​ម៉ឺងម៉ាត់ ក្នុងការ​ប្រុ​ទ្ធ​ប្រឆាំង អំពើពុករលួយ ការរំលោភ​អំណាច ជាពិសេស​ចូលរួម​ទប់​ស្តា​ត់​ការជួញដូរ និង​ប្រើប្រាស់ គ្រឿងញៀន ឱ្យបាន​កាន់តែ​ប្រសើរឡើង​ថែមទៀត ។ ចំពោះ​អំពើពុករលួយ និង​រំលោភ​អំណាច គឺជា​ឧបសគ្គ​ដ៏​ធំ និង​ចម្បង ក្នុងការ​កាត់បន្ថយ​ល្បឿន ក្នុងការ​អភិវឌ្ឍ និង​ការអនុវត្ត​កំណែទម្រង់​នានា របស់​រាជរដ្ឋាភិបាល និង​ជា​កម្មវត្ថុ ដែល​អង្គភាព​ប្រឆាំង អំពើពុករលួយ បាននិងកំពុង​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប ដោយ​អនុលោម​តាមច្បាប់ ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។

​ដោយឡែក ចំពោះ​បញ្ហា​ប្រឈម និង​សំណូមពរ​នានា ដែល​អាជ្ញាធរខេត្ត ពុំ​អាច​ដោះ ស្រាយ​បាន គណៈប្រតិភូ​គណៈកម្មការ​ទី ១០ នៃ​ព្រឹទ្ធសភា នឹង​រាយការណ៍​ជូន គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ព្រឹទ្ធសភា ព្រមទាំង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាត់​វិធាន ការដោះស្រាយ ឱ្យមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​៕/V​