ដោយ​៖ ង៉ាន់ វីន​​អ្នកស្ម័គ្រចិត្ត​កម្ពុជា និង​ជា​និស្សិត​អាហារូបករណ៍​ផ្នែក​សុខភាព​សហគមន៍​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​​/តាកែវ៖​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ សិស្សានុសិស្ស​ថ្នាក់​ទី​៨​ចំនួន​១១​នាក់ មកពី​វិទ្យាល័យ​ជាស៊ីម តាកែវ បាន​ចូលមក​ទស្សនា​ផ្ទាំង​ពិព័រណ៍​រូបថត ដែល​ដាក់តាំង​បង្ហាញ​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ខេត្តតាកែវ​។

សិស្សានុសិស្សថ្នាក់ទី៨ចំនួន១១នាក់ មកពីវិទ្យាល័យជាស៊ីម តាកែវ ទស្សនាផ្ទាំងពិព័រណ៍រូបថត ដែលដាក់តាំងបង្ហាញនៅក្នុងបរិវេណមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវ។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជាបានដាក់​តាំង​បង្ហាញ​ផ្ទាំង​ពិព័រណ៍​ចំនួន​៨​ផ្ទាំង​នៅក្នុង​បរិវេណ​ខាងមុខ​ទីស្នាក់ការ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ខេត្តតាកែវដើម្បីបង្ហាញ​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​របប​ខ្មែរក្រហម​ដូចជា​៖ រូបថត​បង្ហាញ​ពី​ការបំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​សង្គ្រាម​រ៉ាំ​រ៉ៃ នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ (​រូបថត​ស្ពាន​ជ្រោយចង្វារ​), រូបថត​មេដឹកនាំ​ខ្មែរក្រហម​ដែល​បាន​បង្ក​ឲ្យ​មានការ​បាត់បង់​ជីវិត​មនុស្ស​រាប់លាន​នាក់​ក្នុងអំឡុងពេល​គ្រប់គ្រង​របស់ខ្លួន និង​រូបថត​ស្តីពី​ដំណើរ​វិលត្រឡប់​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហមមកកាន់​ស្រុកកំណើត​របស់ខ្លួន បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​នៅក្នុង​ខែមករា ឆ្នាំ​១៩៧៩​។​

​ជាដំបូងក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ខេត្តតាកែវ បាន​ណែនាំ​សិស្សានុសិស្ស​ទាំងនោះឲ្យ​ពិនិត្យមើល​និង​ស្វែងយល់​ពី​រូបថត​និង​ខ្លឹមសារ​នៃ​រូបថត​នីមួយៗ​នៃ​ផ្ទាំង​ពិព័រណ៍​ទាំង​៨​ផ្ទាំង​។

សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​ទាំងអស់ បាន​សួរ​សំណួរ​ក្នុង​គោលបំណង​ចង់​ស្គាល់​មុខមាត់​របស់​តា​ម៉ុក ដែលជា​ប្រធាន​ភូមិភាគ​និរតី​។ ក្រុមការងារបានចង្អុលបង្ហាញ​សិស្ស​ម្នាក់​នោះ​ពី​រូបថត តា​ម៉ុក អម​ជាមួយនឹង​ការពន្យល់​បន្ថែម​ពី​តួនាទី និង​ប្រវត្តិ​របស់ តា​ម៉ុក​។

​តា​ម៉ុក គឺជា​លេខា​ភូមិភាគ​និរតី ឬ​ភូមិភាគ​៤០៥​។ ភូមិភាគ​នេះ រួមមាន​ខេត្តកំពត​និង​ខេត្តតាកែវ​ទាំងមូល ស្រុក​ពីរ​ក្នុង​ខេត្តកំពង់ស្ពឺ (​ស្រុក​សំរោង​ទង​និង​ស្រុក​គងពិសី​) និង​ស្រុក​ប្រាំ​ក្នុង​ខេត្តកណ្តាល (​ស្រុក​កណ្តាលស្ទឹង ស្អាង កោះធំ កៀនស្វាយ និង ស្រុក​លើកដែក​)​។ ភូមិភាគ នេះ​ចែកចេញជា​បួន​តំបន់​គឺ ៖ តំបន់​១៣ តំបន់​៣៣ តំបន់​៣៥ និង តំបន់​២៥​។

សិស្សានុសិស្សថ្នាក់ទី៨ចំនួន១១នាក់ មកពីវិទ្យាល័យជាស៊ីម តាកែវ ទស្សនាផ្ទាំងពិព័រណ៍រូបថត ដែលដាក់តាំងបង្ហាញនៅក្នុងបរិវេណមជ្ឈមណ្ឌលឯកសារកម្ពុជា ខេត្តតាកែវ។ (ង៉ាន់ វីន/មជ្ឈមណ្ឌលឯកសារកម្ពុជា)

យោងតាម​សៀវភៅ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ បោះពុម្ព​ឆ្នាំ​២០២០ ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជាបាន​ឲ្យ​ដឹង​ពី​សាវតារ​បស់ តា​ម៉ុក ដោយ​សង្ខេប​ថា​៖ «​តា​ម៉ុក​កើត​ឆ្នាំ​១៩២៦ នៅ​ខេត្តតាកែវ​។ តា​ម៉ុក បាន​បួស​រៀន​អស់​ជាច្រើន​ឆ្នាំហើយ​បាន​រៀបការជាមួយ​ប្អូនជីដូនមួយ​របស់គាត់​ឈ្មោះ អ៊ុក ឃឹម ហើយ​មានកូន​បួន​នាក់​។ ឆ្នាំ​១៩៤៩ តា​ម៉ុក​ធ្វើជា​ប្រធាន​ឥស្សរៈ​ស្រុក​ក្នុង​ខេត្តតាកែវ​។ តា​ម៉ុក បាន​ចូល​ជា​សមាជិក​ក្រុម​កុម្មុយនីស្ត​នៅ​ឆ្នាំ​១៩៦៣​។ ពី​ឆ្នាំ​១៩៦៨ ទៅ​ឆ្នាំ​១៩៧៨ តា​ម៉ុក​ជា​លេខា​ភូមិភាគ​និរតី​។ នៅ​ខែវិច្ឆិកា​ឆ្នាំ​១៩៧៨ តា​ម៉ុក ត្រូវបានតែងតាំង​ជា​អនុ​លេខា​ទី​ពីរ​បក្ស​កុម្មុយនីស្ត​កម្ពុជា​។ បន្ទាប់ពីការដួលរលំ​របស់​ក​ម្ពុ​ជា​ប្រជាធិបតេយ្យ តា​ម៉ុក មិនដែល​ស្នើសុំ​ការលើកលែងទោសហើយ​មិន​ដែលមានបំណង​ចុះចូល​ជាមួយ​រដ្ឋាភិបាល​ទេ​។ តា​ម៉ុក ត្រូវបាន​ចាប់ខ្លួន​ដោយ​កងទ័ព​រដ្ឋាភិបាល​នៅក្បែរ​ព្រំដែន​ថៃ នៅ​ខែមីនា ឆ្នាំ​១៩៩៩​។ បច្ចុប្បន្ន តា​ម៉ុក ស្ថិតក្នុង​មន្ទីរឃុំឃាំង​រងចាំ​ការកាត់ទោស​ចំពោះ​បទឧក្រិដ្ឋ​ដែល​បានប្រព្រឹត្ត​ក្នុង​រយៈកាល​កម្ពុជា​ប្រជាធិបតេយ្យ​»​។​

​បន្ទាប់មក​មុននឹង​អ្នក​ទាំងនោះ​ត្រូវ​វិលត្រឡប់​ទៅកាន់​ថ្នាក់រៀន​របស់ខ្លួន​វិញ ក្រុមការងារ​យើង​បាន​ណែនាំ​ពី​ទីតាំង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មួយកន្លែង​ទៀត ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ខេត្តតាកែវ ព្រមទាំង​បាន​ពិពណ៌នា​ពី​គោលបំណង​នៃ​ការបង្កើត​នេះ​ថា ដើម្បី​ផ្តល់ឱកាស​ដល់​សិស្សានុសិស្ស គរុ​សិស្ស គ្រូបង្រៀន អ្នកស្រាវជ្រាវ និង​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម បាន​ចូល​ប្រើប្រាស់​ឯកសារ និង​រៀនសូត្រ​បន្ថែមទៀត​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម សម្រាប់​ការចងចាំ និង​ទប់ស្កាត់​ការវិលត្រឡប់​នៃ​របប​ប្រល័យពូជសាសន៍​ជា​លើក​ទី​ពីរ​ទៀត​៕សរន