​ដោយៈ សុផល / ភ្នំពេញ​: ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ក្រសួង​ស្ថាន​ប័ន អង្គការ​ដៃគូ ពាក់ព័ន្ធ​មួយចំនួនទៀត នា​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ ២០២២ នៅ​ផ្សារ​ទំនើប AEON Mall សែន​សុខ បានរៀបចំ​ប្រារព្ធ​ទិវា កម្មសិទ្ធិបញ្ញា​ពិភពលោក ក្រោម​ប្រធានបទ កម្មសិទ្ធិបញ្ញា និង​យុវជន ការបង្កើត​ថ្មី សម្រាប់​អនាគត កាន់តែ​ល្អប្រសើរ​។​

​លោកស្រី បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា​៖ ការ​ប្រារព្ធ​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក​នេះ ដើម្បី​លើកកម្ពស់ ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ ក្នុងការ​បង្កើត​ផលិតផល​បច្ចេកវិទ្យា និង​ជំរុញ​គំនិត​ច្នៃប្រឌិត និង​ការបង្កើត​ថ្មី ព្រមទាំង​ឧស្សាហកម្ម​វប្បធម៌ ឱ្យ​ឆ្លើយតប​ទៅនឹង​បរិបទ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល និង​បដិវត្ត​ឧស្សាហកម្ម ជំនា​ន់ទី​៤ ហើយ​ចូលរួមចំណែក ក្នុងការ​សម្រេចបាន​នូវ ចក្ខុវិស័យ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០៥០​។​

​លោកស្រី បណ្ឌិតសភា​ចា​រ្យ បាន​បន្តថាៈ «​ទិវាក​ម្មសិ​ទិ្ធ​បញ្ញា និង​អង្គសិក្ខាសាលា​ថ្នាក់ជាតិ ពិត​ជាមាន​អត្ថប្រយោជន៍ និង​សារៈសំខាន់​ខ្លាំងណាស់ ជាពិសេស ចំពោះ​ប្អូន​យុវជន​តែម្តង ព្រោះ​វា​បានផ្តល់​នូវ​ចំណេះដឹង​ថ្មីៗ ក៏ដូចជា បទពិសោធន៍​ល្អៗ សម្រាប់​យកទៅអនុវត្ត ជាក់ស្តែង និង​ផ្សព្វផ្សាយ​បន្ត នៅតាម​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ចូលរួមចំណែក ក្នុងការ​លើកកម្ពស់ ទៅដល់​ការបង្កើត​នូវ ស្នាដៃ​ថ្មីៗ​បន្ថែមទៀត​»​។​

​លោកស្រី បាន​បន្ថែមថាៈ ច្បាប់​សិទ្ធិ​អ្នកនិពន្ធ គឺ​ផ្នែក​មួយ នៃ​ច្បាប់​កម្មសិទ្ធិបញ្ញា ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង និង​គោលដៅ​ជួយ​ជំរុញ ការបង្កើតឱ្យមាន​ស្នាដៃ​ថ្មីៗ និង​ការពារ​នូវ​ផលិតផល​វប្បធម៌ ជា​ស្នាដៃ​អ្នកនិពន្ធ អ្នក​សម្តែង ផលិតករ​ហ្វូ​ណូ​ក្រាម និង​អង្គភាព​ទូរ​ផ្សាយ សំដៅ​ធានា​ការធ្វើ​អាជីវកម្ម​មួយ​ត្រឹមត្រូវ ស្របច្បាប់​លើ​ផលិតផល វប្បធម៌​ទាំងនោះ ដើម្បី​រួមចំណែក ក្នុងការ​អភិវឌ្ឍន៍​វិស័យ​វប្បធម៌ និង​ស្របតាម​គោល នយោបាយ​ជាតិ ស្តីពី​វិស័យ​វប្បធម៌​ឆ្នាំ​២០១៤ និង​ចូលរួមចំណែក​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ចសង្គម ដែលជា​កត្តា​ជួយ​ជំរុញ លើកទឹកចិត្ត​ដល់​អ្នកនិពន្ធ ផលិតករ សិល្បករ ម្ចាស់​សិទ្ធិ ឱ្យ​ខិតខំ​បង្កើត​ស្នាដៃ​ថ្មី និង​ដើម្បី​ទាក់ទាញ​វិនិយោគិន ឱ្យ​ចូលមក​ប្រកប​របរ​ក្នុងស្រុក ដោយ​អនុលោម​តាម​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ជាពិសេស​អនុសញ្ញា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា ដែល​កម្ពុជា បាន​ចូល​ជា​ភាគី​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម សង្ឃឹមថាៈ ការ​ប្រារព្ធ​ទិវា​នេះ នឹងចូលរួម ដាស់​ស្មារតី​យុវជន ឱ្យ​រួមគ្នា បង្កើត​បច្ចេកវិទ្យា​ថ្មី ផលិតផល​ថ្មី ស្នាដៃ​ថ្មី សម្រាប់​ប្រទេស ប្រជាជន​កម្ពុជា និង​សាកលលោក​។​

​លោក​រដ្ឋ​ម​ន្ទ្រី​ពាណិជ្ជកម្ម បានលើកឡើង​ថាៈ «​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក ក្រោម​ប្រធានបទ​កម្មសិទ្ធិបញ្ញា និង​យុវជន​: ការបង្កើត​ថ្មី សម្រាប់​អនាគត កាន់តែ​ល្អប្រសើរ ពិត​ជាមាន​សារៈសំខាន់ សម្រាប់​ប្រទេស​កម្ពុជា ខណៈដែល​កក្តា​ប្រជាសាស្ត្រ របស់​ប្រទេស​យើង មួយផ្នែកធំ គឺជា​ធនធាន​យុវជន ដែលជា​សសរទ្រូង​ប្រទេសជាតិ និង​ជា​កម្លាំង​ជំរុញ​ផ្នែក​សេដ្ឋកិច្ចជាតិ​ទាំងមូល ។ យុវជន​កម្ពុជា ពិតជា​មានភ័ព្វ​សំណាង ណាស់ ដែល​ស្ថិតក្នុង​បរិបទ​អំណោយផល ដោយ​កក្តា​សន្តិភាព កក្តា​នយោបាយ​របស់ រាជរដ្ឋាភិបាល​កម្ពុជា ផ្តោតលើ​ការអភិវឌ្ឍ​សមត្ថភាព​យុវជន និង​ប្រព័ន្ធ​ការពារ កម្មសិទ្ធិបញ្ញា ដ៏​រឹងមាំ ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ អន្តរជាតិ សម្រាប់​យុវជន​បញ្ចេញ​សមត្ថភាព ទេពកោសល្យ ភាព​ច្នៃប្រឌិត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ជាតិ និង​ការចាប់យក​បច្ចេកវិទ្យា ជំនា​ន់ទី​៤​។ យ៉ាងណាមិញ យុវជន​កម្ពុជា កំពុង​រស់នៅ ក្នុង​យុគសម័យ​សកល​ភា​វូប នីយកម្ម ពោ​ពេញ​ដោយ​ការប្រកួតប្រជែង​បញ្ហា និង​គំនិត ដែល​ទាមទារ​ឱ្យ​យុវជន ពង្រឹងសមត្ថភាព ឱ្យ​ខ្លាំង​ទ្វេដង និង​មាន​ឆន្ទៈ​ខ្ពស់ ដើម្បី​សម្រេច​គោលដៅ » ។​

​សូមបញ្ជាក់ថា បន្ទាប់ពី​បើក​ប្រារព្ធ​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក​នេះ ពេលព្រឹក​រួច គឺ​នៅ រសៀល​ថ្ងៃ​ដដែល ក្រសួង​ស្ថាប័ន និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ បាន​បន្ត​រៀបចំ សិក្ខាសាលា ស្តីពី សិទ្ធិ​អ្នកនិពន្ធ និង​ការអភិវឌ្ឍ​យុវជន ប្រកបដោយ​ភាព​ឆ្នាំ​ប្រឌិត សម្រាប់​អនាគត កាន់តែ​ប្រសើរ​តាមរយៈ​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ Zoom ផងដែរ​៕/V​