ភ្នំពេញ៖តាមរយៈសារសំឡេង នៅថ្ងៃទី២៦ ខែមេសានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាសនៅតាមទីសាធារណៈនានា នៅទូទាំងប្រទេស ចាប់ពីពេលថ្ងៃទី២៦ ខែមេសានេះតទៅ។ ពោលគឺទុកឲ្យប្រជាពលរដ្ឋម្នាក់ៗ ជាអ្នកសម្រេចចិត្តខ្លួនឯងថា គួរពាក់ម៉ាស ឬមិនពាក់ម៉ាស ក៏បាននៅទីសាធារណៈ។
ប៉ុន្តែតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ការពាក់ម៉ាសនៅតែចាំបាច់ នៅក្នុងទីកន្លែងបិទជិត និងទីកន្លែង ដែលមានម៉ាស៊ីនត្រជាក់ ដូចជា ក្នុងបន្ទប់ប្រជុំ ឬក្នុងរោងភាពយន្ត ជាដើម។ សេចក្តីសម្រេចនេះ បានធ្វើឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិគ្រោះយោបល់អំពីបញ្ហានេះ រួចមក។
ការដកចេញនូវវិធានការពាក់ម៉ាស ទៅតាមទីសាធារណៈនេះ ក៏បានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថា នៅកម្ពុជា អត្រាឆ្លងជំងឺកូវីដ១៩ មានអត្រាទាបបំផុត ជាពិសេសនៅក្រោយពិធីបុណ្យចូលឆ្នាំថ្មី ទោះបីជារាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយគ្មានការរឹតបន្តឹងវិធានការសុខភាព ហើយជាពិសេស ពលរដ្ឋជាច្រើន បានចូលរួមកម្សាន្តសប្បាយ ដោយមិនបានពាក់ម៉ាសឬរក្សាគម្លាតនោះឡើយ។
សេចក្តីសម្រេចដកចេញនូវវិធានការពាក់ម៉ាស នៅទីសាធារណៈ នៅទូទាំងប្រទេស ក៏បានធ្វើឡើង ខណៈដែលក្រសួងសុខាភិបាល បានប្រកាសថា នៅទូទាំងប្រទេស មានករណីឆ្លងកូវីដ១៩ ប្រភេទអូមីក្រុង តែពីរនាក់ប៉ុណ្ណោះ កាលពីថ្ងៃទី២៥ ខែមេសាម្សិលមិញ។ យូរថ្ងៃមកហើយនៅកម្ពុជាយើង មិនមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ទៀតឡើយ។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល លើកទឹកចិត្តឱ្យពាក់ម៉ាសនៅកន្លែង ដែលមានការសង្ស័យ ឬកន្លែងដែលមានមនុស្សច្រើន។ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក៏សង្ឃឹមថា ពលរដ្ឋខ្មែរយើងនឹងបានរំដោះខ្លួនចេញពីការលំបាក ដោយការចំណាយក្នុងការទិញម៉ាស។ ប៉ុន្តែប្រជាពលរដ្ឋយើងត្រូវទៅទទួលវ៉ាក់សាំង ពិសេសដូសទី៣ ឲ្យបានគ្រប់គ្នា។
ជាការពិត ក្នុងសង្គមយើង ចាប់តាំងពីរាជរដ្ឋាភិបាល សម្រេចបើកប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ គឺការជួបជុំតាមហាង តាមកន្លែងផឹកស៊ី ការជួបជុំក្នុងពិធីមង្គលការ ក្នុងពិធីបុណ្យ ជាដើម ក៏មានអ្នកមិនពាក់ម៉ាសហើយការរក្សាគម្លាតសុវត្ថិភាព ក៏មិនត្រូវបានអនុវត្តឱ្យបានពេញលេញឡើយ។ ជាងនេះទៅទៀត អំឡុងពេលពិធីបុណ្យសំខាន់ៗ ដូចជា បុណ្យឆ្លងឆ្នាំ បុណ្យចូលឆ្នាំចិន ហើយជាពិសេសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលទើបបញ្ចប់ថ្មីៗនេះ ក៏មានអ្នកដើរលេង និងជួបជុំគ្នាច្រើន ហើយមិនពាក់ម៉ាស និងមិនបានរក្សាគម្លាតសុវត្ថិភាពថែមទៀតផង។
ក៏ប៉ុន្តែការឆ្លងរាលដាលកូវីដ១៩ នៅកម្ពុជាយើង ក៏បានថមថយជាបន្តបន្ទាប់ ពោលគឺនៅក្រោម ៣០នាក់ ក្នុង ១ថ្ងៃៗ នៅមុនបុណ្យចូលឆ្នាំ អំឡុងពេលចូលឆ្នាំ និងនៅក្រោយចូលឆ្នាំ។ ជាងនេះទៅទៀត នៅថ្ងៃទី២៥មេសា ចំនួនអ្នកឆ្លងកូវីដ បានថយមកនៅត្រឹមតែពីរនាក់ប៉ុណ្ណោះ។
ម្យ៉ាងការជួបជុំអំឡុងពេលចូលឆ្នាំ ចាប់ពីថ្ងៃទី១៤-១៧មេសា រហូតដល់ពេលនេះបញ្ជាក់ថា មិនមានករណីឆ្លងរាលដាលកូវីដ ផ្ទុះឡើងឡើយ។ ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅទូទាំងប្រទេស តាមទីសាធារណៈ ក្រោយពីការលើកលែងការពាក់ម៉ាស់ដូច្នេះ បានអនុវត្តរួចមកហើយចាប់តាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងនៅខេត្តព្រះវិហារ ក៏មិនមានករណីណាមួយ បង្ហាញពីការឆ្លងរាលដាលកូវីដនោះឡើយ។
ដូច្នេះអំឡុងពេលនេះ នឹងមិនមានហានិភ័យ ឈានទៅដល់ការឆ្លងរាលដាលកូវីដ ដោយសារតែការលើកលែងការពាក់ម៉ាស់នៅទីសាធារណៈនោះទេ។ ប៉ុន្តែប្រជាពលរដ្ឋយើងមួយចំនួនធំ ក៏នៅតែបន្តពាក់ម៉ាសជាប់ជាប្រចាំ រាល់ពេលចេញពីផ្ទះ។ នេះអាចជាទម្លាប់ ក៏ថាបាន។ តែការពាក់ម៉ាស់ ក្រៅពីការពារកុំឱ្យឆ្លងកូវីដ ក៏ជាមធ្យោបាយល្អ ក្នុងការការពារជំងឺផ្លូវដង្ហើមជាច្រើនទៀត រួមទាំងការបន្ថយក្លិនមិនល្អ ចូលតាមផ្លូវដង្ហើម ឬធូលីដីផងដែរ។ ចំណែកអនាម័យលាងសម្អាតដៃញឹកញាប់ មិនថា លាងដៃនឹងសាប៊ូ ឬអាល់កុល នោះទេ គឺសុទ្ធតែជាទម្លាប់ល្អ ដើម្បីសម្លាប់មេរោគ ដែលធ្វើឱ្យសុខភាពយើង ល្អទៅតាមនោះដែរ៕សរន