​ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានស្នើ​ដល់ អាជ្ញាធរ​ខណ្ឌ ទាំង​១៤ ត្រូវ​សហការ​អោយបាន​ល្អ ជាមួយ​សាខា​ពន្ធដា​ខណ្ឌ​ទាំងអស់ ដើម្បី​បំពេញការងារ​គៀងគរ ប្រមូល​ពន្ធ​ចំណូល​ចូល​រដ្ឋ កាន់តែ​ល្អប្រសើរ ពោលគឺ បើ​មាន​បញ្ហា​អ្វីមួយ ត្រូវ​រួមគ្នា​ធ្វើការ​ដោះស្រាយ ព្រោះថា ការអភិវឌ្ឍន៍​មូលដ្ឋាន គឺ​ពឹង​ផ្អែកលើ​ថវិកា​ចំណូល របស់​ពន្ធដា​នេះហើយ​។​

​ការស្នើ​បែបនេះ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង​ក្នុង​ពិធី ប្រកាស​កែសម្រួល​ភារកិច្ច និង​តែងតាំង ថ្នាក់ដឹកនាំ​សាខា​ពន្ធដា​ខណ្ឌ ចំនួន​៦នា​រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ ២០២២ នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រដ្ឋាភិបាល ទទួលបន្ទុក ជា​អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​ពន្ធដា​រ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ ការប្រមូល​ពន្ធ បើ​មាន​បញ្ហា​ខុសឆ្គង​ណាមួយ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ត្រូវតែ​រួមសហការ​គ្នា ជាមួយ​សាខា​ពន្ធដា ដើម្បី​សម្រួល​លើ ការប្រមូល​ពន្ធ​នេះ ឲ្យ​បានល្អ​ប្រសើរ ។ ការប្រមូល​ពន្ធ គឺ​ដើម្បី​យក​ថវិកា​ទាំងនោះ មក​ធ្វើ ការអភិវឌ្ឍ​ប្រទេសជាតិ របស់​យើងទាំងអស់គ្នា ដូច្នេះ​យើង​ត្រូវតែ​រួមគ្នា ដើម្បី​សម្រួល លើ​កិច្ចការងារ​នេះ ឲ្យ​បានល្អ​ប្រសើរ ។​

​លោក ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថាៈ កន្លងមក យើង​បាន​អនុវត្តបាន​ល្អប្រសើរ ហើយ ប៉ុន្តែ​ទោះបី​ជាណា​យ៉ាងណាក្តី លោក​នៅតែ​ជំរុញ​ឲ្យ​បន្តសកម្មភាព​នេះ ឱ្យ​កាន់តែ ល្អប្រសើរ​ថែមទៀត ដើម្បីឱ្យ​កម្ពុជា នឹង​ក្លាយជា​ប្រទេស មាន​ប្រាក់ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។​

​ដោយឡែក លោក គង់ វិបុល នៅក្នុង​ឱកាស​នោះ ក៏បាន​លើកឡើង ពី​ការ​អរគុណ ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ខណ្ឌ សង្កាត់ ដែល​តែងតែ​ផ្តល់​ការសហការ​ជាមួយ សាខា​ពន្ធដារ តាម​បណ្ដា​ខណ្ឌ និង​មន្ត្រី​ពន្ធដារ​ផ្សេងទៀត នាពេល​កន្លងមក បានល្អ​។ លោក ស្នើឱ្យ​អាជ្ញាធរ​រាជធានី ខណ្ឌ សង្កាត់ បន្ត​ជួយ​សាខា​ពន្ធដារ ឲ្យ​កាន់តែ​ល្អប្រសើរ ថែមទៀត ដើម្បី​ងាយស្រួល លើ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ​។​

​ពាក់ព័ន្ធ​នឹង​ពិធី​ប្រកាស​តែងតាំង ថ្នាក់ដឹកនាំ​សាខា​ពន្ធដា​រ ខណ្ឌ​ទាំង​៦ រូប​ខាងលើនេះ លោក គង់ វិបុល បានធ្វើ​ការណែនាំ​អោយ​ប្រធាន​សាខា​ពន្ធដារ ទាំង​៦​រូប ត្រូវយក​ចិត្ត​ទុក ដាក់ ក្នុងការ​បំពេញការងា​រ លើ​ការប្រមូល​ពន្ធ​ចូល​រដ្ឋ ។​

​លោក​បាន​បញ្ជាក់ថាៈ មេដឹកនាំ ត្រូវតែមាន​ការទទួល​ខុសត្រូវ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង ឲ្យ​បានល្អ​ប្រសើរ មេដឹកនាំ ត្រូវតែមាន​លក្ខណៈ​ច្នៃប្រឌិត ធ្វើយ៉ាងណា ប្រមូល​ពន្ធ​ចូល​រដ្ឋ ឲ្យ​បាន​កាន់តែ​កើនឡើង​។ ថ្នាក់ដឹកនាំ​ពន្ធដារ មាន​បញ្ហា ត្រូវតែ​ដោះស្រាយ កុំ​ទុក​ឲ្យ​រឿង រ៉ាវ កាន់តែ​ធំ ថ្នាក់ដឹកនាំ​សាខា​ពន្ធដា​រ ត្រូវតែមាន​ការច្នៃប្រឌិត និង​កែទម្រង់​នៃ​ការដឹកនាំ បើ​មិនមាន​ការច្នៃប្រឌិត និង​កែទម្រង់​ទេ គឺ​មានតែ​ផ្លាស់ប្ដូរ​ចេញ​។​

​គួរ​បញ្ជាក់ថា មន្ត្រីរាជការ​ពន្ធដារ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំនួន ៦ រូប ដែល​ត្រូវ​កែសម្រួល​ភារកិច្ច និង​តែងតាំង ខាងលើនេះ រួមមាន​៖
១. លោកស្រី គា រ៉ា​មី បច្ចុប្បន្ន អនុប្រធាន​សាខា​ពន្ធដារ ខណ្ឌដូនពេញ ជា​ប្រធាន​សាខា ពន្ធដារ​ខណ្ឌមានជ័យ ជំនួស​លោក នួន ថេរី ដែល​ចូលនិវត្តន៍​។
២. លោក យិន ចិន្តា​វុ​ឌ្ឃ បច្ចុប្បន្ន ប្រធាន​សាខា​ពន្ធដារ ខណ្ឌទួលគោក ជា​ប្រធាន​សាខា ពន្ធដារ ខណ្ឌ​៧​មករា ជំនួស​លោក ប៊ុត ណុ​ច ដែល​ទទួល​ភារកិច្ច​ថ្មី ។​
៣. លោក អេង ធីតា បច្ចុប្បន្ន ប្រធាន​សាខា​ពន្ធដារ​ខណ្ឌដង្កោ ជា​ប្រធាន​សាខា​ពន្ធដារ ខណ្ឌទួលគោក ជំនួស​លោក យិន ចិន្តា​វុ​ឌ្ឍ ដែល​ទទួល​ភារកិច្ច​ថ្មី​។​
៤- លោក សែម សា​ខន បច្ចុប្បន្ន ប្រធាន​សាខា​ពន្ធ ដារ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ប្រធាន សាខា​ពន្ធដារ ខណ្ឌឫស្សីកែវ ជំនួស​លោក ឆាយ សុ​វណ្ណា ដែល​ទទួល​ភារកិច្ច​ថ្មី​។​
៥. លោក មុត ណុ​ច បច្ចុប្បន្ន ប្រធាន​សាខា​ពន្ធដារ​ខណ្ឌ ៧​មករា ជា​ប្រធាន​សាខា​ពន្ធដារ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជំនួស​លោក សែម សា​ខន ដែល​ទទួល​ភារកិច្ច​ថ្មី​។​
៦. លោក ឆាយ សុវណ្ណ បច្ចុប្បន្ន ប្រធាន​សាខា​ពន្ធដារ ខណ្ឌ​ឬ​ស្សី​កែវ ជា​ប្រធាន​សាខា ពន្ធដារ​ខណ្ឌដង្កោ ជំនួស លោក អេង ធីតា ដែល​ទទួល ភារកិច្ច​ថ្មី​៕/V​