ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេស​កម្ពុជាលោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ស្នើឱ្យ​ភាគីអ៊ីតាលី​ពិនិត្យ​ពិចារណា​ឡើងវិញ​អំពី​ការយកពន្ធ​ខ្ពស់​លើ​ការ​នាំចូល​អង្ករ​របស់​កម្ពុជា និង​បាន​គូសបញ្ជាក់​អំពី​សារសំខាន់​នៃ​ទំនាក់ទំនង​យូរលង់រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​អ៊ីតាលី និង បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ពង្រឹង និង​លើកកម្ពស់​បន្ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគី ។ សំណើរនេះបានធ្វើឡើងនៅក្នុង​ឱកាស​លោក Lorenzo GALANTI ឯកអគ្គរដ្ឋទូត​អ៊ីតាលី​ប្រចាំ​កម្ពុជា មាន​និវេសនដ្ឋាន នៅ​ទីក្រុង​បាងកក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការក្រសួង កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែមេសា ឆ្នាំ​២០២២​។​

​ប្រភពក្រសួងការបទេសបានឱ្យដឹងថា ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគីលោ​ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់​ជាថ្មី​អំពី​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​របស់កម្ពុជា ចំពោះ​រដ្ឋាភិបាល​អ៊ីតាលី​ដែល​បានផ្តល់​អំណោយ​វ៉ាក់សាំង​អា​ស្ត្រា​ហ្សេ​និ​កា (Astra Zeneca) ចំនួន ១,៥៦​លាន​ដូ​ស​ដល់​កម្ពុជា ហើយ​ដែល​ត្រូវបាន​រៀបចំ​ពិធី​ទទួល​ផ្ទាល់​ដោយ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០២២ ។​ជំនួយ​នេះ​បានបង្ហាញ​ពី​សាមគ្គី​ភាពជា​សកល ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។
ក្នុង​ស្មារតី​សាមគ្គី​ភាពជា​សកល​នេះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា កាលពីពេល​កន្លងមក កម្ពុជា​បានអនុញ្ញាត​ឱ្យ​នាវា​ទេសចរ Westerdam ដែល​ត្រូវ បាន​បដិសេធ​ការចូល​ចត​ដោយ​ប្រទេស​មួយចំនួន ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ បានផ្តល់ជំនួយ​វ៉ាក់សាំង និង​គ្រឿង​បរិក្ខា​វេជ្ជសាស្ត្រ​ទៅ​ប្រទេស​មួយចំនួន​រួមមាន មី​យ៉ាន់​ម៉ា ឡាវ វៀតណាម នេ​ប៉ាល់ និង​ទី​ម័​រ​ខាងកើត ជាដើម និង​បាន​បញ្ជូន​កងកម្លាំង​ក​ម្ពុ​ជាជាង​៨​ពាន់​នាក់​ទៅ​ចូលរួម​ក្នុង​បេសកកម្ម រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅតាម​ប្រទេស​មួយចំនួន​។

​លោក​ឧបនាយករដ្ឋមន្ត្រី បានលើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ល្អប្រសើរ​ដែល​បាន​ស្តែង​ឱ្យ ឃើញ​តាមរយៈ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម និង​វត្ត​មាននៃ​ម៉ាក​ផលិតផល និង​ហាង​អាហារ​ល្បីៗ​របស់​អ៊ីតាលី នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​គូសបញ្ជាក់ថា បើទោះបី​ស្ថិតក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​ក្តី ទំហំ​ពាណិជ្ជកម្ម ទ្វេភាគី​មាន​ស្ថិរ​ភាពល្អ និង​បន្ត​កើនឡើង​លំដាប់ ព្រមទាំង​បាន​លើក​ទឹក ចិត្ត​ឱ្យ​ភាគី​ទាំងពីរ​រិះរក​មធ្យោបាយ ប្រកបដោយ​ប្រសិទ្ធភាព​បន្ថែមទៀត​ដើម្បី​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​។

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ស្នើឱ្យ​អ៊ីតាលី​ពិនិត្យ​ពិចារណា​ឡើងវិញ​អំពី​ការយកពន្ធ​ខ្ពស់​លើ​ការ​នាំចូល​អង្ករ​របស់​កម្ពុជា​។ ឯកឧត្តម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អ៊ីតាលី​ផងដែរ ដែល​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​ក្នុង​វិស័យ​វប្បធម៌ ក្រោម ក្របខ័ណ្ឌ​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​ការបណ្តុះបណ្តាល​អ្នកជំនាញ​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ​។​

​ជាការ​ឆ្លើយតបលោកកឯកអគ្គរដ្ឋទូត បាន​កោតសរសើរ​ចំពោះ​លទ្ធផល​ដ៏​ល្អប្រសើរ​នៃ​យុទ្ធនា​ការចាក់ វ៉ាក់សាំង​នៅ​កម្ពុជា និង​បាន​ថ្លែង​អំណរ​កម្ពុជា​ដែល​បាន​ចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​ជូន​ដល់​ជនជាតិ អ៊ីតាលី ដែល​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា ហើយ​និង​ការ​ផ្តល់នូវ​កិច្ចសហការ​ដ៏​ល្អ​របស់​ក្រសួង​ការបរទេសកម្ពុជាជូន​ចំពោះ លោកក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​។​

​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន លោកឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន លោក​ឯកអគ្គរដ្ឋទូត ដោយ​ត្រួសៗ​អំពី សភាពការណ៍ និង​ការ​ប្រឈម​ជាក់ស្តែង​នៅ​មី​យ៉ាន់​ម៉ា ហើយ​និង​លទ្ធផល​នៃ​ទស្សនកិច្ច​លើក​ទី​១ របស់លោកទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្តីពី​មី​យ៉ាន់​ម៉ា ព្រមទាំង ជំហាន​ការងារ​នាពេល​បន្ទាប់ សំដៅ​ជំរុញ​ការអនុវត្ត​ការឯកភាព​ជា​ឯកច្ឆន្ទ​៥​ចំណុច​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​។

​លោកឯកអគ្គរដ្ឋទូត បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នាពេល​បច្ចុប្បន្ន និង​ការខិតខំ​របស់លោក​ឧបនាយករដ្ឋមន្ត្រីផ្ទាល់ ក្នុងនាម​ជា​ប្រេសិត​ពិសេស ក្នុង​ការរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ចាក់ស្រេះ​នៅ​មី​យ៉ាន់​ម៉ា ព្រមទាំង បាន​សម្តែង​នូវ​ក្តី​ស​ង្ឈឹ​ម​ថា កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​ចំពោះ​វិបត្តិ​មី​យ៉ាន់​ម៉ា នាពេល ខាងមុខ​។

លោកឯកអគ្គរដ្ឋទូត ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការផ្តោត​ការយកចិត្តទុកដាក់រ​បស់លោកឧបនាយករដ្ឋមន្ត្រី លើ​បញ្ហា​ចែកចាយ​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​។លោក ក៏បាន​ថ្លែង អំណរគុណ​ចំពោះ​កម្ពុជា​ផងដែរ​ដែល​បាន​គាំទ្រ​អ៊ីតាលី​ជា​ដៃគូ​សន្ទនា​របស់​អាស៊ាន​។

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​អ៊ីតាលី​ដែល​បាន​ផ្តល់ជំនួយ​ដល់​មជ្ឈមណ្ឌល តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) ហើយ​ដែលជា​ការឆ្លើយតប ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​អះអាង​ជាថ្មី នូវ​ការបន្ត​គាំទ្រ និង​ជួយឧបត្ថម្ភ​របស់​ប្រទេស​អ៊ីតាលី​ចំពោះ​មជ្ឈមណ្ឌល ARMAC នេះ​។​

​ដោយឡែក​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វេទិកា​អន្តរជាតិ​នានាលោក​ឯកអគ្គរដ្ឋទូត បាន​ជម្រាបជូនលោក​ឧបនាយករដ្ឋមន្ត្រី អំពី​ការដាក់​បេក្ខភាព​អ៊ីតាលី​ជា​ប្រទេស​រៀបចំ World Expo 2030 ព្រមទាំង បាន​ស្នើសុំ​ការគាំទ្រ​ពី​កម្ពុជា​។ លោក ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​កម្ពុជា​ផងដែរ ដែល​បាន​គាំទ្រ​បេក្ខភាព​របស់​អ៊ីតាលី​នៅក្នុង​ស្ថាប័ន​ជំនាញ​ផ្សេងៗ​របស់​អង្គការសហប្រជាជាតិ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក​ផងដែរ អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ​សំខាន់ៗ​ដែល​កំពុង​កើតឡើង​ផងដែរ៕​សរន