ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖លោឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពអូស្ត្រាលី ដែលតែងបានជួយឧបត្ថម្ភគាំទ្រកម្ពុជារហូតមក និងបានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ និងបានសម្តែងការគាំទ្រចំពោះទស្សនៈរបស់លោក ចន សាន់ឌឺសុន(John Sanderson)អំពីសារៈសំខាន់នៃសុខសន្តិភាពនិងស្ថិរភាពដែលជាកត្តាមិនអាចខ្វះបានសម្រាប់វឌ្ឍនភាពកាន់តែរុងរឿងរបស់កម្ពុជាបន្តទៅមុខទៀត។
ការលើកឡើងទាំងនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយជាមួយលោកឧត្តមសេនីយ៍ឯក John Sanderson អតីតមេបញ្ជាការកងកម្លាំងនៃអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (ហៅកាត់ថា អ៊ុនតាក់/UNTAC) នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះ។
ប្រភពនៃជំនួបបានបញ្ជាក់ថា ឧត្តមសេនីយ៍ឯក John Sanderson បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីអបអរខួបទី ៣០ ឆ្នាំ នៃអ៊ុនតាក់ និងជាផ្នែកមួយនៃការអបអរសាទរខួបទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី។
ក្នុងជំនួបនេះលោក John Sanderson បានសម្តែងនូវក្តីរីករាយដែលមានឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលនេះ ហើយដោយធ្លាប់បានរស់នៅ និងបំពេញការងារនៅកម្ពុជាក្នុងសម័យកាលអ៊ុនតាក់ ឯកឧត្តម បានកត់សម្គាល់អំពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាព ដែលជាកត្តានាំឱ្យមានការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ដូចសព្វថ្ងៃនេះ។
ចំណែកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់លោក John Sanderson នៅក្នុងកិច្ចខិតខំប្រឹងប្រែងធានាស្ថិរភាពសម្រាប់កម្ពុជាក្នុងសម័យកាលអ៊ុនតាក់ ដែលជាសម័យកាលពោរពេញដោយបញ្ហាប្រឈមច្រើន។ ទាំងអស់នេះ បានក្លាយជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់នៃដំណើរការកសាង និងអភិវឌ្ឍកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន។
ឯកឧត្តម ក៏បានសម្តែងការអរគុណចំពោះរាជរដ្ឋាភិបាល ប្រជាជន និងកងទ័ពអូស្ត្រាលី ដែលតែងបានជួយឧបត្ថម្ភគាំទ្រកម្ពុជារហូតមក និងបានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ និងបានសម្តែងការគាំទ្រចំពោះទស្សនៈរបស់លោក John Sanderson អំពីសារៈសំខាន់នៃសុខសន្តិភាព និងស្ថិរភាព ដែលជាកត្តាមិនអាចខ្វះបានសម្រាប់វឌ្ឍនភាពកាន់តែរុងរឿងរបស់កម្ពុជាបន្តទៅមុខទៀត។
ក្នុងជំនួបខាងលើឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និង ឧត្តមសេនីយ៍ឯក John Sanderson ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហាសាកល និងតំបន់មួយចំនួន ដែលកំពុងកើតមាន ជាអាទិ៍បញ្ហាជំងឺកូវីដ-១៩, ជម្លោះតាមតំបន់ និងការប្រែប្រួលអកាសធាតុ ជាដើម៕សរន