ដោយៈមុនីរ័ត្ន/ភ្នំពេញៈ មេដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​គាំទ្រ និង​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុ​ជាដែលស​ម្រេច​លុបចោល​កាតព្វកិច្ច​ពាក់​ម៉ាសនៅ​ទូទាំងប្រទេស និង​បាន​ហៅ​ការសម្រេច​នេះ គឺជា​ចំណុច​ល្អ​ក្នុងការ​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋនិងបង្ហាញពីសមត្ថភាពប្រសិទ្ធភាពរបស់រាជរដ្ឋា​ភិបាល​​។ ការគាំទ្រ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ នេះ បានប្រកាស​សម្រេច​លុប​ចោល​កាតព្វកិច្ច​ពាក់​ម៉ាសនៅ​ទូទាំងប្រទេស​។​

លោក ញឹក ប៊ុនឆៃ (រូបថតឯកសារ)

​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​មានប្រសាសន៍​ថ្លែងប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៦ ខែមេសា នេះ​ថា ការសម្រេច​លុបចោល​កា​ត​ព្វ​កិច្ច​ពាក់​ម៉ាសនៅ​ទូទាំងប្រទេស គឺ​ដោយ​រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ក្តាប់បាន​ពី​បញ្ហា​រោគរាតត្បាត​កូ​វីដ​១៩ ។ នេះ​ជា​ចំណុច​មួយ​ល្អប្រសើរ គឺ​ទី​១. កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទិញ​ម៉ាសយកមក​ពាក់ និង​ទី​២. នេះ​ជាការ​សម្រេច​មួយ​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន មើលឃើញថា ក្រោយពី​រដ្ឋាភិបាល​បាន​បើកទូលាយ​ក្នុងការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ គឺមាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ដើរលេង​កំសាន្ត​សប្បាយ​នៅ​ទូទាំងប្រទេស​។ ហើយ​បើ​រោគរាតត្បាត​កូ​វីដ​នៅ​ខ្លាំងក្លា​ដូច​កាលពី​ដំបូងៗ មិនដឹង​មាន​អ្នក​ឆ្លង​ប៉ុន្មាន​នាក់​ទេ ប៉ុន្តែ​បន្ទាប់ពី​បុណ្យចូលឆ្នាំ​ខ្មែរ​រួច​ជា​លទ្ធផល គឺ​ឃើញ​មាន​អ្នក​ឆ្លង​មាន​ចំនួន​តិចតួច​។

​លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា “​ការដែល​សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​មិន​ឲ្យ​ពាក់​ម៉ាស គឺជា​ការ​មួយ​ដែល​ល្អប្រសើរ ដែល​យើង​ក្តាប់បាន​នៅ​សភាពការណ៍​កូ​វីដ​១៩ ហើយ​ធ្វើ​ឲ្យ​យើង​ចំណេញ​ខាង​សេដ្ឋកិច្ច​ផ្នែក​វិនិយោគទុន ឬក៏​ផ្នែក​ទេសចរណ៍​ដែលជា​ចំណូល​របស់​ជាតិ​មួយ​ដ៏​ធំ​របស់​យើង​ដែរ​ហើយ​សម​ទៅ​នឹង​អ្វីដែល​រាជរដ្ឋាភិបាល​បើកចំហ​រ​ភ្ញៀវ​ដែល​មក​ទេសចរ​នៅ​កម្ពុជា​យើង ឬក៏​មិ​វិនិយោគទុន​នៅ​កម្ពុជា​។ ដោយ​ថ្មីៗ​នេះ យើង​មិនចាំបាច់​តម្រូវ​ឲ្យ​មាន​ឯកសារ​បញ្ជាក់​អំពី​កូ​វីដ​មុ​នឹង​មក ត្រូវធ្វើ​តេ​ស្ត ៧២​ម៉ោង រហូតដល់​ដល់​បើកទូលាយ​ភ្ញៀវ​បរទេស​អញ្ជើញ​មក​កម្ពុជា​អនុញ្ញាត​ឲ្យ​វី​សា​នៅ​ព្រមាន​យន្តហោះ​ភ្លាមៗ ដោយ​មិនបាច់​សុំ​វិ​សា​នៅ​ស្ថានទូត​។ នេះ​ជា​វិធានការ​មួយ​បើកចំហរ​ឈានទៅរក​ភាពប្រក្រតី​ឡើងវិញ អាចធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ វិនិយោគទុន​មក​កម្ពុជា និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​កំណើន​ឡើងវិញ​”​។​

​សូមជម្រាបថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ នេះ បានសម្រេច​លុបចោល​កា​ត​ព្វ​កិច្ច​ពាក់​ម៉ាស់​នៅ​ទូទាំងប្រទេស លើកលែងតែ​កន្លែង​បិទ​ជិត គឺ​រក្សា​ការពាក់​ម៉ាស​ដដែល​។ ដោយ​សម្ដេច​បានបញ្ជាក់​ថា ការលើកលែង​កាតព្វកិច្ច​ពាក់​ម៉ាស់​នាពេលនេះ បន្ទាប់ពី​តួលេខ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ មាន​ល​ការធ្លាក់ចុះ​ក្នុង​កម្រិត​ទាប​បំផុត ហើយ​ភាពស៊ាំ​សហគម​កាន់តែ​រឹងមាំ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា សូម​ជម្រាប​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូទាំងប្រទេស​ថា បន្ទាប់ពី​មាន​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​រដ្ឋមន្ត្រី​សុខាភិបាល នៅពេលនេះ រាជរដ្ឋាភិបាល​បានសម្រេច​ដក​កាតព្វកិច្ច​ពាក់​ម៉ាស​នៅតាម​ទីតាំង​សាធារណៈ​ចេញ ក៏ប៉ុន្តែ​កាតព្វកិច្ច​នេះ នៅតែ​រក្សា​នៅក្នុង​ទីតាំង​បិទ​ជិត​ដែលមាន​ដូចជា​៖ អគារ ទីតាំង​រោងភាពយន្ត សាលប្រជុំ​ជាដើម​។​ការធ្វើ​បែបនេះ គឺ​ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋទៅលើ​ការទិញ​ម៉ាស ដែលជា​បន្ទុក​ចំណាយ​ដ៏​ធំ​មួយ​៕​សរន