ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនូវការកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់អូស្ត្រាលី ជាពិសេសរបស់ លោកឧត្តមសេនីយ៍ឯក ចន សាន់ឌ័រសុន (Jonh Sanderson) ក្នុងតួនាទីពេលនោះជាមេបញ្ជាការរបស់កងកម្លាំងអន្តរជាតិនៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជាឬ អ៊ុនតាក់ (UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញនូវសមិទ្ធផលនានាដែលអ៊ុនតាក់ សម្រេចបាននៅកម្ពុជាក្នុងការអនុវត្ត គោលដៅសំខាន់នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសរួមទាំងការរៀបចំការបោះឆ្នោតសកលនៅឆ្នាំ១៩៩៣បើទោះបីជាមានការធ្វើពហិការបស់ក្រុមខ្មែរក្រហម និងការបន្តសង្រ្គាមបែបឧទ្ទាមរបស់ពួកនេះក៏ដោយ។

លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រោយការដកចេញពីកម្ពុជារបស់អ៊ុនតាក់សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាពពេញលេញនិង ស្ថិរភាពទាំងស្រុងនៅក្នុងប្រទេស នៅឆ្នាំ១៩៩៨។

លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងជំនួបនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងជាមួយ ឯកឧត្តមឧត្ដមសេនីយ៍ឯក ចន សាន់ឌ័រសុន អតីតមេបញ្ជាការរបស់កងកម្លំាងអន្តរជាតិអ៊ុនតាក់អតីតមេបញ្ជាការកងទ័ព អូស្រ្ដាលីនិងជាអតីតអភិបាលរដ្ឋWesternAustraliaដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-អូស្ត្រាលីនិងខួបអនុស្សាវរីយ៍លើកទី៣០នៃការបង្កើតអ៊ុនតាក់ ផងដែរ ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជាដោយ មានប្រសាសន៍ថាកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំជាមធ្យមលើសពី៧ភាគរយក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកបានធ្វើឱ្យប្រទេសកម្ពុជាងើបចេញពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥។លោកបានថ្លែងអំណរគុណចំពោះការចូលរួមចំណែករបស់ប្រទេសអូស្ត្រាលីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកឧត្ដមសេនីយ៍ឯក សាន់ឌ័រសុន ផងដែរ អំពីមោទនភាព របស់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសដែលទទួលយកកងកម្លាំងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសមួយ ដែលរហូតមកដល់ពេលនេះបានបញ្ជូនកងកម្លាំងកម្ពុជាជាង៨ពាន់នាក់ទៅចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសចំនួន៨ នៅទ្វីបអាហ្វ្រិក និងមជ្ឈឹមបូព៌ា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឧត្តមសេនីយ៍ឯក សេនដឺសុន បានសម្តែងការពេញចិត្តចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងយូរអង្វែង ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុង ឆ្នាំ១៩៥១ មក។

ចំណែកលោកឧត្តមសេនីយ៍ឯក ចន សាន់ឌ័រសុន បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍ ដ៏ឆាប់រហ័សនៅកម្ពុជា និងបានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយ ជោគជ័យក៏ដូចជាការបញ្ជូនកងកម្លាំងកម្ពុជារាប់ពាន់នាក់ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនដៃគូសន្ទនារបស់ឯកឧត្ដមអំពីលទ្ធផលនៃដំណើរទស្សនកិច្ច ជាលើកដំបូងរបស់ឯកឧត្ដមទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីខែមីនា ដោយគូសបញ្ជាក់អំពីបញ្ហាប្រឈមនានា ជាពិសេសភាពស្មុគស្មាញសម្រាប់កិច្ចសន្ទនាស្វែងរកសន្តិភាពក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។

លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើអាទិភាពបន្ទាន់ចំនួនបីគឺ៖(១)ការបោះជំហានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សា (២) ការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ និង (៣) ការកសាងទំនុកចិត្តនិងការបង្កើតបរិយាកាសដែល ចាំបាច់សម្រាប់កិច្ចសន្ទនានយោបាយ។លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពីផែនការរបស់លោកក្នុងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌នៅរាជធានីភ្នំពេញ ដើមខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

លោកឧត្តមសេនីយ៍ឯក សាន់ឌ័រសុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងឋានៈជាប្រធានអាស៊ាននិងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីផ្ទាល់ក្នុងឋានៈជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ាជាពិសេសតាមរយៈការប្រើប្រាស់បទពិសោធន៍របស់កម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឧត្តមសេនីយ៍ឯក ចន សាន់ឌ័រសុន ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួមផងដែរ៕សរន