ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ត្រេត​ថែមស៍​)៖ ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មេសា​បាន​ប្រាប់​ប្រមុខអង្គការ​សហប្រជាជាតិ​(​អ​.​ស​.​ប​)​ថា លោក​នៅតែ​សង្ឃឹម​សំរាប់​ការចរចា​​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​អ៊ុ​យក្រែន​។​

​លោក​បាន​ប្រាប់​អគ្គលេខា​អង្គការសហប្រជាជាតិ​ អង់តូញ៉ូ ហ្គូទែររ៉េសដែល​បាន​ទៅដល់​ទីក្រុង​មូ​ស្គូថា «​ទោះ​ជា​ប្រតិបត្តិការ​យោធា​កំពុង​ប្រព្រឹត្តទៅ យើង​នៅតែ​សង្ឃឹមថាយើង​នៅ​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​តាម​​ផ្លូវ​ការទូត​។​យើង​នឹង​ចរចា យើង​មិន​ច្រាន​ចោល​កិច្ចពិភាក្សា​ទេ​»​។​

​លោក​ថា កិច្ចខិតខំ​នៅ​កិច្ច​ពិភាក្សា​ជាមួយ​អ៊ុយ​ក្រែន​បាន​ត្រូវ​បាន​បំផ្លាញ​ដោយសារ​តែ​ការអះអាង​ថា កងកម្លាំង​រុស្ស៊ី​បាន​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​នៅ​ទីប្រជុំជន​ប៊ូ​ចា ក្រៅ​ទីក្រុង​គៀវ​។​«រាមពិត​មានការ​បង្ក​រឿង​នៅ​​ភូមិ​ប៊ូ​ចា ដែល​យោធា​រុស្ស៊ី​មិនបាន​ពាក់ព័ន្ធ​។​យើង​ដឹង​ថា​នរណា​បាន​ត្រៀម​បង្ករឿង ទោះជា​ក្នុង​ទំរង់​និង​ដោយ​មនុស្ស​ប្រភេទ​ណាក៏ដោយ​»​។​

​លោកពូ​ទីន​បាន​ប្រាប់​លោក​អគ្គលេខា​ហ្គូ​ទែរ​រ៉េស​ថា «​ខ្ញុំ​ដឹង​ថាអ្នកបារម្ភ​​អំពីប្រតិបត្តិការ​សឹក​របស់​រុស្ស៊ី »​នៅ​អ៊ុ​យក្រែន ហើយយើងត្រៀម​ពិភាក្សា​វា​តែ​លោក​ពូទីនបាន​បន្ទោស​ភាពវឹកវ​រ​នៅក្នុង​ប្រទេស​នេះ​​លើ​«​រដ្ឋប្រហារ​ប្រឆាំង​រដ្ឋ​»​ដែល​បាន​ទម្លាក់​ប្រធានាធិបតី​គាំទ្រ​រុស្ស៊ី​ម្នាក់​នៅ​ឆ្នាំ​២០១៤​។​

​លោក​ហ្គូ​ទែរ​រ៉េស បាន​ធ្វើ​ការអំពាវនាវ​ឡើង​វិញ​អោយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​គៀវ​ធ្វើការ​រួមគ្នា​ជាមួយ​អ​.​ស​.​ប ដើម្បី​បង្កើត​របៀង​មនុស្សធម៌​និង​ការផ្តល់​ជំនួយ​សំរាប់​ជន​ស៊ីវិល​អ៊ុ​យក្រែន​។​

​បើ​តាម​អ​.​ស​.​ប ប្រធានាធិបតី​រុស្ស៊ីបាន​យល់ព្រម​ជាគោលការណ៍​អោយ​គណៈកម្មាធិការ​កាក​បាទ​ក្រហម​អន្តរជាតិ​ចូល​ពាក់ព័ន្ធ​ក្នុង​ការជម្លៀស​ជន​ស៊ីវិល​ចេញ​ពី​រោងចក្រ​ដែក​នៅ​ទីក្រុង​ម៉ា​រី​វ​ប៉ូល​ដែល​​ស្ថិតក្រោម​ការឡោមព័ទ្ធ​ពី​កងកម្លាំង​រុស្ស៊ី​៕

ក្នុងជំនួបមួយនៅទីក្រុងមូស្គូកាលពីថ្ងៃអង្គារ លោក​ពូ​ទីន ប្រាប់​ប្រមុខ​អង្គការសហប្រជាជាតិ​ថា លោក​នៅតែ​សង្ឃឹមលើ​កិច្ច​ពិភាក្សា​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​អ៊ុ​យក្រែន​