​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រី​ប៉ូឡូញ​និង​ប៊ុលហ្គារី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មេសា​ថា ទីក្រុង​មូ​ស្គូ​នឹង​កាត់ផ្តាច់​ការផ្តល់​ឧស្ម័ន​ធម្មជាតិ​ទៅកាន់​ប្រទេស​របស់​ពួកគេ​ដោយសារតែ​​ការបដិសេធ​របស់​ពួកគេ​ក្នុង​ការទូទាត់​ជា​ប្រាក់​រូបល៍​របស់​រុស្ស៊ី ដែល​ជា​ការទាមទារ​មួយ​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​របស់​គាត់​ជុំវិញ​ការ​​លុកលុយ​លើ​អ៊ុ​យក្រែន​។​

​រដ្ឋាភិបាល​របស់​ពួកគេ​បាន​និយាយថា ក្រុមហ៊ុន​ថាមពល​យក្ស Gazprom ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​រុស្ស៊ី​បាន​ជូនដំណឹង​ដល់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​និង​អង្គការ​ណា​តូ​ទាំងពីរ​ថា ការផ្គត់ផ្គង់​ឧស្ម័ន​នឹង​ត្រូវ​ផ្អាក​ចាប់ពី​ថ្ងៃ​ពុធ​ទី​២៧​មេសា​។​

​វា​ជា​ការផ្អាក​លើកដំបូង​ចាប់តាំងពី​ការប្រកាស​របស់​លោក​ពូ​ទីន​កាលពី​ខែ​មុន​ថា “​អ្នកទិញ​បរទេស​អ​មិត្ត​” នឹង​ត្រូវ​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Gazprom ជា​ប្រាក់​រូបល៍​ជំនួស​ឱ្យ​ប្រាក់​ដុល្លារ​និង​អឺរ៉ូ​។ មាន​តែ​ប្រទេស​ហុងគ្រី​ប៉ុណ្ណោះ​ដែល​បាន​យល់ព្រម​ធ្វើ​ដូច្នេះ ដោយ​ប្រទេស​ផ្សេងទៀត​បាន​បដិសេធ​ការទាមទារ​នេះ ដោយ​ថា​វា​ជា​ការ​មិន​អាច​ទទួលយក​បាន​ការរំលោភ​លើ​កិច្ចសន្យា​តែ​ម្ខាង​និង​ការរំលោភ​​លើ​ការដាក់ទណ្ឌកម្ម​។​

​ប្រសិនបើ​ការផ្គត់ផ្គង់​ត្រូវបាន​បញ្ឈប់​ទៅ​ប្រទេស​ផ្សេង​ទៀត​ដែរនោះ វា​អាច​បណ្តាលឱ្យ​មាន​ការប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៅក្នុង​ទ្វីប​អឺរ៉ុប ដែល​ជំរុញ​ឱ្យ​តម្លៃ​ឧស្ម័ន​ធម្មជាតិ​ឡើងថ្លៃ​និង​អាច​នាំឱ្យ​ទំនិញ​​ប្រើប្រាស់​ឡើងថ្លៃ ប៉ុន្តែ​វា​ក៏​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​របស់​រុស្ស៊ី​ផងដែរ​។​

​យោង​តាម​ក្រុមហ៊ុន​ឧស្ម័ន​រដ្ឋ​ប៉ូឡូញ PGNiG បានឱ្យដឹងថា ការ​កាត់ផ្តាច់​នៅ​ថ្ងៃ​ពុធ​នឹង​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​ឧស្ម័ន​របស់​រុស្ស៊ី​ទៅកាន់​ប្រទេស​ប៉ូឡូញ​តាមរយៈ​បំពង់​បង្ហូរ Yamal-Europe និង​ទៅ​កាន់​ប៊ុលហ្គារី​តាមរយៈ​បំពង់​បង្ហូរ TurkStream​។​

​បំពង់​បង្ហូរ Yamal-Europe ដឹកជញ្ជូន​ឧស្ម័ន​ពី​រុស្ស៊ី​ទៅ​ប៉ូឡូញ​និង​អាល្លឺម៉ង់​ឆ្លងកាត់​បេឡា​រូ​ស​។ ប៉ូឡូញ​ទទួលបាន​ឧស្ម័ន​ប្រហែល ៩ ពាន់​លាន​ម៉ែត្រគូប​ជា​រៀងរាល់ឆ្នាំ ដែល​បំពេញ​តម្រូវការ ៤៥ ភាគរយ​របស់​ប្រទេស​៕

បុគ្គលិក​បេឡា​រូស​កំពុង​ធ្វើការ​នៅ​បំពង់​បង្ហូរ Yamal-Europe