ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ក្រុម​សម្តែង​ទស្សនីយភាព​គ្រប់ផ្នែក​ទាំងអស់​នឹងត្រូវ​ចាប់ផ្តើម​ការហ្វឹកហាត់​នា​ខែមិថុនា ឆ្នាំ​២០២២​ដើម្បី​ត្រៀម​សម្តែង​ក្នុង​ពិធី​បើក​បិទ​ជា​ផ្លូវការ​នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​បញ្ជាក់ថា​តាម​កាលវិភាគ និង​ការងារ​ដែល​បានដាក់​ចេញ​នូវ​ផែនការ​កិច្ចប្រជុំ​ជាប្រចាំ​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ប្រធាន CAMSOC ដើម្បី​វាយតម្លៃ និង​ពិនិត្យមើល​ឡើងវិញ​នូវ​គ្រោងឆ្អឹង ឬក៏​គម្រោង​ផែនការ​លម្អិត​របស់​ពិធី​បើក​-​បិទ និង​ពិធី​រៀបចំ​ការសម្ដែង​ទទួល​ទង់ នៅឯ​ពិធី​បិទ​ការប្រកួត​ស៊ី​ហ្គេម នៅ​វៀតណាម​។​​គ្រោងឆ្អឹង​នៃ​ផែនការ​នេះ​យើង​បានធ្វើ​រួចរាល់​និង​បាន​ពិនិត្យ​ជា​ច្រើនដង​មកហើយ ហើយ​យើង​តែងតែ​រំឭក​ឡើងវិញ​ព្រមទាំង​ពិនិត្យមើល​ចំណុច​ណាខ្លះ​ដែល​ខ្វះខាត​និង​ចំណុច​លម្អិត​ណាខ្លះ​ដែល​យើង​មិនទាន់បាន​ស៊ីជម្រៅ ដើម្បី​ឲ្យ​បាន​យល់​ទាំងអស់គ្នា​ក្នុងការ​យកទៅអនុវត្ត​កុំ​ឲ្យ​មាន​បញ្ហា​។​

​លោក វ៉ា​ត់ ចំរើន សង្កត់ធ្ងន់ថា CAMSOC មាន​ប្រតិទិន​ការងារ​ច្បាស់លាស់​ហើយ សេណារីយោ​នៃ​ទស្សនីយភាព​នីមួយៗ​ក៏មាន​គ្រប់គ្រាន់​ហើយ​អស់​ដែរ​។ ដូច្នេះ​យើង​នៅតែ​រង់ចាំ​ការចាប់ផ្ដើម​អនុវត្ត គឺថា​ធ្វើយ៉ាងណា​នៅក្នុង​ពាក់កណ្ដាល​ខែមិថុនា ២០២២​នេះ គឺ​អ្នក​សម្ដែង​ជិត ៥​ពាន់​នាក់ ត្រូវ​ចាប់ផ្ដើម​ហ្វឹកហាត់ ក្នុង​ក្រុម​តូចៗ រហូតដល់​ផ្គុំ​គ្នា​ទៅជា​ក្រុម​ធំ និង​ទៅជា​ក្រុម​ដែល​អាច​សម្ដែង​ពិធី​បើក​-​បិទ​នេះ ជា​ទស្សនីយភាព​ធំ​បានតែ​ម្តង​។​

​លោក ពន្យល់ថា កម្លាំង​ក្នុងការ​ចូលរួម​ធ្វើការ​សម្ដែង​ជិត ៥​ពាន់​នាក់​នេះ គឺ​យក​ភាគច្រើន​ពី​កងកម្លាំង​កងយោធពល​ខេ​ម​ភូមិន្ទ​ដែល​ក្រសួងការពារជាតិ​ជា​អ្នក​ផ្ដល់ជូន​​នូវ​កម្លាំង​យោធិន ផ្នែក​សម្ដែង​ខាង​ល្បុក្កតោ ផ្នែក​សម្ដែង​ខាង​វាយ​ស្គរ ផ្នែក​សម្ដែង​ខាង​សិល្បៈ វប្បធម៌ និង​ផ្នែក​ផ្សេងៗ​មួយចំនួនទៀត​។ ការហ្វឹកហាត់​នឹង​ចាប់ផ្ដើម​នៅ​ពាក់កណ្ដាល​ខែមិថុនា​ឆ្នាំ​២០២២​ដើម្បី​ត្រៀម​កម្មវិធី​បើក​និង​កម្មវិធី​បិទ ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

ជាមួយគ្នា​នោះ​ពង្រាង​នូវ​លំនាំ​នៃ​គ្រោងឆ្អឹង​នៃ​ការរៀបចំ​កម្មវិធី​ស្រដៀងៗ​គ្នា​នេះ​ក៏​យក​បំ​លែង​ទៅជា​កម្មវិធី​របស់​ប៉ា​រ៉ា​ឡាំ​ពិ​ក​ផងដែរ​សម្រាប់​ពិធី​បើក​បិទ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផងដែរ​។ អ្វីដែល​ពិសេស​គឺ​កម្មវិធី​សំខាន់ៗ​ទាំងនេះ នឹងមាន​ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ហើយ​ក៏មាន​ជំនួយ​បច្ចេកវិទ្យា​ពិសេស​ពី​ខាង​អូឡាំពិក​ចិន​ទៀតផង​ដែល​គេ​នឹង​ជួយ​ដល់​កម្ពុជា​នៅក្នុង​ការធ្វើ​ពិធី​បើក​បិទ​នេះ​នូវ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​បន្ស៊ី​គ្នា​ជាមួយ​វប្បធម៌​កម្ពុជា​ដ៏​រុងរឿង​ដ៏​ចំណាស់​ឲ្យ​ស៊ីគ្នា​ទៅជា​ភាព​អស្ចារ្យ​មួយ​នៅក្នុង​ទិដ្ឋភាព​នៃ​ពិធី​បើក​-​បិទ​»៕​