ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ការសម្ដែង​ពេល​ទទួល​ទង់​ពេល​បិទ​ស៊ី​ហ្គេម​នៅ​វៀត​ណា​ម​ដើម្បី​ផ្ទេរ​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​បន្ត​នោះ​វា​នឹង​ទាក់ទាញ​ចិត្ត​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ឲ្យ​មក​កម្ពុជា​ដើម្បី​ចូលរួម​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣១​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ។​

​នេះ​ជាការ​លើកឡើង​របស់លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ (CAMSOC) ។ លោក​បន្តថា លោក​បណ្ឌិត​ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC និង​លោកស្រី ភឿង ស​កុ​ណា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​​អនុប្រធាន CAMSOC នឹង​ពិនិត្យ​ដោយផ្ទាល់​ពី​ការសម្ដែង​សាកល្បង​នៃ​ពិធី​ទទួល​ទង់​នេះ ។​

​ថ្លែង​ក្រោយ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍ CAMSOC ម្សិលមិញ លោក​អគ្គលេខាធិការ​បញ្ជា​ក់ថា​កិច្ចប្រជុំ​គឺ​ផ្ដោតទៅលើ​កម្មវិធី​ទទួល​ទង់​ស៊ី​ហ្គេម​នៅ​វៀតណាម​ដែលមាន​កម្មវិធី​សម្ដែង​​សិល្បៈ​ដែលជា​វប្បធម៌​របស់​ក​ម្ពុ​ជា​ដែល​ការសម្ដែង​នេះ​នឹង​ទាក់ទាញ​អារម្មណ៍​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំង​១១​ឲ្យ​មក​កម្ពុជា​នៅ​ឆ្នាំ​២០២៣ ។ សូមបញ្ជាក់ថា​ការសម្ដែង​ក្នុង​ពិធី​ទទួល​​ទង់​នេះ​មាន​រយៈពេល​ប្រមាណ​ជា​១០​នាទី ។​

​លោក បាន​បង្ហើប​ឲ្យ​ដឹង​ទៀតផង​ដែរ​ថា​នៅ​ថ្ងៃ​អង្គារ សប្តាហ៍​ក្រោយនេះ ដែល​ត្រូវ​នឹង​ថ្ងៃទី​៣ ខែឧសភា យើង​នឹង​ធ្វើការ​ទៅពិនិត្យ​មើល​ផ្ទា​ល់ពី​ការហាត់​សម និង​ការធ្វើ​ពិធី​សម្ដែង​សាកល្បង ជូន​ថ្នាក់ដឹកនាំ​ទាំងពីរ គឺ​លោក​បណ្ឌិត ថោង ខុន និង លោកស្រី​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា ដើម្បី​លោក​រដ្ឋមន្ត្រី លោកស្រី រដ្ឋមន្ត្រី​បាន​ពិនិត្យ​ចុងក្រោយ និង​កែលំអ​នូវ​ចំនុច​ខ្វះខាត​នឹង​ជួយ​ឲ្យ​យោបល់​ដើម្បី​ត្រៀម​ទទួល​ទង់​ស៊ី​ហ្គេម​នៅ​វៀតណាម គឺ​ទទួល​ដោយមាន​ភាព​អស្ចារ្យ​មួយ ដែល​ទាញអារម្មណ៍​របស់គេ​ឲ្យ​មក​កម្ពុជា ជា​បន្ត​នៅក្នុង​ឆ្នាំ​២០២៣​។

​សូមបញ្ជាក់ថា ក្នុង​ទស្សនីយភាព​នេះ មានការ​សម្តែង​របាំ ការបង្ហាញ​ពី​ស្លាក​សញ្ញា និមិត្តសញ្ញា បាវចនា​ស៊ី​ហ្គេម​២០២៣ «​កីឡា​រស់ក្នុង​សន្តិភាព​» ចម្រៀង​ស្វាគមន៍​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំងអស់​មក​ស៊ី​ហ្គេម​នៅ​កម្ពុជា និង​ការសម្តែង​ក្បាច់គុន​ល្បុក្កតោ ដែល​បង្ហាញ​ពី​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិ​កម្ពុជា នៅក្នុង​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ ឆ្ពោះ​មក​កម្ពុជា ក្នុង​ស៊ី​ហ្គេម នា​ខែឧសភា ២០២៣៕​srn