​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ធនាគារ​ពិភពលោក​បាន​យល់ព្រម​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​៦០០​លាន​ដុល្លារ​ដល់​ស្រីលង្កា​ដើម្បី​ជួយ​អោយ​ប្រទេស​នេះ​បង់ថ្លៃ​នាំចូល​ទំនិញ​ចាំបាច់​។​

​ផ្នែក​ព័ត៌មាន​របស់​ប្រធានាធិបតី​ស្រីលង្កា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា «​ធនាគារ​ពិភពលោក​បាន​យល់ព្រម​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​៦០០​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​វិបត្តិ​​សេដ្ឋកិច្ច​បច្ចុប្បន្ន​។​ធនាគារ​នឹង​បញ្ចេញ​ប្រាក់​៤០០​លាន​ក្នុងពេល​ឆាប់ៗ​»​។​

​យោង​តាម​សេចក្តីថ្លែងការណ៍ ធនាគារ​ពិភពលោក​បាន​និយាយថា ខ្លួន​នឹង​បន្ត​ជួយ​ស្រីលង្កា​អោយ​ជម្នះ​បាន​វិបត្តិ​សេដ្ឋកិច្ច​បច្ចុប្បន្ននេះ​។​

​ប្រទេស​នៅ​អាស៊ី​ខាងត្បូង​នេះ​កំពុង​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​ចាប់តាំងពី​ខ្លួន​ទទួលបាន​ឯករាជ្យភាព​នៅ​ឆ្នាំ​១៩៤៨ បង្កឡើង​ដោយ​ការធ្លាក់​ចុះ​ទុនបំរុង​អន្តរជាតិ​ប្រមាណ​៧០​ភាគរយ​នៅ​​រយៈពេល​ពីរ​ឆ្នាំ​មកនេះ ដោយ​នៅ​សល់​ត្រឹមតែ​១,៩៣​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ចុង​ខែ​មីនា​ខណៈ​ត្រូវ​សងបំណុល​បរទេស​ខ្ពស់​ជាង​នេះ​។​ប្រការ​នេះ​នាំ​អោយ​រដ្ឋាភិបាល​ទីក្រុង​កូឡុំបូ ប្រវេប្រវា​រក​រូបបិយបណ្ណ​​បរទេស​សំរាប់​បង់ថ្លៃ​នាំចូល​ទំនិញ​ចាំបាច់​ដូច​ជា​ប្រេង​ឥ​ន្ធ ថ្នាំពេទ្យ​នង​ស្បៀង​ និងប្រកាសផ្អាកសងបំណុលបរទេសខ្លះ។​

​មុន​នេះ​ក្នុង​ខែ​នេះ​ដែរ ស្រីលង្កា​បានចាប់ផ្តើម​កិច្ច​ពិភាក្សា​ជាមួយ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​IMF​សំរាប់​ជំនួយ​ហិរញ្ញវត្ថុ តែ​មុន​IMF​ចរចា​បង្កើត​បាន​កម្ម​វិធី​មួយ​សំរាប់​ស្រីលង្កា ប្រទេស​នេះ​ត្រូវការ​លុយ​​បី​ទី​បួន​ពាន់​លាន​ដុល្លារ​ដើម្បី​បំពេញ​កង្វះ​ខាតលើ​ចំណាយ​ចាំបាច់​។​

​រដ្ឋាភិបាល​ទីក្រុង​កូឡុំបូ​ក៏បាន​អំពាវនាវ​ទៅ​កាន់​អង្គការ​និង​ប្រទេស​ជា​ច្រើន​អោយជួយ​ហិរញ្ញវត្ថុ​ទម្រាំ​IMF​បញ្ចេញ​ជំនួយ​មួយ​កញ្ចប់​ជាមួយ​នឹង​លក្ខខណ្ឌ​អនុវត្ត​។​ឥណ្ឌា​បាន​ជួយ​១,៩​ពាន់​លាន​ដុល្លារ​តែ​​ស្រីលង្កា​កំពុង​ចរចា​សុំ​១,៥​ពាន់​លាន​ទៀត​។​

​ចិន​ក៏​បាន​ផ្តល់​ឥណទាន​១​ពាន់​លាន​ដុល្លារ និង​ទើប​ប្រកាស់​ផ្តល់​ជំនួយ​មនុស្សធម៌​៣៦​លាន​ដុល្លារ​ដល់​ស្រីលង្កា​។​

​ក្នុងពេល​ជាមួយគ្នា ស្រីលង្កា​ក៏​នឹង​ស្វះស្វែង​រក​ជំនួយ​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​ផងដែរ​។​

​សូមបញ្ជាក់​ថា ប្រទេស​នេះ​បានប្រកាស​ផ្អាក​សងបំណុល​បរទេស​ខ្លះ​នៅ​ខែ​នេះ​និង​ថា​ខ្លួន​នឹង​បង្វែរ​ទុនបំរុង​សំរាប់​សងបំណុល​របស់​ខ្លួន​ទៅ​ទិញ​ទំនិញ​ចាំបាច់ ដូចជា​ប្រេង ហ្គាស និង​ថ្នាំពេទ្យ ជំនួយ​វិញ​៕

​ប្រជាជន​ស្រី​លង្កកា​ររង់​ចាំទិញ​ហ្គាស​ចំអិន​អាហារ​នៅ​ស្ថានីយ​ឥន្ធនៈ​មួយ​កាលពី​ខែ​មីនា​