​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Tesla Inc បាន​បាត់បង់​តម្លៃ ១២៦ ពាន់​លាន​ដុល្លារ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មេសា​ចំ​ពេល​មាន​ការព្រួយបារម្ភ​របស់​វិនិយោគិន​ថា នាយក​ប្រតិបត្តិ អេ​ឡុន ម៉ាស ប្រហែលជា​ត្រូវ​លក់​ភាគហ៊ុន​ដើម្បី​ផ្តល់​មូលនិធិ​ដល់​ការរួមចំណែក​ភាគហ៊ុន​ចំនួន ២១ ពាន់​លាន​ដុល្លារ​របស់​គាត់​ចំពោះ​ការទិញ​ក្រុមហ៊ុន Twitter Inc តម្លៃ ៤៤ ពាន់​លាន​ដុល្លារ​។​

Tesla មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​កិច្ចព្រមព្រៀង​ទិញ Twitter​ទេ ប៉ុន្តែ​ភាគហ៊ុន​របស់​ខ្លួន​ត្រូវ​បាន​វាយប្រហារ​ដោយ​ពួក​អ្នក​ប៉ាន់ស្មាន​នានា​បន្ទាប់ពី​លោក​ម៉ា​ស​បាន​បដិសេធ​មិន​លាតត្រដាង​ជា​​សាធារណៈ​ថា​តើ​សាច់ប្រាក់​របស់​គាត់​សម្រាប់​ការទិញ​ក្រុមហ៊ុន​បណ្តាញ​សង្គម​នេះ​យក​មក​ពី​ណា​។ ការធ្លាក់ចុះ ១២,២ ភាគរយ​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla កាលពី​ថ្ងៃ​អង្គារ គឺ​ស្មើនឹង​ការធ្លាក់ចុះ ២១ ពាន់​លាន​ដុល្លារ​នៃ​តម្លៃ​ភាគហ៊ុន Tesla របស់គាត់ ដែល​ដូចគ្នា​នឹង​សាច់ប្រាក់ ២១ ពាន់​លាន​ដុល្លារ​ដែល​គាត់​សន្យា​ចំពោះ​កិច្ចព្រមព្រៀង​ទិញ Twitter ។​

​លោក ដា​នី​ញែល អ៊ី​វេស (Daniel Ives)​ជា​អ្នកវិភាគ​នៅ​ក្រុមហ៊ុន Wedbush Securities បាន​និយាយថា​ការព្រួយបារម្ភ​អំពី​ការលក់​ភាគហ៊ុន​នា​ពេល​ខាង​មុខ​ដោយ​លោក​ម៉ាស​និង​លទ្ធភាព​​ដែល​ថា​គាត់​កំពុង​ត្រូវបាន​រំខាន​ដោយ Twitter គឺ​មាន​ទម្ងន់​ធ្ងន់​លើ​ភាគហ៊ុន​របស់ Tesla ។

Tesla មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការបំភ្លឺ​នោះទេ​។​

​ការធ្លាក់ចុះ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla បាន​កើតឡើង​ក្នុងពេល​កំពុង​មាន​ការ​លំបាក​សម្រាប់​ភាគហ៊ុន​ដែល​ទាក់ទង​នឹង​បច្ចេកវិជ្ជា​ជាច្រើន​។ ទីផ្សារ​ហ៊ុន Nasdaq​បាន​បិទ​នៅ​កម្រិត​ទាប​បំផុត​​ចាប់តាំងពី​ខែ​ធ្នូ ឆ្នាំ ២០២០ កាលពី​ថ្ងៃ​អង្គារ ដោយសារ​អ្នកវិនិយោគ​ព្រួយបារម្ភ​អំពី​ការធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​សកល​និង​ការដំឡើង​អត្រា​ការប្រាក់​ដ៏​ខ្លាំងក្លា​បន្ថែមទៀត​ពី​ធនាគារ​កណ្តាល​របស់​​សហរដ្ឋ​អាម៉េរិក​។​

​ភាគហ៊ុន​របស់ Twitter ក៏​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​អង្គារ​ផងដែរ ដោយ​ធ្លាក់​ចុះ ៣,៩ ភាគរយ​មក​ត្រឹម ៤៩,៦៨ ដុល្លារ​ក្នុង​មួយ​សន្លឹក​ហ៊ុន ទោះបីជា​លោក​ម៉ាស​បាន​យល់ព្រម​ទិញ​វា​កាលពី​ថ្ងៃ​ចន្ទ​ក្នុងតម្លៃ ៥៤,២០ ដុល្លារ​ក្នុង​មួយ​សន្លឹក​ហ៊ុន​ជា​សាច់ប្រាក់​សុទ្ធ​ក៏ដោយ​។ ការធ្លាក់​ចុះ​ដែល​រីក​រាលដាល​កាន់តែ​ទូលំទូលាយ​នេះ​ឆ្លុះបញ្ចាំង​ពី​ការព្រួយបារម្ភ​របស់​វិនិយោគិន​ថា​ការធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​ភាគហ៊ុន​របស់​​ក្រុមហ៊ុន Tesla ដែល​លោក​ម៉ាស​កើប​ទ្រព្យ​ភាគច្រើន​នៃ​ទ្រព្យសម្បត្តិ ២៣៩ ពាន់​លាន​ដុល្លារ​របស់​គាត់​នោះ អាច​នាំ​ឱ្យ​អ្នក​មាន​បំផុត​នៅលើ​ពិភពលោក​រូបនេះ​គិត​ពី​រដង​អំពី​កិច្ចព្រមព្រៀង​ទិញ Twitter ៕

​ភាគហ៊ុន​របស់ Tesla ធ្លាក់ចុះ ១២,២ ភាគរយ