ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ មេដាយ​ស្ថាបនា​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន​បួន ត្រូវបាន​សម្រេច​ធ្វើការ​ផ្តល់ជូន ដល់​ថ្នាក់ដឹកនាំ និង សប្បុ​សជន នៃ​អង្គការ​ក្តីសង្ឃឹម​សហគមន៍ ដែល​បានធ្វើ​សកម្មភាព​បម្រើ​ជូន​ប្រជាពលរដ្ឋ លើ​វិស័យ​សង្គមកិច្ច សុខាភិបាល និង អប់រំ នៅក្នុង​ភូមិសាស្ត្រ​នៃ​ខេត្តកំពង់ឆ្នាំង ដែល​ពិធី​បំពាក់​ម​មេដាយ​ស្ថាបនា​ជាតិ​ត្រូវបាន​ធ្វើឡើង​នៅ​សាលាខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព លោក ឈិន សេង​ងួន អភិបាលរង​ខេត្តកំពង់ឆ្នាំង និង មានការ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។

លោក អៀង ហួន ប្រធាន​អង្គការ​ក្តីសង្ឃឹម​សហគមន៍ បានឱ្យដឹងថា អង្គការ​របស់លោក​បាន​ធ្វើ​សកម្មភាព​នៅក្នុង​ភូមិសាស្ត្រ​នៃ​ខេត្តកំពង់ឆ្នាំង ដោយ​បានធ្វើ​សកម្មភាព​លើ​វិស័យ​សុខាភិបាល សង្គមកិច្ច អប់រំ និង​អភិវឌ្ឍន៍ មនុស្សធម៌ ។ ដោយបាន​ចំណាយធនធាន​ជាច្រើន ក្រោម​ការគាំទ្រ​ពី​សំណាក់​សប្បុរសជន​ជន​នៃ​ប្រទេស​កូរ៉េ ។

​អង្គការ​ក្តីសង្ឃឹម​សហគមន៍ បានធ្វើការ​ព្យាបាល​ដល់​ជន​ដែលមាន​ជំងឺ​វិ​ប្ប​ល​ស្មារតី ដែល​សកម្មភាព​ទាំងនេះ​តែងតែ​បានធ្វើ​កិច្ចសហការ​យ៉ាង​ល្អជា​មួយ និង​អាជ្ញាធរ មន្ទីរជំនាញ​ពាក់ព័ន្ធ ធ្វើឱ្យ​ដំណើរការ​សកម្មភាព​បា​ន​ដំណើរការ​យ៉ាង​រលូន​ផងដែរ ។

​លោក ឈិន សេង​ងួន អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​មានប្រសាសន៍​សំដែង​នូវ​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គការ​ក្តីសង្ឃឹម​សហគមន៍ ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ មន្ទីរជំនាញ ក្នុង​សកម្មភាព​ជួយ​ដល់​ប្រជាពលរដ្ឋ ផ្នែក​សុខភាព អប់រំ ពិសេស​ការព្យាបាល​ដល់​អ្នកជំងឺ​ផ្លូវចិត្ត ដែល​សកម្មភាព​ទាំងនេះ​បានបង្ហាញ​ពី​ការចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​សង្គម​កម្ពុជា និង ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។

​ដើម្បី​ឆ្លើយតប​ចំពោះ​សកម្មភាព​របស់​អង្គការ​ក្តីសង្ឃឹម​សហគមន៍ ក្នុង​ជួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខេត្តកំពង់ឆ្នាំង ដ៏​ប្រពៃ​នេះ ប្រមុខ​រាជរដ្ឋាភិបាល បានសម្រេច ផ្តល់នូវ​មេដាយ​ស្ថាបនា​ជាតិ​ជូន​ដល់ លោក អៀន ហួន ប្រធាន​អង្គការ​ក្តីសង្ឃឹម​សហគមន៍ និង លោក​គីម ហ៊ី​យ៉ូន​មិន អនុប្រធាន​ក្តីសង្ឃឹម​សហគមន៍ ។

​ជាមួយនេះ​ក៍​បានផ្តល់ មេដាយ​មុនី​សារ​ភ័​ណ្ឌ​ថ្នាក់​សេនា ដល់​លោក វ៉ុ​ន យ៉ុង​ជល់ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង មេដាយ មុនី​សារ​ភ័​ណ្ឌ ថ្នាក់​អស្សឫទ្ធិ ជូន​លោក អាន ប៊ី​យ៉ុង​ជៀន គ្រូពេទ្យ​ព្យាបាល​ជំងឺផ្លូវចិត្ត ៕​