ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ គិតត្រឹមខែកុម្ភៈឆ្នាំនេះ ៥៨ ភាគរយនៃចំនួនប្រជាជនអាម៉េរិក ឬជាង ១៩០ លាននាក់បានឆ្លងកូវីដ នេះបើយោងតាមការស្ទង់មើលអង្គបដិប្រាណដែលធ្វើឡើងដោយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC)ហើយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារទី២៦មេសា។
តួលេខនេះគឺខ្ពស់ជាង ៨០ លានករណីដែលត្រូវបានកត់ត្រាជាផ្លូវការ ដោយភាគច្រើននៃការឆ្លងមេរោគនេះមិនត្រូវបានធ្វើរោគវិនិច្ឆ័យ គ្មានរោគសញ្ញា ឬមិនមានការរាយការណ៍។
ប្រហែល ៧៥ ភាគរយនៃមនុស្សអាយុក្រោម ១៨ ឆ្នាំបានឆ្លងមេរោគកូរ៉ូណា នេះបើយោងតាមឯកសារដែលផ្អែកលើការសិក្សាតំណាងថ្នាក់ជាតិអំពីកម្រិតអង្គបដិប្រាណ។
វាមានការឆ្លងកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលរលកអូមីក្រុងកាលពីរដូវរងាឆ្នាំមុន ជាពិសេសក្នុងចំណោមកុមារ។
រៀងរាល់ខែចាប់ពីខែកញ្ញា ឆ្នាំ ២០២១ ដល់ខែមករា ឆ្នាំ ២០២២ ការសិក្សានេះបានពិនិត្យសំណាកឈាមចំនួន ៧៥.០០០ នៅទូទាំងប្រទេស ក៏ដូចជាសំណាកចំនួន ៤៥.០០០ នៅខែកុម្ភៈ។
ការសិក្សានេះបានពិនិត្យតែអង្គបដិប្រាណដែលបង្កើតឡើងក្នុងការឆ្លើយតបមុនពេលឆ្លងកូវីដ មិនមែនអំឡុងពេលចាក់វ៉ាក់សាំងនោះទេ។
បន្ទាប់មកការប៉ាន់ប្រមាណថ្នាក់ជាតិត្រូវបានផលិតឡើងដោយប្រើវិធីសាស្ត្រស្ថិតិដើម្បីថ្លឹងថ្លែងតាមអាយុ ភេទ និងស្ថានភាពទីក្រុង។
លោកស្រី គ្រីស្ទី ក្លាក (Kristie Clarke) សហប្រធានសម្រាប់ក្រុមកិច្ចការសេរវិទ្យាកូវីដ១៩ថ្នាក់ជាតិ បាននិយាយថា “ការមានអង្គបដិប្រាណដែលបង្កឡើងដោយការឆ្លងមេរោគមិនមានន័យថាអ្នកត្រូវបានការពារប្រឆាំងនឹងការឆ្លងមេរោគនេះនាពេលអនាគតនោះទេ”។
លោកស្រីបានបន្ថែមថា “ការឆ្លងមេរោគពីមុនត្រូវបានបង្ហាញថាផ្តល់នូវការការពារប្រឆាំងនឹងការឈឺធ្ងន់ធ្ងរនិងការសម្រាកនៅមន្ទីរពេទ្យ ហើយការចាក់ថ្នាំបង្ការមិនថាមុនឬក្រោយពេលឆ្លង ផ្តល់ការការពារបន្ថែម”៕
គិតត្រឹមខែកុម្ភៈឆ្នាំនេះ ៥៨ ភាគរយនៃចំនួនប្រជាជនអាម៉េរិក ឬជាង ១៩០ លាននាក់បានឆ្លងកូវីដ