ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ រថយន្ត​បែន​ដឹក​ដី ធុន​ធំ​មួយគ្រឿង បាន​បើក​បុក ម៉ូតូ សណ្ដោង​រ៉ឺម៉ក បណ្ដាលឱ្យ​បុរស​ម្នាក់ ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ និង​ម្នាក់ទៀត បាន​រងរបួស​ធ្ងន់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី រសៀល​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ កែង​ច្រកចូល​បុរី​ពិភពថ្មី កួរស្រូវ ក្នុងភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ​។ ជនរងគ្រោះ ដែល​ស្លាប់ និង​រងរបួស​ធ្ងន់ នៅ​មិនទាន់​ស្គាល់ អត្តសញ្ញាណ​នោះទេ ។​

​យោងតាម​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ ដែល​នៅក្បែរ​កន្លែងកើតហេតុ បានឱ្យដឹងថាៈ មុនពេល​កើតហេតុ គេ​ឃើញ​បុរស ពីរ​នាក់ បាន​ជិះ​ម៉ូតូ សណ្ដោង​រ៉ឺម៉ក ដឹក​អីវ៉ាន់ ធ្វើដំណើរ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុងទិសដៅ ពី​ខាងកើត ទៅខាង​លិច ដោយមាន​ល្បឿន​មធ្យម ខណៈ​ជិះ​មកដល់​ចំណុច កើតហេតុ ស្រាប់​តែមាន​រថយន្ត ម៉ាក DAEWOO ប្រភេទ​បែន​ដឹក​ដី ធុន​ធំ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A-7153 ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា មក​បុក​ចំ​ពីមុខ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ពេញទំហឹង បណ្ដាលឱ្យ​រថយន្ត​បង្កហេតុ ខូចខាត​ផ្នែក ខាងមុខ តិចតួច ចំណែក​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក បាន​បាក់ ក រង​ការខូចខាត យ៉ាងដំណំ ។

​ប្រភព បាន​បន្តថា ដោយឡែក បុរស​ពីរ​នាក់ ដែល​ជិះ​លើ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​នោះ បាន​រងរបួស ធ្ងន់ធ្ងរ ហើយ​បុរស​ម្នាក់ បាន​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ រីឯ​បុរស​ម្នាក់ទៀត កំពុង​សម្រាក​ព្យាបាល នៅឯ​មន្ទីរពេទ្យ​នោះ ។​

​ក្រោយ​កើតហេតុ​ភ្លាមៗ តៃកុង​រថយន្ត​បង្កហេតុ បាន​បើកទ្វារ​រថយន្ត ចុះ​រត់គេចខ្លួន បាត់ស្រមោល ហើយ​មួយសន្ទុះ​ក្រោយមក ក៏មាន​បុរស​ម្នាក់ មក​បក​ស្លាក​ឡូហ្គោ របស់​ក្រុមហ៊ុន ចេញពី​រថយន្ត តែ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន បាន​ឃាត់ខ្លួន ។

​បន្ទាប់មក សមត្ថកិច្ច​មូលដ្ឋាន ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះមក វាស់វែង យក​រថយន្ត​បង្ក និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ ដោះស្រាយ​គ្នា នាពេល​ក្រោយ​៕/V​-PC