ដោយៈ រិ​ទ្ធិ​សែន / ពោធិសាត់​: នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ ម្សិលមិញ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ បាន​អញ្ជើញ ទទួល​អំណោយ​ពី ក្រុម​សប្បុរសជន មកពី​មូលនិធិ ដាយ​មិន​ស៍​កម្ពុជា តាមរយៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន គណៈកម្មាធិការ​កណ្ដាល យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោកស្រី ដើម្បី​ចែកជូន​ក្រុមការងារ យុវជន​ខេត្តពោធិ៍សាត់ ។

​អំណោយ​ដែល​បាន​នាំយកមក​ប្រគល់ជូន ថ្ងៃនេះ រួមមាន អង្ករ​ចំនួន ៥ តោន​, មី​យើង ២៥០ កេស​, ត្រីខ ២៥០ យួរ​, ឧបករណ៍​ធ្វើតេស្ដ រក​មេរោគ​កូ​វីដ ១៩ ចំនួន ១.៥០០ ឃី​ត​, និង​ថវិការ​ចំនួន ១០ លាន​រៀល ជូន​ដល់​ក្រុមការងារ​យុវជន ខេត្តពោធិ៍សាត់ សម្រាប់​ការងារ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ និង​ការងារ​របស់​យុវជន ផ្សេងៗ​ទៀត​។

​លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុម​សប្បុរស ជន មកពី​មូលនិធិ ដាយ​មិន​ស៍​កម្ពុជា ពិសេស​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ដែល​បាន​ខិតខំ គៀងគរ​រក​មូលនិធិ បែងចែក​មកដល់​រដ្ឋ​បាល ខេត្តពោធិ៍សាត់ នាពេលនេះ​។​

​ក្នុងនាម​រដ្ឋបាលខេត្ត លោក​បាន​សន្យាថា នឹង​ចាត់ចែង​សម្ភារៈ និង​ថវិកា ទាំងអស់នេះ ឲ្យ​បាន​ចំ​ទិសដៅ ក្នុងការ​ប្រើប្រាស់ ជួយ​ដល់​អ្នក​ខ្វះខាត និង​ការទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ជាដើម​។​

​ទន្ទឹមនឹងនេះ លោក​អភិបាលខេត្ត ក៍បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ចូល​រួមទាំង អស់​គ្នា ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​-១៩ និង​មេរោគ បំប្លែង​ថ្មី អូ​មី​ក្រុង នៅក្នុង​សហ​មន៍ របស់​យើង​៕/V​-PC