ដោយៈ សុផល / ភ្នំពេញ​៖ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថាៈ ក្នុង​រយៈពេល ៣​ខែ​ដំបូង ឆ្នាំ​២០២២ កំណើន​នៃ​ការចុះបញ្ជី យានយន្ត​អគ្គិសនី មាន​ចំនួន ៧០០%​។

​តាមរយៈ​កំណើន​នេះ បានបង្ហាញ​ជំនឿ យ៉ាង​មុតមាំ​ថា ការប្រើប្រាស់​យានយន្ដ ម៉ូតូ និង​ម៉ូតូ​កង់​បី ដើរ​ដោយ​ថាមពល​អគ្គិសនី នឹងមាន​ការកើនឡើង ច្រើន នៅក្នុង​ពេលអនាគត នៅពេលដែល​ហេដ្ឋារចនាសម្ព័ន្ធ បញ្ចូល​ថាមពល​អគ្គិសនី ត្រូវ បាន​ដំឡើង យ៉ាង​ទូលំទូលាយ នៅ​ទូទាំងប្រទេស ហើយ​ប្រជាពលរដ្ឋ​កម្ពុជា មានការ​យល់ដឹង ច្រើន អំពី​អត្ថប្រយោជន៍​ផ្ទាល់ខ្លួន លើ​ការប្រើប្រាស់ យានយន្ដ​អគ្គិសនី​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថាៈ ជាមួយនឹង​ការគាំទ្រ​របស់ អង្គការ កម្មវិធី​អភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ក្រសួង​បាននិងកំពុង​ធ្វើការ ជាមួយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​រៀបចំ​សេចក្តីព្រាង គោលនយោបាយ​ជាតិ ស្ដីពី​ការអភិវឌ្ឍ វិស័យ​ដឹកជញ្ជូន​ផ្លូវគោក ឆ្នាំ​២០២២-២០៣១​។ សេចក្តីព្រាង​គោលនយោបាយ​នេះ ទទួលបាន ការឯកភាព ជាគោលការណ៍ ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ច្របាច់​បញ្ចូល​ជាមួយ គោ​លន​យោ បាយ ស្ដីពី ការដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវដែក​។ ក្រសួង ក៏មាន​បំណង​បង្កើត គណៈកម្មាធិការ អន្តរក្រសួង ដើម្បី​សិក្សា​បន្ថែម និង​អភិវឌ្ឍន៍​គោលនយោបាយ​ជាតិ ទូលំទូលាយ​មួយ ស្ដីពី​យានយន្ត​អគ្គិសនី ហើយ​បច្ចុប្បន្ននេះ អង្គការ UNDP កំពុង​ជួយ​ជ្រោមជ្រែង ដល់​ក្រសួង ក្នុងការ​បង្កើត​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការដំឡើង​ស្ថានីយ សាក​ថ្ម យានយន្ត​អគ្គិសនី នៅ​ទូទាំងប្រទេស​។​

​លោក​រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថាៈ ផ្លូវ​ល្បឿន លឿន ភ្នំពេញ​-​ព្រះសីហនុ នឹងមាន​កន្លែង​សាក​ថ្ម រថយន្ត​អគ្គិសនី (EV Charger) ២ កន្លែង ទៅមក ហើយ​អាច​នៅ​ខាងដើម និង​ខាងចុង​ផ្លូវ ក៏មានដែរ​។ ចំណែក នៅ​ស្ថានីយ​ប្រេង​កាល់​តិច ដែល​ទើប​សម្ពោធ នៅ​ខណ្ឌដង្កោ ក៏មាន​កន្លែង សាក​ថ្ម អគ្គិសនី​ឡាន EV Charger ផងដែរ​។ នៅ​ថ្ងៃទី​២៧ ខែមេសា នេះ ស្ថានីយ​បញ្ចូល​ថាមពល យានយន្ត​អគ្គិសនី នៅ​ផ្សារ​ទំនើប ហ្វូ​រី ថា​ម ស​ឃ្វែរ ម៉​ល ខេត្ត​ព្រះសីហនុ បាន​ត្រូវ​សម្ពោធ​ឱ្យប្រើ​ប្រាស់ ជា​ផ្លូវការ​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រោម​ជំនួយ​របស់ UNDP ក្រសួង​ក៏បាន​ដាក់​កន្លែង​សាក​ថ្ម EV ចំនួន​១​កន្លែង នៅ​ក្រសួង​សា​ធារ​ការ និង​ដឹកជញ្ជូន​៕/V​-PC