ដោយៈ សុវណ្ណ​កុម្ភៈ / ភ្នំពេញៈ នាយ​បេសកកម្ម​របស់​កម្ពុជា សម្រាប់​ស៊ី​ហ្គេម​គឺ លោក វ៉ា​ត់ ចំរើន បាន​ជំរុញ​ឲ្យ​កីឡាករ កីឡាការិនី ជម្រើសជាតិ ទាំង ៣៣ ប្រភេទ​កីឡា ប្រឹងប្រែង ហ្វឹកហាត់ ដើម្បី​ប្រជែង​មេដាយ នៅ​វៀតណាម នា​ខែ​ក្រោយនេះ ដើម្បី​កិត្យានុភាព​ជាតិ របស់​យើង​។​

​ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ជាមួយ​តំណាង​សហព័ន្ធ​កីឡា​ជាតិ​នានា កាលពី​ល្ងាច ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ អូឡាំពិក កម្ពុជា ( NOCC ) ស្តីពី​ការត្រៀម​លក្ខណៈសម្បត្តិ ចូលរួម​ស៊ី​ហ្គេម លើក​ទី​៣១ ពីថ្ងៃ​ទី​១២-២៣ ខែឧសភា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម​។​

​នាយ​បេសកកម្ម បាន​គូសបញ្ជាក់ថាៈ នេះ​ជា​កិច្ចប្រជុំ​ដ៏ មាន​សារសំខាន់​មួយ ក្នុង​ការបញ្ជូនសារ ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ត្រៀមលក្ខណៈ​សម្បត្តិ ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ចូលរួម ប្រកួត​ស៊ី​ហ្គេម នៅ​វៀតណាម នា​ខែ ក្រោយនេះ​។​

​ជាមួយគ្នានេះដែរ លោក​បានស្នើ​ឲ្យ​តំណាង​សហព័ន្ធ​កីឡា​ជាតិ ទាំង​៣៣ ប្រភេទ​កីឡា ត្រួតពិនិត្យ​លើ​ការថែទាំ​សុខភាព សុវត្ថិភាព របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ មុនពេល ចេញទៅ​ប្រកួត ឲ្យ​បានល្អ​ប្រសើរ ក៏ដូចជា ត្រៀមលក្ខណៈ ក្នុងការ​រៀបចំ​ឯកសា​រពាក់​ព័ន្ធ ឧបករណ៍ សម្ភារ​ប្រកួត និង​កិច្ចការ​នានា ដែល​ខ្លួន​ត្រូវធ្វើ ឬ​មិនទាន់បាន​បំពេញ ត្រូវបំពេញ​បែប​ ​បទ​គ្រប់​ទម្រង់ ឲ្យ​បាន​រួចរាល់​។​

​នាយ​បេសកកម្ម​រូបនេះ ក៏បាន​ជំរុញ​ឲ្យ​សហព័ន្ធ​នានា ទទួលយក​ព័ត៌មាន ឲ្យ​បានច្បាស់លាស់ ពី​កាលបរិច្ឆេទ ការចេញដំណើរ កាលបរិច្ឆេទ នៃ​ការប្រកួត​របស់ ប្រភេទ​កីឡា​នីមួយៗ ទីលាន​ប្រកួត ពី​គណៈកម្មការ​ប្រកួត ស៊ី​ហ្គេម វៀតណាម​ផងដែរ​។ សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ត្រូវ​ផ្តល់​រាល់ ព័ត៌មាន​ទាំងឡាយ ជូន​ដល់​គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា (NOCC) និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​កិច្ចសហការ​នេះ មាន​ប្រធាន​ទទួល បន្ទុក​រួម នាយ​បេសកកម្ម នាយរង​បេសកកម្ម​ជាដើម​។​

​អ្វីដែល​សំខាន់បំផុត នាយ​បេសកកម្ម​រូបនេះ បានស្នើ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ ទាំងអស់ ត្រូវផ្តោត ការយកចិត្តទុកដាក់​ខ្ពស់ សម្រាប់​កីឡាករ កីឡាការិនី របស់ខ្លួន ដែលជា​តួឯក​ដែល​ត្រូវ​ឡើង ទៅ​ប្រយុទ្ធ​ផ្ទាល់ លើ​ទីលាន​ប្រកួត ក្នុងការ​ស្វែងរក​ឧត្តមភាព​បច្ចេកទេស ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់​។

​ស្មារតី​ដែល​សំខាន់បំផុត របស់​អត្ត​ព​លិ​ក​ជម្រើសជាតិ គឺ​ត្រូវមាន​ឆន្ទៈ​មោះមុត សេចក្តីក្លាហាន ហើយ​ត្រូវ​ជំរុញ​ទឹកចិត្ត​ពួកគាត់ ឲ្យ​បានល្អ ពោលគឺ ជំរុញ​ឲ្យ​ស្មារតី​ប្រយុទ្ធ ក្នុង​បច្ចេកទេស ឲ្យ​បានល្អ​បំផុត ដើម្បី​ប្រជែង​មេដាយ និង​កិត្យានុភាព​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ ប្រចាំ​តំបន់ អាស៊ីអាគ្នេយ៍ រៀងរាល់ ២ ឆ្នាំ​ម្តង មួយ​នេះ ឲ្យ​បានល្អ​។ ការប្រកួត​នេះ មិន​សំខាន់ តែ​ទៅលើ គុណភាព​បច្ចេកទេស តែមួយ​មុខ​នោះទេ ពោលគឺ ត្រូវមាន​ការពាក់ព័ន្ធ​នឹង ទិដ្ឋភាព ជុំវិញខ្លួន​ទាំងអស់ ដូចជា​សុខភាព​ជាដើម​។​

​លោក​សូម​ផ្ញើ​សារជាថ្មី​ម្តងទៀត ជូន​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ទាំងអស់ ត្រូវ​ថែទាំ​សុខភាព ឲ្យ​ល្អ​មាំមួន ដើម្បី​បំពេញ​កាតព្វកិច្ច ឲ្យ​បានល្អ ហើយ​ត្រឡប់​មកពី ស៊ី​ហ្គេម​នៅ​វៀតណាម​វិញ ប្រកបដោយ​សុខ​សុវត្ថិភាព និង​ជ័យជម្នះ ដែលជា​ក្តី​សុបិន ដែល​យើងទាំងអស់គ្នា ប្រាថ្នា​ចង់បាន​៕/V​-PC