ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
រមាស់
នាមសព្ទ
រោគស្បែកដែលមានមេក្រមីបណ្ដាលឲ្យមានការរសឹបៗឆៀបៗនាំឲ្យចង់អេះឲ្យចង់ចុច
កើតរមាស់, អេះរមាស់ ។
កិរិយាសព្ទ
នាំឲ្យចង់តែអេះឬឲ្យចង់តែចុច
អញរមាស់ខ្នងណាស់អេះឲ្យគ្នាបន្តិច ! ។ ព. ប្រ. រមាស់ចិត្ត ចិត្តភ្នកនឹកចង់ធ្វើ,…។ រមាស់មាត់ បណ្ដាលឲ្យចង់តែបង្ហើបមាត់និយាយ។ ( ព. កា. ) : មនុស្សរមាស់មាត់ ពិបាកឃាត់ឲ្យនៅស្ងៀម ហេតុចិត្តនៅជាប់ជៀម ស្ងៀមពុំកើតព្រោះរមាស់ ។
កាំប្រមា
(—ប្រម៉ា)
នាមសព្ទ
កាំគឺព្រួញស្រួច ៗ ជាជំនួសរោមរបស់ប្រមា ដុះចេញវែងច្រូងច្រាងពេញទាំងខ្លួន , សម្រាប់ប្រើជាអាវុធផ្ទាត់បាញ់ទម្លាក់ផ្លែឈើជាអាហារ ឬ សម្រាប់ការពារខ្លួនវា ។
ក្រមា
(—ម៉ា)
នាមសព្ទ
សំពត់ត្បាញដោយអំបោះមានក្រឡាខ្វែង សម្រាប់ផ្លាស់ងូតទឹក ។
ក្រមាច់
គុណសព្ទ
ដែលចេះកំប្លែង ដោយវាចា ឬ ដោយអវយវៈ មានញាក់មុខញាក់មាត់ជាដើម គួរឲ្យសើច
មនុស្សក្រមាច់ ។
ក្រមាច
គុណសព្ទ
ធំកំពាង, ក្រអាញ
មុខក្រមាច, រាងក្រមាចៗ ( ក្រមាចម៉ាច ) ។