ដោយៈ សម្បត្តិ / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហម វ៉ាន់​ថា ស្នងការរង ទទួល​ដឹកនាំ​បញ្ជា ពង្រឹង​ការងារ​អធិការដ្ឋាន​នគរបាល ខណ្ឌ​កំបូល និង​លោក​ឧ​ត្ត​ម សេនីយ៍​ទោ ហេង រតនា ស្នងការរង ទទួល​ដឹកនាំ​បញ្ជា ពង្រឹង​ការងារ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែលជា​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ បានលើកឡើង នៅក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង បំពាក់ ឋានន្តរសក្តិ និង​ប្រគល់​ប័ណ្ណ សរសើរ លិខិត​សរសើរ ជូន​មន្ត្រី​អធិការដ្ឋាន នគរបាល ខណ្ឌ​ទាំង ២ នេះ ដោយបាន​រំលឹក ណែនាំ នូវ​បទបញ្ជា​របស់ លោក​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ជាមួយ​ការប្តេជ្ញា​របស់ កម្លាំង​នគរបាល រាជធានី​ភ្នំពេញ ជូន​ដល់​កម្លាំង នគរបាល ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវ​ត្រៀមកម្លាំង​ជាស្រេច ចេញ​ការពារ ពង្រឹង​សន្តិសុខ ថែរក្សា​សណ្តាប់ធ្នាប់ ធានា​ឱ្យបាន​នៃ​ដំណើរការ បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ នៅពេល​ខាងមុខនេះ ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​អំពើហិង្សា និង​ការទប់ស្កាត់ រាល់​ការប៉ុនប៉ង ទាំងឡាយណា ដែល​ប៉ះពាល់​អសន្តិសុខ​សង្គម ពី​ក្រុម​បង្កហេតុ​ណាមួយ នៅ​ទន្ទឹម​ដែល​ដំណើរការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ គ្រោង​នឹង​រៀបចំ​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ​។​

​ក្នុង​ពិធី​ខាងលើនេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង ទាំង​២ ក្នុងនាម លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ នគរបាល រាជធានី​ភ្នំពេញ ក៏បាន​ចូលរួម​អបអរសាទរ ចំពោះ​មន្ត្រីនគរបាល ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ទទួលបាន​ការតែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ នៅពេលនេះ ត្រូវ​បន្ត​ពង្រឹងសមត្ថភាព​ការងារ ដើម្បី​បំរើ ការងារ​ជំនាញ ជូន​អង្គភាព​ឱ្យ​កាន់តែ មាន​ប្រសិទ្ធភាព ជាពិសេស​បំរើ​ប្រជា ពលរដ្ឋ ឱ្យបាន​ល្អ និង​ចូលរួម​ការពារ​ពង្រឹង ទប់ស្កាត់ បទល្មើស​ព្រហ្មទណ្ឌ និង​បទល្មើស​ផ្សេងទៀត នៅក្នុង​មូលដ្ឋាន ឱ្យមាន​ការថយចុះ​។ នៅ​គ្រា​ដែល ខណ្ឌ​ទាំង ២ ខាងលើ នៅមាន​បញ្ហា​ប្រឈម កើតមាន​ទៅលើ​បទល្មើស​ឆក់ ដែលជា​បទល្មើស​បង្ក​ជះឥទ្ធិពល មិនល្អ ចំ​ទៅលើ​មហាជន ជាពិសេស ចំពោះ​ជនបរទេស ដែល​មកលេង​កម្សាន្ត នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហម វ៉ាន់​ថា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហេង រតនា ក៏បាន​ណែនាំ ដល់​កម្លាំង​នគរបាល​ទាំង ២​ខណ្ឌ ត្រូវ​ផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ល្អ និង​ការទទួល​ពាក្យបណ្តឹង ពី​ប្រជាពលរដ្ឋ ការ​ប្រចាំការ​របស់​មន្ត្រី និង​បើកទ្វារ​ប៉ុស្តិ៍នគរបាល រដ្ឋបាល ២៤​ម៉ោង លើ​២៤​ម៉ោង រង់ចាំ​ចេញ​ដោះស្រាយ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ នៅពេល​ប្រជាពលរដ្ឋ ប្តឹង​រាយការណ៍ មក​កម្លាំង​នគរបាល ឱ្យជួយ​អន្តរាគមន៍​។ ជាមួយគ្នា​នោះ ក៏បាន​ណែនាំ​ពង្រឹង​វិន័យ​នគរបាលជាតិ ឱ្យបាន​ខ្ជាប់ខ្ជួន គឺ​ការគោរពវិន័យ បានល្អ នាំមក​កិត្តិយស និង​ភាពថ្លៃថ្នូរ របស់​នគរបាលជាតិ ជាពិសេស​ចៀសវាង​ប្រើ​អាកប្បកិរិយា មិនល្អ​ចំពោះ​ប្រជាពលរដ្ឋ និង​ណែនាំ និង​ហាម​ដាច់ខាត ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល កុំ​ធ្វើឯកសារ​រដ្ឋបាល​ខ្មែរ ទៅឱ្យ​ជនបរទេស មក​រស់​ស្នាក់នៅ​ខុសច្បាប់ នៅក្នុង​រាជធានី​ភ្នំពេញ បើ​ក្នុងករណី​ដែល​មន្ត្រី​ណា ធ្វើឯកសារ​រដ្ឋបាល ជូន​ដល់​ជនបរទេស ខុសច្បាប់ ហើយ​ត្រូវបាន​រកឃើញ គឺ​ថ្នាក់លើ នឹង​អនុវត្តតាម​ផ្លូវច្បាប់​នោះ​ហើយ​។​

​សូមបញ្ជាក់ថា ពិធី​ខាងលើនេះ មន្ត្រី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ត្រូវបាន​ប្រកាស​ផ្ទេរ ភារកិច្ច តែងតាំង​មុខតំណែង បំពាក់​ឋានន្តរសក្តិ និង​ទទួលបាន​ប័ណ្ណសរសើរ លិខិត​សរសើរ សរុប​ចំនួន ៣៩ នាក់ ដោយឡែក នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទទួលបាន​សរុប ចំនួន ៣០ នាក់ ក្នុងនោះ មាន​មន្ត្រី​ចូលនិវត្តន៍ ទទួលបាន​ប័ណ្ណសរសើរ ចំនួន​៦​នាក់ ហើយ​មន្ត្រី​ចូលនិវត្តន៍ ក៏បាន​ជួយឧបត្ថម្ភ​ថវិកា ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ២០ ម៉ឺន​រៀល​៕/V​-PC