ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នគរបាល​ការពារ​ព្រំដែន​គោក វរ​សេនា តូច​លេខ ៨០៧ ឈរជើង​នៅ​បណ្តោយ​ព្រំដែន កម្ពុជា​-​ថៃ ស្រុក​ថ្មពួក ឈម​គ្នា​នឹង​ភូមិសាស្ត្រ ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ និង​ស្រុក​ឡាក់​ហាន​សាយ ខេត្ត​បូរី​រ៉ាំ ប្រទេស​ថៃ បាន​ទប់ស្កាត់​ពលករ​ខ្មែរ ឆ្លងដែន​ខុសច្បាប់ ចំនួន ៧៤ នាក់ រួច​បញ្ជូន​ទៅផ្ទះ​វិញ ។ តម​ក កម្លាំង​នគរបាល​ជំនាញ បាន​បន្ត​កំណត់​មុខសញ្ញា ដើម្បី​ស្រាវជ្រាវ តាមរក​ចាប់ខ្លួន​មេខ្យល់​។​

​លោក​វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ នគរបាល​ការពារ​ព្រំដែន​គោក វរ​សេនា​តូច​លេខ ៧០៨ បានអោយដឹង កាលពី​ថ្ងៃទី​២៦ ខែមេសា​ថា​: នា​ល្ងាចម្សិលមិញ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រំដែន​អូរ​សាយ ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក ម៉ៅ ដា​រ៉ា នាយប៉ុស្តិ៍ សហការ​ជាមួយ​យោធា​ផ្នែក​សឹក​រង ស្រុក​ថ្មពួក ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ព្រុំ ប៊ុនធឿន មេបញ្ជាការ (​គ​១) បាន​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ ចំនួន ៦៥ នាក់ (​ស្រី​២៧​នាក់​) បម្រុង​លួច​ឆ្លង ដែន​ខុសច្បាប់ ទៅរក​ការងារ​ធ្វើ នៅ​ប្រទេស​ថៃ នៅ​ចំណុច​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ជាង​កន្លះ​គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៥៨ (TA 72740-48409) ។ បន្ទាប់ពី​បាន​ទប់ស្កាត់​រួចមក កងកម្លាំង បាន​នាំ​ពួកគាត់ មក​ទីបញ្ជាការដ្ឋាន នគរបាល​ការពារ​ព្រំដែន​គោក វរ​:​សេនា​ត​តូច​លេខ​៨០៧ ដើម្បី​សួរនាំ កំណត់​មុខសញ្ញា (​មេខ្យល់​) នាំ​ពលករ​ឆ្លងដែន ដោយ​ខុសច្បាប់ ។​

​ការទប់ស្កាត់​ប្រជាពលរដ្ឋ ឆ្លងដែន​ខុសច្បាប់ ខាងលើ ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក ឧ​ត្ត​ម​សេនីយ៍ អ៊ុ សុផល ស្នងការរង ទទួល​ផែន​នគរបាល​ព្រំដែន និង​លោក​វរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការ ។​

​ប្រភព បាន​បន្តថាៈ ក្រោយពី​សួរនាំ នៅ​ម៉ោង ១​និង​៣០​នាទី រំលងអធ្រាត្រ ចូល​ថ្ងៃទី​២៦ ខែមេសា កម្លាំង​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរ​សាយ ដដែល បាន​បន្ត ចេញ​ល្បាត និង​ឃាត់​បាន ប្រជាពលរដ្ឋ បម្រុង​ឆ្លងដែន​ចំនួន ៩​នាក់​ទៀត (​ស្រី​៣​នាក់​) បន្ថែមទៀត​។​

​នៅ​ថ្ងៃទី​២៦ ខែមេសា កម្លាំង​សហការ ខាងលើ បានប្រគល់​ប្រជាពលរដ្ឋ សរុប​ចំនួន ៧៤ នាក់ (​ស្រី​៣០​នាក់​) ទាំងនោះ ទៅអោយ​អធិការដ្ឋាន​នគរបាល ស្រុក​ថ្មពួក ហើយ​នគរបាល​នេះ និង​នគរបាល​ការិយាល័យ​នគរបាល ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​ខេត្ត បានទទួល ចាត់ការ​បន្ត តាម​នីតិវិធី ក្នុងនោះ បានកំណត់​មុខសញ្ញា និង​ស្រាវជ្រាវ ស្វែងរក​ចាប់ខ្លួន​មេខ្យល់ ជួញដូរ​មនុស្ស​៕/V​-PC