ដោយ​៖ សាត​ចាន់​បុត្រ /​មណ្ឌលគិរី​៖ បុរស​ម្នាក់ ត្រូវបាន​កម្លាំង​អាវុធហត្ថ ខេត្តមណ្ឌលគិរី ឃាត់ខ្លួន នា​ព្រឹក​ថ្ងៃទី​២៧ មេសា ២០២២ តាម​ដីកា​បង្គាប់​របស់ តុលាការ ក្នុងករណី​រំលោភ លើ​សេចក្តីទុកចិត្ត​។ ករណីនេះ បានកើត​ឡើង នៅ​ចំណុច​ហាង​គុយទាវ​ទូក ក្នុង​ភូម​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​

​បើតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថាៈ បុរស​ឈ្មោះ យស ចាន់ថា ដែលមាន មុខរបរ​ច្រើន​ប្រភេទ រកស៊ី​ដីធ្លី បើក​ក្លិប​កម្សាន្ត ហាង​ផឹកស៊ី កែច្នៃ​កាហ្វេ ត្រូវ​សមត្ថកិច្ច​នាំខ្លួន ទៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត បន្ទាប់ពី​មាន ពាក្យបណ្តឹង ពី​ម្ចាស់​ដី ដែល​បុគ្គល​នេះ លួច​លក់​ដី មិន​ឲ្យ​ម្ចាស់​ដឹង​។​

​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹង​ទៀតថាៈ ក្រោយ​ទទួលបាន​ដីកា​បង្គាប់​របស់ ព្រះរាជអាជ្ញា សាលាដំបូង ខេត្តមណ្ឌលគិរី លេខ​០៣/២២ អ​.​យ ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២២ អនុញ្ញាត​ឲ្យ មន្ត្រីនគរបាល​យុត្តិធម៌ បើក​ការស៊ើបអង្កេត បឋម តាម​ការស្នើរ​សុំ អនុវត្ត​មាត្រា ៣៧, ៤០, ៧៤, ១១១ នៃ​ក្រមនីតិវិធី ព្រហ្មទណ្ឌ​។​

​ប្រភព បាន​បន្តថាៈ ករណី​ខាងលើ ជា​បទ​រំលោភ​លើ​ទំនុកចិត្ត ក្លែងបន្លំ​ឯកសា ធារ​ណៈ ប្រើ​ឯកសារ​សាធារណៈ​ក្លែង និង​បទ​សមគំនិត និង​លួច​លក់​អចលន វត្ថុ​អ្នកដទៃ មិនមែនជា របស់ខ្លួន ដែល​ប្រព្រឹត្ត​លើក​ទី​១ អំឡុង​ឆ្នាំ​២០១៤ លើក​ទី​២ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​៕/V​-PC