ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ា​នី នឹង​ចុះមក​ពិនិត្យ​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ចំនួន ២ នៅ​ខេត្តកំពង់ឆ្នាំង ដែល​គ្រោង​នឹងធ្វើ​ឡើង នៅ​ចុងខែ​មេសា និង​ដើមខែ​ឧសភា ខាងមុខ​។

​នេះ​បើ​យោងតាម​កិច្ចប្រជុំ​រួមគ្នា កាលពី​រសៀល ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ នៅ​សាលាខេត្ត កំពង់ឆ្នាំង រវាង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់លោក ហ៊ុន​ម៉ា​នី និង អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព លោក ឈិន សេង​ងួន អភិបាល រង​ខេត្ត និង​លោក លេង ផា​លី ប្រធាន​ក្រុមការងារ គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់លោក ហ៊ុន ម៉ា​នី និង​មានការ​អញ្ជើញ​ចូលរួម ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព និង អាជ្ញាធរ​ស្រុក ។​

​លោក លេង ផា​លី បាន​មានប្រសាសន៍​ឱ្យដឹងថាៈ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ ចិត្ត​របស់លោក ហ៊ុន ម៉ា​នី ប្រមាណ​ជាង ៣០០ នាក់ គ្រោង​នឹង​ចុះមក​ពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ចំនួន​២ គឺ​ស្រុក​រលា ប្អៀ​រ និង​ស្រុក​កំពង់លែង ដែល​ក្នុងស្រុក​នីមួយៗ គ្រោង​ទទួល​ពិនិត្យ​ព្យាបាល ប្រជាពលរដ្ឋ​ប្រមាណ​ជា ៥.០០០ នាក់ ។

​សម្រាប់​នៅ​ស្រុក​រលាប្អៀរ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត នឹង​ទទួល​ពិនិត្យ​ព្យាបាល​នៅ ថ្ងៃទី​២៨ ខែ មេសា ឆ្នាំ​២០២២ ចំណែក​ស្រុក​កំពង់លែង នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​៧ ខែឧសភា ខាងមុខនេះ​។​

​នាឱកាស​នោះ លោក ឈិន សេង​ងួន បានលើកឡើង​ថាៈ ដើម្បីឱ្យ​ក្រុម​គ្រួ ពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ទទួល​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ បាន​ដោយ រលូន គឺ​អាជ្ញាធរ​ស្រុក​ទាំងពីរ និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​សហការ​ឱ្យបាន​ជិតស្និទ្ធ ក្នុង​រៀបចំ​ទីតាំង​ឱ្យបាន ល្អប្រសើរ ដូចជា​ការទទួល ពលរដ្ឋ ដែល​មក​ពិនិត្យ​ព្យាបាល​នេះ និង​ការរៀបចំ សណ្តាប់ធ្នាប់ របៀបរៀបរយ ឱ្យបាន​ល្អប្រសើរ ។ ចំពោះ​ការពិនិត្យ​ព្យាបាល​នេះ ត្រូវធ្វើ​ឡើងដល់ ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់ មាន​ឬ​ក្រ និង​និន្នាការ​នយោបាយ ណា​នោះឡើយ ។​

​អភិបាលរង​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថាៈ អាជ្ញាធរ​មួលដ្ឋាន ត្រូវ​ធ្វើការ ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ ជូន​ដល់​ប្រជាពលរដ្ឋ នៅ​គ្រប់​មូលដ្ឋាន​ទាំងអស់ ឱ្យមក​ចូលរួម​ពិនិត្យ ព្យាបាល​ដោយ​ឥតគិតថ្លៃ​នេះ​។ ការចុះពិនិត្យ និង​ព្យាបាល ជំងឺ ជូន​ប្រជាពលរដ្ឋ​នេះ គឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ដែល​ស្តែងចេញ ពី​សេចក្តីស្រឡាញ់ បងប្អូន​ប្រជាពលរដ្ឋ ក្នុងនាម​ជា​ឈាមជ័រ​ខ្មែរ​ដូចគ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួមគ្នា​តែមួយ អនាគត​តែមួយ ពោលគឺ ការព្យាបាល មិន​ប្រកាន់​បក្ខពួក សាសនា ឬ​និន្នាការ​នយោបាយ ណាមួយ​នោះឡើយ គឺ​សំដៅ​ចូលរួម​កាត់បន្ថយ ភាពខ្វះខាត​របស់​ប្រជាពលរដ្ឋ បាន​មួយចំណែក ផងដែរ​៕/V-PC