ដោយ​: ភ្នំ​ខៀវ / បាត់ដំបងៈ អ្នកបើក​ត្រាក់ទ័រ បាន​បើក​បត់​ឆ្វេង មិនបាន​ប្រយ័ត្ន បង្ក​ឲ្យ​ម៉ូតូ មួយគ្រឿង​ទៀត ជិះ​មកពី​ក្រោយ បាន​បុក បណ្តាល​ឲ្យ​បាក់ ក ស្លាប់​ម្នាក់​។ គ្រោះថ្នាក់ ចរាចរណ៍​នេះ បានកើត​ឡើង​នៅ អំឡុង​ម៉ោងជាង ៦ ព្រឹក ថ្ងៃទី​២៧ ខែមេសា ឆ្នាំ ២០២២ ត្រង់​កំណាត់​ផ្លូវជាតិ​លេខ ៥៩ ក្នុងភូមិ បេង​ស្អាត ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​នគរបាល​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹងថាៈ ជនរងគ្រោះ​ស្លាប់ ឈ្មោះ សេង ពិ​សិទ្ធ ភេទ​ប្រុស អាយុ ១៩ ឆ្នាំ រស់នៅក្នុង​ភូមិ​ទួល​ជ្រៃ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បើកបរ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពាក់​ស្លាក​លេខ បាត់ដំបង 1AL-5011 ។​

​មុនពេល​កើតហេតុ ត្រាក់ទ័រ​បង្ក បាន​បើកបរ​ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង លុះ​មកដល់ កន្លែងកើតហេតុ ត្រាក់ទ័រ បាន​បត់​ឆ្វេង ដើម្បី​ចូលទៅ​ចម្ការ ក៏​ជួន​គ្នា​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​បើកបរ ក្នុងទិសដៅ​ស្របគ្នា ក្នុង​ល្បឿន​លឿន ក៏បាន​បុក​ចំ​រ៉ៃ​ត្រាក់ទ័រ ផ្នែក​ខាងមុខ យ៉ាង​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ ប្រកាច់​ស្លាប់​មួយ​រំពេច នៅ​កន្លែងកើតហេតុ តែម្តង ។​

​ករណីនេះ កម្លាំង​ផ្នែក​ជំនាញ បាន​ចុះ​វាស់វែង​រួច ហើយ​បានប្រគល់​សាកសព ជនរងគ្រោះ ទៅ​ឲ្យ​សាច់ញាតិ ចំណែកឯ​វត្ថុតាង ត្រូវបាន​យកមក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​ដ្ឋ​បាល​ភ្នំព្រឹក រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕/V​-PC