ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា បានសម្រេច​ជាគោលការណ៍ អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២ ហើយ​។ ព្រឹត្តិការណ៍​នេះ ត្រូវ​រៀបចំ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ចាប់ពី​ថ្ងៃទី​១៧-២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ​។​

​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ គឺ​បន្ទាប់ពី​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ស្នើសុំ​គោលការណ៍ កាលពី​ដើមខែ មេសា កន្លងទៅ ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ នា​ខែវិច្ឆិកា ខាងមុខ នៅ​ពហុ​កី​ឡ ដ្ឋា​ន​ជាតិ​មរតក​តេ​ជោ​។​

​យោងតាម​សេចក្ដីជូនដំណឹង​លេខ ៣០៥​សជណ អ​.​វ ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២២ របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី មាន​ខ្លឹមសារ​ថា រាជរដ្ឋាភិបាល​យល់ព្រម ជាគោលការណ៍ ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​»​។​

​ព្រឹត្តិការណ៍​កីឡា​ជាតិ បាន​ខកខាន​រៀបចំ ម្ដង​រួចមកហើយ កាលពី​ឆ្នាំ​២០២០ ក្រោយ​ផ្ទុះ​ជំងឺ​រាតត្បាត​ជាស​កល កូ​វីដ​-១៩ បន្ទាប់ពី​ធ្លាប់​រៀបចំ ដោយ​ជោគជ័យ ចំនួន​២​លើក កាលពី​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៨​។ បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩ ធូរស្រាល ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ប្រកាស​រៀបចំ ព្រឹត្តិការណ៍ ២​ឆ្នាំ​ម្ដងនេះ​ឡើងវិញ តាម​ទម្រង់​ស៊ី​ហ្គេម ដើម្បី​ជា​បទពិសោធន៍ ក្នុងការ ត្រៀមខ្លួន ធ្វើជា​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ដ្រ នា​ឆ្នាំ ២០២៣​។​

​តាម​គម្រោង ការប្រកួត​កីឡា​ជាតិ លើក​ទី​៣ នឹង​រៀបចំ​ការប្រកួត នៅ​ទីលាន ៦ រាជធានី ខេត្ត ពិសេស​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ ដែលជា​កន្លែង ប្រារព្ធ​ពិធី បើក​បិទ​ព្រឹត្តិការណ៍ ស៊ី​ហ្គេម ឆ្នាំ​២០២៣ ហើយ​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី និង​គណៈកម្មការ ចូលរួម ប្រមាណ ៧,០០០​នាក់​។​

​ចំពោះ​ប្រភេទ​កីឡា ដែល​គ្រោង​រៀបចំ ក្នុង​ព្រឹត្តិការណ៍ ដ៏​មាន​សារសំខាន់​នេះ គឺមាន ៣៩ ប្រភេទ​កីឡា និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក ៧ ប្រភេទ​កីឡា​។ បើ​យោង តាម​ស្មារតី​កិច្ចប្រជុំ តាម​អន​ឡាញ ដែល​ដឹកនាំ​ដោយ​លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន កាលពី​ថ្មីៗ កន្លងទៅ​៕/V​-PC