អ្នក​ផលិត​អំបិល​ស្នើ​កែ​ដី​ជា​ប្រភេទ​លំនៅស្ថាន​ជា​ថ្នូរ​នឹង​ការបរិច្ចាគ​ពង្រីក​ផ្លូវ​ទៅ​ផែ​ទេសចរណ៍​

2514
ចែករម្លែក
  • 809
    Shares

​កំពត​៖ ព្រោះតែ​ការពង្រីក​ផ្លូវ​ឆ្ពោះទៅកាន់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ ដែល​ចាប់ផ្តើម​សាងសង់​នា ដើមឆ្នាំ​២០១៨​ខាងមុខ ម្ចាស់​ការដ្ឋាន​ផលិត​អំបិល​មួយចំនួន មាន​ទីតាំង​ក្នុងភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ខេត្តកំពត បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ចំណែក​ប៉ះពាល់ តែ​ស្នើសុំ​កែប្រែ​ផ្ទៃ​ស្រែអំបិល​ជម្រៅ​១០០​ម៉ែត្រ ពី​ផ្លូវ​ជា​ប្រភេទ​ដី​លំនៅស្ថាន​។ ក្នុងករណី​មានការ​យល់ព្រម នោះ​ផ្ទៃដី​ប្រមាណ​ជាង​២០​ហិកតា​នឹង ដកខ្លួន​ចេញពី​ប្រភេទ​ដី​ផលិត​អំបិល ដែល​ធ្លាប់​ដំណើរការ​អស់​ជាច្រើន​ទសវត្ស​កន្លងមក​។​

​ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការអភិវឌ្ឍ​ទេសចរណ៍​សមុទ្រ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ កក្កដា ឆ្នាំ​២០១៧ នា​សាលប្រជុំ​សាលាខេត្ត​កំពត លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​ក្នុង​ខេត្ត​បី​គឺ ខេត្ត​កែប ខេត្តកំពត និង​ខេត្តកោះកុង​។ ទាំងនេះ​ជា​បំណង​ត​ភ្ជាប់​ការធ្វើដំណើរ និង​ទេសចរណ៍​តាម​ច្រករបៀង​ភាគខាងត្បូង ថៃ កម្ពុជា វៀតណាម ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ព្រមទាំង​សេវាកម្ម​ប្រកបដោយ​គុណភាព ដើម្បី​ធ្វើឱ្យ​ប្រសើ​ឡើង​នូវ​ជីវ ភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​។ សម្រាប់​ខេត្តកំពត គម្រោង​មួយ​នេះ ផ្តោត​សំខាន់​លើ​ការកសាង​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ និង​កំណាត់​ផ្លូវ​ត​ភ្ជាប់​ក្នុង​ខេត្ត​ដែល​អាច​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៨ និង​បានការ​ប្រើប្រាស់​នា​ដើមឆ្នាំ​២០១៩​។

​ជាមួយគ្នា​នោះដែរ លោក​ទិ​ត ចន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​ក្នុងការ ស្ថាបនា​ផ្លូវ​ឆ្ពោះទៅកាន់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នេះ គម្រោង​ត្រូវ​ពង្រីក​ទទឹងផ្លូវ​រហូត​ដល់​ប្រវែង​៣០​ម៉ែត្រ ដោយ​ផ្នែក​ខ្លះ​ប៉ះពាល់​ដីស្រែ​អំបិល​។ ករណីនេះ ម្ចាស់​ការដ្ឋាន​ស្ម័គ្រចិត្ត​ប្រគល់​ដី​សម្រាប់​ការពង្រីក​ផ្លូវ​ឱ្យ​ទូលាយ​។ ប៉ុន្តែ​ពួកគាត់​សំណូមពរ​ថា​ចាប់ពី​ផ្លូវ រហូត​ជម្រៅ​១០០​ម៉ែត្រ សូម​ប្រែក្លាយជា​ប្រភេទ​ដី​លំ នៅ​ស្ថាន​វិញ​ព្រោះ​មិនអាច​ផលិត​អំបិល​បាន​តទៅទៀត​។ លោក​រដ្ឋលេខាធិការ​បញ្ជា​ក់ថា បញ្ហា​នេះ​សង្ឃឹមលើ ដំណោះស្រាយ​ពី​លោក​អភិបាលខេត្ត ដើម្បីឱ្យ​ការបង្កើត​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​បាន​រលូន​ទៅមុខ​។​

​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​រៀបរាប់​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ ២០១៧​ថា​ការពង្រីក​ផ្លូវ​នោះ​ពិតជា​ចំ​លើ​ផ្នែក​ខ្លះ​នៃ​ផ្ទៃដី​ស្រែអំបិល​មែន ប៉ុន្តែ​មិនជា​ច្រើន​ទេ គឺ​ប៉ះពាល់​តែ ផ្នែក​ខាងត្បូង​ប៉ុណ្ណោះ​។ ដោយឡែក ចាប់ពី​ចំណុច​បែក​ចេញពី​ផ្លូវជាតិ​លេខ​៣៣ មិនមាន​អ្វី​ជា​បញ្ហា​ទេ​។ កំពង់ផែ​នេះ​សាងសង់​ក្នុង​ទឹកដី​ភូមិ​ជុំ​ក្រៀល ឃុំ​ជុំ​ក្រៀល ស្រុក​ទឹកឈូ ស្ថិតនៅ​ជាប់មាត់​សមុទ្រ លើ​ទំហំ​ផ្ទៃ ដី​បួន​ហិកតា​។​
​លោក សុខ គឹម​ជឿន ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្ប កម្ម​ខេត្តកំពត​បាន​រៀបរាប់ថា​ទាំង សំណូមពរ​របស់​អ្នក​ផលិត​អំបិល​ទាំង​ការសម្រេច​យ៉ាងណា ពាក់ព័ន្ធ​នឹង​ដីស្រែ​អំបិល​នោះ មិនទាន់​កើតមាន ជា​ផ្លូវការ​នៅឡើយ​ទេ​។ កន្លងមក បន្ទាប់ពី​មាន​គម្រោង​អំពី​ការសាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ កាលនោះ​លោក​សូត យា អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍​កំពង់ផែ​ទេច​សរណ៍​សមុទ្រ បាន​កោះហៅ​ម្ចាស់​ស្រែអំបិល​មក​ពិភាក្សា​។ គ្រា​នោះបាន​និយាយ​ពី​ការពង្រីក​ផ្លូវ​ទំហំ​៣០​ម៉ែត្រ​។ ព្រោះតែ​ផ្លូវ​មាន​ទទឹង​១០​ម៉ែត្រ​ស្រាប់ ដូច្នេះ​ក៏​សំណូមពរ​សុំ​ម្ចាស់​ស្រែ​ក្នុង​ម្ខាង​១០​ម៉ែត្រ ហើយ​ជីក​ប្រឡាយ​បង្ហូរទឹក​អម​សងខាង​ផ្លូវ​ជូន​វិញ​។
​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ថា ករណីនេះ​អ្នក​ផលិត​អំបិល​ស្នើសុំ​កែប្រែ​ស្រែអំបិល ជា​ប្រភេទ​ដី​លំនៅស្ថាន​ជម្រៅ​ពី​១០០​ម៉ែត្រ​ទៅ​១៥០​ម៉ែត្រ​។ កិច្ចពិភាក្សា​នោះ ដើម្បី​រាយការណ៍​ជូន គណៈ​កម្ម ការសាងសង់​ផែ​ទេសចរណ៍​អន្តរជាតិ​ប៉ុណ្ណោះ គឺ​មិនទាន់មាន​ការសម្រេច​ណាមួយ​ទេ​។

​លោក​សុខ គឹម​ជឿន បាន​បន្តទៀតថា បើ​ប៉ាន់ប្រមាណ​តាម​ការ​សំណូមពរ​ទាំងនេះ នោះ​ផ្ទៃ​ស្រែអំបិល​ដែល​ត្រូវ​កែប្រែ​ជា​ប្រភេទ​ដី​លំនៅស្ថាន នឹងមាន​ទំហំ​ប្រហែល​ជាង​២០​ហិកតា​។ រីឯ​ការប្រកាស​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៧ នោះ លោក​ពុំបាន​ដឹ​ទេ​ព្រោះ​មិនបាន​ចូលរួម​។​

​លោក ចាន់ ចេស្តា អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍​នៅ​ថ្ងៃទី​២០ ខែកក្កដា ដដែល​នេះ​ថា ជុំវិញ​ករណី​សុំ​អន្តរាគមន៍​រក​ដំណោះស្រាយ​បញ្ហា​ដីស្រែ​អំបិល​នោះ គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​នា​សប្តាហ៍​ក្រោយ​។ គណៈកម្មការ​អភិវឌ្ឍ​ន៍​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​បានស្នើ​សុំឱ្យ​ម្ចាស់​ការដ្ឋាន​ផលិត​អំបិល​ចូលរួម​ក្នុងការ​ពង្រីក​ផ្លូវ​។ ជា​ថ្នូរ​នឹង​ការបរិច្ចាគ​ចំណែក​ដី​នោះ អ្នក​ផលិត​អំបិល​បានស្នើ​សុំ​កែប្រែ​ផ្ទៃ​ស្រែអំបិល​ទៅជា​ប្រភេទ​ដី​លំនៅស្ថាន​។ រឿងនេះ​សំខាន់​លើ​ការ​ប្រ​រ​ជុំ​ពិភាក្សា​របស់​គណៈកម្មាធិកា​រ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត និង​គណៈកម្មការ​អភិវឌ្ឍ​ន៍​ទេសចរណ៍​សមុទ្រ​។

​ជុំវិញ​បញ្ហា​ទំហំ​ដី​ដែល​ត្រូវ​កែប្រែ លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​កិច្ចការ​នេះ​ខាង​មន្ត្រី​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ទើប​អាច​ដឹង​តាមរយៈ​ការធ្វើ​ប្លង់​ពង្រាង​។​
​មិនអាច​សុំ​ការបញ្ជាក់​ពី​លោក យិន វុ​ឌ្ឍ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពត បានទេ ព្រោះ​ពេល​ទូរ​សព្ទ​ចូល​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ លោក​ខកខាន​មិនបាន​ទទួល​។​

​ម្ចាស់​ការដ្ឋាន​ផលិត​អំបិល​ម្នាក់​ក្នុងចំណោម​អ្នក​ផលិត​ដែល​អាច​ប៉ះពាល់​ចំណែក​ដី​ដោយសារ​ការ ពង្រីក​ផ្លូវ​នេះ​បាន​និយាយ​ថាបើ​មានការ​អនុញ្ញាតឱ្យ​កែប្រែ​ពី​ស្រែអំបិល​ទៅជា​ប្រភេទ​ដី​លំនៅស្ថាន​ពិតជា​ល្អ សម្រាប់​ពួកគាត់​។ ការធ្វើ​អំបិល​ពិបាក​គ្រប់យ៉ាង តាំងពី​រក​កម្លាំង​កម្ម​ករ​ជាដើម ឯក​អំបិល​តម្លៃថោក លក់​មិន ចេញ​។ អ្នក​ផលិត​ហាក់ដូចជា​ចាញ់​ប្រៀប​អ្នក​ចាំ​ទទួលផល​ទាំង​មិនចាំបាច់​បញ្ចេញ​ដើមទុន ឬ​កម្លាំង​ពល កម្ម​។ លើសពីនេះ​ទៀត អំបិល​នៅតែ អនុញ្ញាតឱ្យ​នាំចូល​មកពី​ក្រៅ​ដោយ​ពុំមាន​វិធានការ​ទប់ស្កាត់​សោះ​៕ ដោយ៖​ បូកគោ

កំពង់ផែ​ទេសចរណ​អន្តរជាតិ៍​ដែល​នឹង​កើតឡើង​ក្នុង​ទឹកដី​ខេត្តកំពត (​រូប​៖ បូកគោ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម