ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅរសៀលថ្ងៃទី២៧ ខែមេសា២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជននិងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២ បន្ទាប់ពីត្រូវបានផ្អាកដំណើរការ អស់រយៈពេល២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវត្តមាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានចូលរួមដោយផ្ទាល់និងពីចម្ងាយពីសំណាក់ថ្នាក់ ដឹកនាំក្រសួងនិងនាយកដ្ឋានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត បុគ្គលិកអប់រំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រសួងពាក់ព័ន្ធ វិស័យឯកជននិងដៃគូអភិវឌ្ឍនានាកាលពី ថ្ងៃទី ២៥ ខែមេសា ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

សន្និបាតបូកសរុបនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យអប់រំ យុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំ ការអនុវត្ត ការងារប្រចាំឆ្នាំធៀបនឹងទិសដៅដែលបានដាក់ចេញក្នុងសន្និបាតកន្លងមក ការអនុវត្តផែនការប្រតិបត្តិប្រចាំឆ្នាំ ។ សន្និ បាតបានផ្តល់កាលានុវត្តភាពសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ពិភាក្សាអំពីការបំពេញការងារកំណត់ពីបញ្ហាប្រឈមជាក់ លាក់សម្រាប់ឆ្នាំខាងមុខនិងឯកភាពលើសកម្មភាពចាំបាច់មួយចំនួន ។ លទ្ធផលសន្និបាតអប់រំនឹងផ្តល់ជាធាតុចូលដ៏មានសារសំខាន់សម្រាប់កែលម្អផែនការយុទ្ធសាស្រ្ត វិស័យអប់រំរៀបចំផែនការយុទ្ធសាស្ត្រថវិកា ផែនការវិនិយោគសាធារណៈផែនការប្រតិបត្តិប្រចាំឆ្នាំ ៕