ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ តុលាការមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធា កាលពីថ្ងៃពុធទី២៧មេសាបានសំរេចដាក់ទោសអតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី អោយជាប់គុកប្រាំឆ្នាំចំពោះការប្រព្រឹត្តអំពើពុករលួយ។
ស៊ូជី ដែលត្រូវបានទម្លាក់ចេញពីតំណែងនិងជាប់ឃុំចាប់ក្រោយរដ្ឋប្រហារយោធាកាលពីខែកុម្ភៈឆ្នាំមុន បានបដិសេធការចោទប្រកាន់ដែលថាលោកស្រីបានទទួលសំណូកជាមាសនិងប្រាក់រាប់សែនដុល្លារពីសហការីនយោបាយម្នាក់។
ទោសអតិបរមាចំពោះបទល្មើសដូច្នេះ ត្រូវជាប់គុក១៥ឆ្នាំនិងពិន័យប្រាក់។
អ្នកគាំទ្រលោកស្រី រួមទាំងអ្នកជំនាញការច្បាប់ឯករាជ្យបានថ្កោលទោសការកាត់ទោសនេះថា មិនត្រឹមត្រូវនិងត្រូវបានរៀបចំឡើងដើម្បីដកស្ត្រីវ័យ៧៦ឆ្នាំរូបនេះចេញពីនយោបាយ។តាមពិតស៊ូជី ត្រូវបានកាត់ទោសដាក់គុកប្រាំមួយឆ្នាំម្តងមកហើយចំពោះករណីចោទប្រកាន់ផ្សេង។
ព័ត៌មានអំពីការកាត់ទោសនេះចេញមកពីមន្ត្រីច្បាប់ម្នាក់ដែលសុំមិនបញ្ចេញអត្តសញ្ញាណដោយសារលោកមិនបានការអនុញ្ញាតអោយទម្លាយព័ត៌មានដូច្នេះ។សវនាការលើស៊ូជីត្រូវបានធ្វើឡើងនៅទីក្រុងណៃពីដោរដោយមិនអនុញ្ញាតអោយសាធារណជនឬអ្នកកាសែតចូលស្តាប់ទេ។
លោកស្រីត្រូវបានកាត់ទោសអោយជាប់គុក៦ឆ្នាំរួចជាស្រេចហើយចំពោះការចោទប្រកាន់ផ្សេង រួមមានការញុះញុង រំលោភច្បាប់កូវីដ១៩ និងនាំចូលវិទ្យុទាក់ទងខុសច្បាប់ ជាការចោទប្រកាន់ដែលពួកអ្នកសង្កេតការនិយាយថាត្រូវបានរៀបចំឡើងដើម្បីអោយអ្នកនយោបាយជើងចាស់រូបនេះចេញពីឆាកនយោបាយ៕
តាមពិតស៊ូជីរងការចោទប្រកាន់សរុប១០ករណី និងប្រឈមការជាប់គុក១៥០ឆ្នាំបើត្រូវកាត់ទោសគ្រប់ករណីដោយគ្មានការអត់ឳន