​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកទន្លេ​ទាំង​បួន នៅក្នុង​រដូវប្រាំង ឆ្នាំ​២០២២​នេះ នៅសល់​កម្ពស់ ខ្ពស់ជាង​បណ្តា​ឆ្នាំមុនៗ ជាពិសេស បឹង​ទន្លេសាប ទឹក​មាន​នៅសល់​កម្ពស់ ខ្ពស់ជាង​កម្ពស់ ទឹក​មធ្យម​ច្រើន​ឆ្នាំ មាន​អំណោយផល​ល្អ ដល់​ជីវៈចម្រុះ​នៅក្នុង​បឹង​នេះ ហើយ​ទឹកទន្លេ​ទាំង​បួន នៅក្នុង​រដូវវស្សា ឆ្នាំ​២០២២ ក៏​នឹង​ឆាប់​មាន​ចលនា​ជន់​ឡើង ជាង​ឆ្នាំ​ណាៗ​ទាំងអស់​ដែរ ដោយ សារ​ទឹក​ក្នុង​ទន្លេ និង បឹង​ព្រែក មានទឹក​ច្រើន​ស្រាប់ បើ​មាន​បាតុភូត​អ្វីមួយ​កើតឡើង នឹង​ធ្វើឱ្យ​ទឹកទន្លេ ហក់​ឡើង​ភ្លាម​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុ​និ​យ​និយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៧ ខែមេសា​ថាៈ ស្ថានភាព​ទឹកទន្លេ​ទាំង ៤ (​មេគង្គ​លើ មេគង្គ​ក្រោម ទន្លេបាសាក់ និង​ទន្លេសាប​) នៅក្នុង​រដូវប្រាំង ឆ្នាំ​២០២២​នេះ នៅសល់​កម្ពស់ ខ្ពស់ជាង​បណ្តា​ឆ្នាំមុនៗ ជាពិសេស នៅ​បឹង​ទន្លេសាប ទឹក​នៅសល់​ខ្ពស់ ជាង​កម្ពស់​ទឹក មធ្យម​ច្រើន​ឆ្នាំ មាន​អំណោយផល​ល្អ ដល់​ជីវៈចម្រុះ​នៅក្នុង​បឹង​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ ទឹកទន្លេ​ទាំង​បួន និង​ទឹក​បឹង​ទន្លេសាប ក៏ដូចជា បឹង​ព្រែក​នានា នៅមាន​សល់​ទឹក​ច្រើន ក្នុង​រដូវប្រាំង​នេះ ដោយ សារ​កាលពី​ចុងរដូវ​វស្សា ឆ្នាំ​២០២១ មាន​ភ្លៀង​ធ្លាក់​ច្រើន រហូតដល់​ក្នុង​ដូ​វ​ប្រាំង ឆ្នាំ​២០២២ ក៏​នៅតែមាន​ភ្លៀង​ធ្លាក់ ជា​បន្តបន្ទាប់ ដូចជា ក្នុង​រដូវវស្សា ធ្វើឱ្យ​ផ្ទៃដី​ជាទូទៅ ក្នុង​រដូវប្រាំង មាន​សំណើម និង​ដក់​ទឹក​តាម​វាលស្រែ​ជាប្រចាំ ហើយ​ពេល​មាន​ភ្លៀង មក​បន្ថែម ធ្វើ​ឱ្ប​បរិមាណ​ទឹក​ក្នុង​ទន្លេ និង​បឹង​កើនឡើង​ភ្លាម ឬ​អាចបំពេញ​ទឹក ដែល​បាន​ហូរ​ចេញ​នោះ ឱ្យ​ស្មើ ដើម​វិញ​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹងទៀតថាៈ ទឹកទន្លេ នៅក្នុង​រដូវវស្សា ឆ្នាំ​២០២២ នេះ អាច​ឆាប់​មាន​ចលនា ជន់​ឡើង​ជាង​បណ្តា​ឆ្នាំមុនៗ បើ​យោងទៅតាម​ស្ថានភាព​ទឹក ដែលមាន​នៅសល់​ស្រាប់ និង​បន្ថែម​ដោយ​ទឹកភ្លៀង ធ្លាក់​រាយប៉ាយ​ល្អ ច្រើន​បន្តបន្ទាប់ មកទៀត នៅ​ដើមរដូវ​វស្សា​នេះ​។​

​តាម​ការ​ព្យាករ តំបន់​អាង​ទន្លេមេគង្គ ឆ្នាំនេះ ក៏មាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​ដើមរដូវ​វស្សា​ដែរ និង​បើ​មាន​បាតុភូត អ្វីមួយ​កើតឡើង​បន្ថែម ធ្វើឱ្យ​ទឹកទន្លេ ងើបឡើង​ភ្លាម​។​
តាម​ការកត់ត្រា​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្ងៃទី​២៦ ខែមេសា បង្ហាញឱ្យឃើញថា ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​២៦ ខែមេសា មាន​កម្ពស់ ៣,០៩ ម៉ែត្រ ខ្ពស់ជាង ថ្ងៃទី​២៥ មេសា ០,០១ ម៉ែត្រ ខ្ពស់ជាង​ឆ្នាំ​២០២១ (២,៩៨) ប្រមាណ ០,៩០ ម៉ែត្រ ខ្ពស់ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ០,៤៨ ម៉ែត្រ​, នៅ​ខេត្តក្រចេះ មាន​កម្ពស់ ៨,០៤ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៥ មេសា ០,០៦ ម៉ែត្រ ខ្ពស់ជាង​ឆ្នាំ​២០២១ (៧,៨១) ប្រមាណ ០,២៣ ម៉ែត្រ ខ្ពស់ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ១,០៥ ម៉ែត្រ​, នៅ​កំពង់ចាម មាន​កម្ពស់ ៣,១២ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៥ មេសា ០,០៤ ម៉ែត្រ ខ្ពស់ជាង​ឆ្នាំ​២០២១ (២,៩៨) ប្រមាណ ០,០៤ ម៉ែត្រ ខ្ពស់ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ០,៣៤ ម៉ែត្រ​, នៅ​ទន្លេបាសាក់ ចតុមុខ មាន​កម្ពស់ ២,១៣ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៥ មេសា ០,១៤ ម៉ែត្រ ខ្ពស់ជាង​ឆ្នាំ​២០២១ (១,៩៦) ប្រមាណ ០,១៧ ម៉ែត្រ ខ្ពស់ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ០,១៥ ម៉ែត្រ​, នៅ​ទន្លេមេគង្គ អ្នក​លឿង មាន​កម្ពស់ ១,៥៨ ម៉ែត្រ ស្មើ​ជាង​ថ្ងៃទី​២៥ មេសា ខ្ពស់ជាង​ឆ្នាំ​២០២១ (១,៥២) ប្រមាណ ០,០៦ ម៉ែត្រ ខ្ពស់ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ០,២៤ ម៉ែត្រ​, នៅ​ទន្លេបាសាក់ កោះ​ខែល មាន​កម្ពស់ ២,០៥ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៥ មេសា ០,១៤ ម៉ែត្រ ខ្ពស់ជាង​ឆ្នាំ​២០២១ (១,៨២) ប្រមាណ ០,១៣ ម៉ែត្រ ខ្ពស់ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ០,០៧ ម៉ែត្រ​, ទន្លេសាប​ព្រែក​ក្តាម ទឹក​មាន​កម្ពស់ ១,១៤ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៥ មេសា ០,១៣ ម៉ែត្រ ខ្ពស់ជាង​ឆ្នាំ​២០២១ (០,៧៥) ប្រមាណ ០,៣៩ ម៉ែត្រ ខ្ពស់ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ០,០៨ ម៉ែត្រ និង​នៅ​បឹង​ទន្លេសាប កំពង់​លួង ទឹក​មាន​កម្ពស់ ០,៩៥ ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៥ មេសា ០,០៣ ម៉ែត្រ ខ្ពស់ជាង​ឆ្នាំ​២០២១(០,៦៩) ប្រមាណ ០,២៦ ម៉ែត្រ និង​ខ្ពស់ជាង​កម្ពស់​ទឹក​មធ្យម​ច្រើន​ឆ្នាំ ០,០៧ ម៉ែត្រ​៕/V​