ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុនផលិតដ្រូនខ្នាតយក្សរបស់ចិន DJI Technology Co បាននិយាយថាខ្លួននឹងផ្អាកអាជីវកម្មជាបណ្ដោះអាសន្ននៅក្នុងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនដើម្បីធានាថា ផលិតផលរបស់ខ្លួនមិនត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនចិនដ៏ធំដំបូងគេបញ្ឈប់ការលក់ទៅកាន់រុស្ស៊ីចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ។
ក្រុមហ៊ុនឯកជននេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ ទី២៦ មេសាថា “DJIកំពុងវាយតម្លៃផ្ទៃក្នុងឡើងវិញនូវតម្រូវការអនុលោមតាមច្បាប់នៅក្នុងយុត្តាធិការផ្សេងៗ។ ដោយរង់ចាំការត្រួតពិនិត្យបច្ចុប្បន្ន DJI នឹងផ្អាកសកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនជាបណ្តោះអាសន្ន”។
ទោះបីជាក្រុមហ៊ុនលោកខាងលិចបានដកខ្លួនចេញពីប្រទេសរុស្ស៊ីក្នុងការតវ៉ាក៏ដោយក៏ក្រុមហ៊ុនចិនជាច្រើននៅតែស្នាក់នៅទីនោះដោយប្រកាន់យកជំហររបស់ទីក្រុងប៉េកាំងក្នុងការបដិសេធរិះគន់ទីក្រុងមូស្គូជុំវិញការឈ្លានពាននេះ។
កាលពីថ្ងៃពុធ អ្នកនាំពាក្យរបស់ DJI បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ការផ្អាកអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីនិងអ៊ុយក្រែនគឺ “មិនមែនដើម្បីធ្វើសេចក្តីថ្លែងការណ៍អំពីប្រទេសណាមួយនោះទេ ប៉ុន្តែដើម្បីធ្វើសេចក្តីថ្លែងការណ៍អំពីគោលការណ៍របស់យើង”។
“DJI ស្អប់ខ្ពើមការប្រើប្រាស់ដ្រូនរបស់យើងដើម្បីបង្កគ្រោះថ្នាក់ ហើយយើងនឹងផ្អាកការលក់ជាបណ្តោះអាសន្ននៅក្នុងប្រទេសទាំងនេះដើម្បីជួយធានាថាគ្មាននរណាម្នាក់ប្រើប្រាស់ដ្រូនរបស់យើងក្នុងការប្រយុទ្ធ”។
មន្ត្រីនិងពលរដ្ឋអ៊ុយក្រែនបានចោទប្រកាន់ក្រុមហ៊ុន DJI ដែលជាក្រុមហ៊ុនផលិតដ្រូនប្រើប្រាស់និងដ្រូនឧស្សាហកម្មធំជាងគេលើពិភពលោក ថាបានទម្លាយទិន្នន័យស្តីពីយោធាអ៊ុយក្រែនទៅកាន់រុស្ស៊ី។
កាលពីខែមុន DJIបានច្រានចោលការចោទប្រកាន់ទាំងនោះថា “មិនពិតសុទ្ធសាធ”។ ក្រុមហ៊ុនលក់រាយមួយរបស់អាល្លឺម៉ង់បានទាញយកហេតុផលនេះដើម្បីដកចេញផលិតផល DJIចេញពីធ្នើរបស់ខ្លួន៕
មន្ត្រីនិងពលរដ្ឋអ៊ុយក្រែនបានចោទប្រកាន់ក្រុមហ៊ុន DJI ថាបានទម្លាយទិន្នន័យស្តីពីយោធាអ៊ុយក្រែនទៅកាន់រុស្ស៊ី