ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាប្រទេសអូស្រ្តាលីជាប្រទេសដែល បានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យនិងបានបោះបង់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុន គេ។សម្ដេចតេជោបានមានប្រសាសន៍ថាប្រទេសដែលទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យគឺជាប្រទេសដែលជួយជំរុញឲ្យកម្ពុជាទទួលបានឯករាជ្យ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងឱកាសបានអនុញ្ញាតឲ្យលោកឧត្តមសេនីយ៏ ឯក ចន មូរេ សេនដឺសុនអតីតមេបញ្ជាការយោធារបស់អ៊ុនតាក់នៅកម្ពុជា ក្នុងទសវត្សទី ៩០ ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី២៧ ខែ មេសាឆ្នាំ ២០២២ នេះ ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបបញ្ចប់ថា៖ នៅក្នុងជំនួបនោះដែរលោកឧត្តមសេនីយ៍ឯក ចន មូរេ សេនដឺសុន បានគោរពជម្រាបជូនសម្តេចតេជោថាលោកពិតជាមានសេចក្ដីរំភើបជាអនេកដែលបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាម្តងទៀតជាប្រទេសដែលមាន អនុស្សាវរីយ៍ជាច្រើននិងមិត្តភ័ក្រ្តយ៉ាងច្រើនស្របពេលជាមួយនឹងខួប៣0ឆ្នាំនៃប្រតិបត្តិការស្វែងរកសន្តិភាពនៅកម្ពុជានិងខួប ៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជានិង អូស្ត្រាលី ។

លោក ចន មូរេ សេនដឺសុន បានគោរពជម្រាបជូនសម្ដេចផងដែរថាកម្ពុជាមានការផ្លាស់ប្ដូរដ៏អស្ចារ្យជាពិសេសរាជធានីភ្នំពេញដែលមានការអភិវឌ្ឍដ៏ស្រស់បំព្រងស្របគ្នាជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជានៅទូទាំងប្រទេស។លោកមានប្រសាសន៍បន្ថែមថាជាមួយនឹងការចូលរួមចំ ណែកក្នុងកិច្ចការពិភពលោក,កិច្ចការតំបន់និងជាពិសេសប្រធានអាស៊ាន ទាំងនេះជាវឌ្ឍនភាពនិងជោគជ័យដ៏ធំធេងរបស់កម្ពុជា។

ជាការឆ្លើយតបសម្ដេចតេជោក៏បានថ្លែងអំណរគុណលោក ចន មូរេ សេនដឺសុន និង រដ្ឋាភិបាលអូស្ត្រាលីដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា។ សម្តេចបានសង្កត់ធ្ងន់ថាប្រទេសអូស្រ្តាលីបានទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យនិងបោះបង់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុនគេ។សម្ដេចតេជោបានមានប្រសាសន៍ថាប្រទេសដែលទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលបានឯករាជ្យជាប្រទេសដែលជួយកម្ពុជាឲ្យទទួលបានឯករាជ្យ។

ជាមួយគ្នានោះដែលសម្ដេចបានជម្រាបជូនលោក ចន មូរេ សេនដឺសុន អំពីចក្ខុវិស័យនិងយុទ្ធសាស្ត្រដែលនាំឲ្យកម្ពុជាទទួលបានសន្តិភាពពេញលេញរួមជាមួយយុទ្ធ សាស្ត្រគ្រប់គ្រងការរីករាយដែលជំងឺកូវីដ១៩,ហើយឆ្លៀតឱកាសនោះសម្តេចតេជោក៏បានថ្លែងអំណរគុណជូនដល់ប្រជាជនរដ្ឋាភិបាល អូស្ត្រាលីដរាបរៀងមកតែងតែផ្ដល់ ជំនួយដល់កម្ពុជារួមទាំងវ៉ាក់សាំងការពារកូវីត១៩ ផងដែរ ។

គួរបញ្ជាក់ថានៅពេលបញ្ចប់ជំនួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានរៀបអាហារថ្ងៃត្រង់ជូនដល់លោក ចន មូរេ សេនដឺសុន និង គណៈប្រតិភូនៅវិមាន សន្តិភាពដើម្បីសំដែងនូវសមាណចិត្តនៃការដឹងគុណចំពោះការលះបង់របស់លោក ចន មូរេ សេនដឺសុន ក្នុងបុព្ធហេតុស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិនៅកម្ពុជាក្នុង អំឡុងទសវត្សរិ៍៩០ ។

គួរបញ្ជាក់ជូនថាលោកឧត្តមសេនីយ៏ឯក ចន មូរេ សេនដឺសុន កើតនៅតំបន់ភាគខាងលិចប្រទេសអូស្ត្រាលីនៅឆ្នាំ១៩៤០និងបានបញ្ចប់ការសិក្សាជំនាញវិស្វកម្មសំណង់ ស៊ីវិលនិងបានបញ្ចប់ Fellowship Diploma នៅវិទ្យាស្ថានបច្ចេកវិទ្យា Royal Melbourne ។ លោកធ្លាប់ធ្វើជាសាស្ត្រាចារ្យនិងបានបំរើជានាយទាហានថែមត្រូវបានឡើង ឋានៈជាបន្តបន្ទាប់។ ក្នុងឆ្នាំ ១៩៩១ ឧត្តមសេនីយ៏ឯក ចន មូរេ សេនដឺសុន បានចូលរួមយ៉ាងសកម្មក្នុងដំណោះការសម្របសម្រួលរបស់អង្គការសហប្រជាជាតិដើម្បី ស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា ។ ក្នុងឆ្នាំ ១៩៩២ លោកត្រូវបានតែងតែងជាមេបញ្ជាការទទួលខុសត្រូវផ្នែកយោធាអន្តរជាតិនៃអាជ្ញាធរអន្តរកាលអង្គការសហប្រជា ជាតិនៅកម្ពុជាហៅកាត់ថា អ៊ុនតាក់ ដោយគ្រប់គ្រងទាហាន មួកខៀវប្រហែល ១,៦០០ នាក់និងបុគ្គលិកនៃផ្នែកផ្សេទៀត។

សូមជម្រាបដែរថាអតីតអគ្គមេបញ្ជាការអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជាឬហៅថាអ៊ុនតាក់(UNTAC) ឧត្តមសេនីយឯក ចន មូរេ សេនឌឺសុននិង លោកជំទាវ​ Lorraine Sanderson បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១០ ថ្ងៃចាប់ពីថ្ងៃទី ២៣ ខែមេសាដល់ថ្ងៃទី២ ខែឧសភាដើម្បីអបអរខួបទី៣០ ឆ្នាំនៃអ៊ុនតាក់និងក៏ជាផ្នែកមួយនៃការអបអរខួបទី៧០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងអូស្ត្រាលីនិងកម្ពុជា។

សេចក្តីប្រកាសព័ត៌មានស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឲ្យដឹងថាក្នុងដំណើរទស្សនកិច្ចនេះលោក សេនដឺសុន និង លោកជំទាវ នឹងចូលគាល់ព្រះករុណាព្រះបាទសម្តេច ព្រះបរម នាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុនៃព្រះ រាជាណាចក្រកម្ពុជាផងដែរ៕