ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប៉ូលិស​និង​មន្ត្រី​បាន​និយាយថា ជនសង្ស័យ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​សម្លាប់​គ្រូបង្រៀន​ជនជាតិ​ចិន​បី​នាក់​នៅ​ទីក្រុង​កា​រ៉ា​ជី​កាលពី​ថ្ងៃ​អង្គារ ទី​២៦ មេសា ដោយ​នាំ​ឱ្យ​មាន​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​ទីក្រុង​ប៉េកាំង​នៅក្នុង​ការវាយប្រហារ​ដ៏​ធំ​លើក​ទី​មួយ​នៅ​ឆ្នាំ​នេះ​ប្រឆាំងនឹង​ពលរដ្ឋ​របស់​សម្ពន្ធមិត្ត​ចាស់វស្សា​ចិន ដែល​ធ្វើការ​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។​

​ប៉ូលិស​និង​ក្រុមមន្ត្រី​បាន​និយាយថា អ្នក​ទាំង​បី​ស្ថិតក្នុង​ចំណោម​អ្នកដំណើរ​នៅ​លើ​ឡានក្រុង​ដែល​ត្រឡប់​ទៅ​សាកលវិទ្យាល័យ​កា​រ៉ា​ជី​វិញ​បន្ទាប់​ពី​សម្រាក​អាហារ​ថ្ងៃត្រង់​នៅពេល​ដែល​គ្រាប់បែក​បាន​ផ្ទុះ​នៅ​​ច្រកចូល​វិទ្យាស្ថាន​ខុង​ជឺ​របស់​សាកលវិទ្យាល័យ ដោយ​បាន​សម្លាប់​គ្រូបង្រៀន​ជនជាតិ​ចិន​បីនាក់​និង​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់​។​

​ក្រុម​បំបែក​ខ្លួន​ឈ្មោះ កងទ័ព​រំដោះ​បា​ឡុច (Baloch)​ឬ BLA ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​បា​ឡូឈី​ស្ថាន (Balochistan) ភាគ​និរតី​ជាប់​ព្រំដែន​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាននិង​អ៊ីរ៉ង់​បាន​អះអាង​​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​នេះ ដោយ​បន្ថែម​ក្នុង​អ៊ីមែល​ទៅ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា ការវាយប្រហារ​នេះ​ធ្វើឡើង​ដោយ​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ជា​ស្ត្រីភេទ​។​

​ក្រុម BLA បាន​ចែករំលែក​ក្នុង​អ៊ីមែល​នូវ​រូបថត​ស្ត្រី​នោះ​ពាក់អាវ​វែង​អង្គុយ​ជាមួយ​កូន​ពីរ​នាក់​។ រូបថត​នេះ​មិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​ដោយ​ប៉ូលិស ឬ​មន្ត្រី​ផ្សេងទៀត​បាន​ទេ​។​

​មេ​ប៉ូលិស​ក្រុង​កា​រ៉ា​ជី​លោក ហ្គូ​ឡាម ណា​ប៊ី មេ​ម៉ុន (Ghulam Nabi Memon)​បាន​និយាយថា “​របាយការណ៍​ដែល​យើង​ទទួលបាន​និយាយថា​ពួកគេ​ជា​ជនជាតិ​ចិន​”​។ លោក​បាន​បន្ថែម​ថា​ពួកគេ​ជា​គ្រូ​​បង្រៀន​នៅ​វិទ្យាស្ថាន​ខុង​ជឺ ដែល​ជា​មជ្ឈមណ្ឌល​ភាសា​និង​វប្បធម៌​ចិន​។​

​លោក​បាន​ប្រាប់​ទូរទស្សន៍ Geo News TV ថា “​ព័ត៌មាន​ដែល​យើង​ទទួលបាន​គឺថា ស្ត្រី​បំផ្ទុះ​គ្រាប់បែក​រូប​នោះ​ប្រហែលជា​និស្សិត​នៅ​សាកលវិទ្យាល័យ​នេះ​”​។​

​អ្នកយាម​ម្នាក់​និង​ជនជាតិ​ចិន​ម្នាក់​ទៀត​បាន​រងរបួស​នៅក្នុង​ឡានក្រុង​ផងដែរ​។​

​ក្រសួងការបរទេស​ចិន​បាន​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការវាយប្រហារ​នេះ និង “​ទាមទារ​” ប៉ា​គី​ស្ថាន​ដាក់ទណ្ឌកម្ម​ជនល្មើស ការពារ​ពលរដ្ឋ​ចិន​និង​ការពារ​កុំឱ្យ​ឧបទ្ទវហេតុ​បែប​នេះ​កើតឡើង​​ម្តងទៀត​។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ឈាម​របស់​ប្រជាជន​ចិន​មិនគួរ​ត្រូវបាន​បង្ហូរ​ដោយ​ឥត​ប្រយោជន៍​ទេ ហើយ​អ្នក​ដែល​នៅ​ពីក្រោយ​ឧបទ្ទវហេតុ​នេះ​ប្រាកដជា​នឹង​ត្រូវ​បង់​នូវ​តម្លៃ​ជាមិនខាន​”៕

ប៉ូលិស​ប៉ា​គី​ស្ថាន​ត្រួតពិនិត្យ​កន្លែងកើតហេតុ​ផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​កា​រ៉ា​ជី កាលពី​ថ្ងៃទី​២៦​មេសា ឆ្នាំ​២០២២

​ចិន​ទាមទារ​អោយ​មាន​ការស៊ើបអង្កេត​ទូទៅ​ចំពោះ​ការផ្ទុះ​សម្លាប់​ជនជាតិ​ចិន​បី​នាក់​នៅ​ប៉ា​គី​ស្ថាន​