ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ ៖ អនុវត្តតាម អនុសាសន៍​របស់ សម្តេច​តេ​ជោ នាយក រដ្ឋមន្ត្រី និង​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់ លោក ឃួ​ង ស្រេង អភិបាល រាជធានី ភ្នំពេញ​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ និង​ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី ក្រសួងការពារជាតិ​បាន កំពុង សម្រុក បើក យុទ្ធនាការ ចុះ​ចាក់​វ៉ាក់សាំង កូ​វីដ តាម​ទីផ្សារ ទីប្រជុំជន​ប្លុក​ផ្ទះជួល​របស់​កម្មករ និង​ទីតាំង ចល័ត នានា ក្នុង រាជធានី ភ្នំពេញ ដោយ​អនុវត្ត ពីថ្ងៃ​ទី ២៥ ខែមេសា តទៅ ។

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា​នេះ​នៅ​ទីតាំង​ផ្សារ​ទួល​ទំ​ពួ​ង ក៏​មិន​ខុសពី ទីតាំង​ផ្សេងទៀត​ដែរ គឺ​បាន​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​អាជីវក​និង ប្រជា​ពល រដ្ឋ​យ៉ាង​មមាញឹក​។​

​លោក ចំរើន សុខ​លីម ប្រធាន​ផ្សារ​ទួល​ទំពូង​បាន​ប្រាប់​អោយដឹងថា ដោយមាន ការយកចិត្តទុកដាក់​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានរៀបចំ អោយមាន​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅតាម​ផ្សារ​មួយចំនួន​ក្នុង​រាជធានី ភ្នំពេញ ដើម្បី​ជួយ​សំរួល​និង​អាច​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ និង​អាជីវក​ដែល​រវល់​ក្នុងការ ប្រកប​អាជីវកម្ម​អាច​ឆ្លៀតពេល​បាន​ចាក់​វ៉ាក់សាំង បាន​គ្រប់គ្នា ។

​លោក​ប្រធាន​ផ្សារ​ទួល​ទំពូង​ក៏បាន​អោយដឹង​ដែរ​ថា ការចាក់​វ៉ាក់សាំង​នៅ ពេលនេះ គឺមាន​ទាំង​អ្នក​ដែល​មិនទាន់បាន​ចាក់​សោះ ដូ​ស​ជំរុញ លើក​ទី​៣ និង​លើក​ទី​៤ ។ ការចាក់​វ៉ាក់សាំង​ដែល​ធ្វើឡើង​ដោយ​ក្រុមគ្រូពេទ្យ ស្ម​គ្រ​ចិត្ត សម្តេច​ពិជ័យ​សេនា​ទៀ បាញ់​មាន​រយៈពេល​៧​ថ្ងៃ​ដែល​ចាប់ផ្តើម​ចាក់ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា​នេះ​តទៅ ជាមួយគ្នា​នោះ​លោក​ចំរើន សុខ​លីម ក៏បាន​អំពាវនាវ​អោយ អាជីវក​និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្សារ​មក​ធ្វើការ ចាក់​វ៉ាក់សាំង​អោយបាន​គ្រប់គ្នា​ផងដែរ​។
បើតាម​មន្ត្រីរដ្ឋបាល​ខណ្ឌចំការមន​បានអោយដឹងថា​ទីតាំង​សំរាប់​ចាក់​វ៉ាក់សាំង​ក្រៅពី​ផ្សារ​ទួល​ទំពូង​នៅមាន​ផ្សារ​បឹងត្របែក​ផ្លា​ស្សា​ក៏បាន​បង្កើត​ទីតាំង​ចាក់​វ៉ាក់សាំង​ជូន​អាជីវក​និង​ប្រជាពលរដ្ឋ​ផងដែរ រីឯ​នៅក្នុង​សង្កាត់​ទន្លេបាសាក់​ក្រុម គ្រូពេទ្យ​ធ្វើការ​ចុះ​ចាក់​នៅតាម​ផ្ទះ​ជូន ប្រជាពលរដ្ឋ​តែម្តង​។​

​លោក សាន់ ប៊ុន​ណា បានអោយដឹងថា ផ្សារ​បន្លែ​ច្បារអំពៅ ប្រជាពលរដ្ឋ ក៏​ដូច​អាជីវករ និង​អតិថិជន មក​ទទួល​ការចាក់​វ៉ាក់សាំង រយៈពេល ២​ថ្ងៃ​មកនេះ មាន​២២៥​នាក់ ។ ដោយឡែក​ចំពោះ​ផ្សារ​ច្បារអំពៅ លោក គួច ចំណាន បានអោយដឹង​ដែ​ត​ថា ប្រជាពលរដ្ឋ ក៏​ដូច​អាជីវករ និង​អតិថិជន មក​ទទួល​ការ ចាក់​វ៉ាក់សាំង រយៈពេល ២​ថ្ងៃ​មកនេះ បាន​ប្រមាណ​ជាង​២០០​នាក់​ផងដែរ ។​

​គួរ​បញ្ជាក់ថា​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ បាន​ជូន ដំណឹង ពី​ការបញ្ជូន​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ចំនួន​១.៦០០​នាក់ ដើម្បី​បង្កើន ល្បឿន​ចាក់​ដូ​ស​ជំរុញ ជូន​ពលរដ្ឋ កម្មករ សិស្ស​និស្សិត អ្នកលក់ដូរ នៅតាម បណ្តា​រាជធានី​-​ខេត្ត ដើម្បី​បង្កើនល្បឿន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​យុទ្ធនាការ ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ (​ទាំង​ដូ​ស​ទី​៣ និង ដូ​ស​ទី​៤) ជូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី តាម​រោងចក្រ ក្រៅ​ប្រព័ន្ធ សិស្ស និស្សិត អ្នកលក់ដូរ​តាម​ទីផ្សារ នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​៕​/PC