ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រទេសចិនគ្រោងនឹងបង្កើតប្រព័ន្ធសម្រាប់តាមដានអាចម៍ផ្កាយដែលបង្កការគំរាមកំហែងដល់ផែនដីដោយបង្ហាញពីមហិច្ឆតាកំពុងកើនឡើងរបស់ប្រទេសនេះសម្រាប់កម្មវិធីអវកាសរបស់ខ្លួន។
លោក វូ យ៉ានហួ (Wu Yanhua) នាយករងរដ្ឋបាលអវកាសចិន បានប្រាប់ទូរទស្សន៍មួយថា ប្រទេសចិនក៏នឹងរិះរកមធ្យោបាយដើម្បីកម្ចាត់អាចម៍ផ្កាយដែលបង្កគ្រោះថ្នាក់ដល់ភពផែនដីផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ។
លោកវូបានបន្ថែមថា ដើម្បីសាកល្បងប្រព័ន្ធនេះ ចិនមានបំណងបញ្ជូនយានអវកាសឆ្ពោះទៅរកអាចម៍ផ្កាយនៅឆ្នាំ ២០២៥ ឬ ២០២៦ ដើម្បីសិក្សាវា ហើយបន្ទាប់មកបង្វែរទិសដៅរបស់វា ដោយមិនផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលប្រព័ន្ធនេះនឹងដំណើរការនោះទេ។
ប្រទេសអាស៊ីនេះបានជំរុញទៅមុខជាមួយនឹងផែនការជាច្រើនសម្រាប់កម្មវិធីអវកាសរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ កាលពីខែមករា លោកវូបាននិយាយថាទីក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ីដើម្បីសាងសង់មូលដ្ឋាននៅលើឋានព្រះចន្ទ ហើយកាលពីឆ្នាំមុនយានបេសកកម្មឋានព្រះចន្ទរបស់ចិនបានវិលត្រឡប់មកផែនដីវិញជាមួយនឹងសំណាកព្រះចន្ទ។
សេចក្តីប្រាថ្នារបស់ចិនសម្រាប់កម្មវិធីអវកាសរបស់ខ្លួនបានបង្កើនភាពតានតឹងជាមួយសហរដ្ឋអាម៉េរិក។ ភាគីទាំងពីរបានឈ្លោះប្រកែកគ្នាជុំវិញផ្កាយរណប SpaceXដែលទីក្រុងប៉េកាំងនិយាយថាចូលមកជិតស្ថានីយអវកាសរបស់ខ្លួនយ៉ាងគ្រោះថ្នាក់ ហើយកាលពីដើមខែនេះ មន្ទីរបញ្ចកោណបាននិយាយថា ចិននិងរុស្ស៊ីបន្តដាក់ពង្រាយអាវុធដែលអាចវាយប្រហារផ្កាយរណបរបស់អាម៉េរិក។
រដ្ឋបាលអាកាសចរណ៍និងអវកាសជាតិ (ណាសា) តែងតែឃ្លាំមើលលំហសម្រាប់អាចម៍ផ្កាយដែលអាចនឹងបុកជាមួយផែនដី។ ប្រព័ន្ធប្រកាសអាសន្នចុងក្រោយនៃផលប៉ះពាល់អាចម៍ផ្កាយ ដែលប្រើតេឡេស្កូបនៅរដ្ឋហាវ៉ៃ ឈីលី និងអាហ្វ្រិកខាងត្បូង ត្រូវបានធ្វើឱ្យប្រសើរឡើងកាលពីដើមឆ្នាំនេះ ដូច្នេះវាតែងស្កែនផ្ទៃមេឃរៀងរាល់ ២៤ ម៉ោងម្តង៕
ចិនមានបំណងបញ្ជូនយានអវកាសឆ្ពោះទៅរកអាចម៍ផ្កាយនៅឆ្នាំ ២០២៥ ឬ ២០២៦